អង្គការ AHF កម្ពុជា នឹងប្រារព្ធទិវាអនាម័យនារីពេលមានរដូវ រយៈពេល៤ថ្ងៃ នៅចុងខែឧសភានេះ

743

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងរៀបចំព្រឹត្តិការណ៍ទិវាអនាម័យពេលនារីមានរដូវរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «តម្រូវការចាំបាច់ មិនមែនជាភាពប្រណីត » ជាមួយនឹងការចាប់ផ្តើមយុទ្ធនាការចែកសំឡីអនាម័យចំនួន ៥លានបន្ទះដល់ក្មេងស្រី និងស្ត្រីដែលត្រូវការសម្រាប់ថែរក្សាសុខភាព និងបានចូលសាលារៀន។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ជាអង្គការអេដស៍ធំជាងគេលើពិភពលោក សូមអញ្ជើញឲ្យមានការចូលរួមទិវាអនាម័យនារីពេលមានរដូវ ខណៈពេលដែលក្មេងស្រី ស្ត្រី បុរសបម្លែងភេទ និងប្រជាជនដទៃទៀតដែលស្ថិតក្នុងវ័យបន្តពូជដែលកំពុងមានរដូវជារៀងរាល់ខែ រហូតទៅដល់ ១.៨ ពាន់លាននាក់ ដែលមិនត្រូវបានគេយកចិត្តទុកដាក់ ពីការគ្រប់គ្រងការមករដូវប្រចាំខែរបស់ពួកគេឱ្យត្រឹមត្រូវនោះទេ។

ទិវាអនាម័យនារីនៅពេលមានរដូវ ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក នៅថ្ងៃទី២៨ ខែឧសភាហើយ ត្រូវបានបង្កើតឡើង ជាលើកដំបូង ដោយអ្នកតស៊ូមតិ ក្នុងឆ្នាំ២០១៤ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំ គ្រប់គ្រងអនាម័យពេលមានរដូវ ផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី ឱ្យចូលរួមពេញលេញនៅក្នុងសង្គម និង រស់នៅប្រកបដោយសុខភាពល្អដែលកំណត់ដោយពួកគេផ្ទាល់។ ក្រុមការងាររបស់ AHF នៅជុំវិញពិភពលោកមានសេចក្តីរំភើបក្នុងការនាំមកជូននៅព្រឹត្តិការណ៍នេះ។

លោកស្រីវេជ្ជ បណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា AHF បានឱ្យដឹងថា បញ្ហាអនាម័យពេលមានរដូវធ្វើឱ្យសុខភាពក្មេងស្រីមានការខ្វះខាត បណ្តាលមកពីកង្វះការអប់រំបញ្ហាដែលមិនបានគិតគូរ មាក់ងាយ និងមិនបានទទួលបានសំឡីអនាម័យបានគ្រប់គ្រាន់។ ការបំបែកភាពស្ងៀមស្ងាត់ ការបង្កើនការយល់ដឹង និងការផ្លាស់ប្តូរបទដ្ឋានសង្គមអវិជ្ជមាន គឺមានសារៈសំខាន់ណាស់នាពេលបច្ចុប្បន្ន។

AHFចាប់ផ្តើមយុទ្ធនាការនេះដើម្បីចែកចាយសំឡីអនាម័យចំនួន៥លាន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការមាក់ងាយ ដែលនៅតែមានសព្វថ្ងៃនេះ ហើយដោយសារ តែក្មេងស្រី និងស្ត្រីជាច្រើនមិនអាចមានលទ្ធភាពទិញ ឬមិនមានលទ្ធភាពទទួលបានផលិតផលអនាម័យពេលមានរដូវ។ សំឡីអនាម័យនេះ មានសារៈសំខាន់ណាស់សម្រាប់ការអប់រំរបស់ក្មេងស្រី ពួកគេចំនួន២០% ឬច្រើនជាងនេះខកខានមិនបានមកសិក្សា ក្នុងមួយឆ្នាំៗ ដោយសារតែការមករដូវរបស់ពួកគេ គម្លាតកាន់តែធំនៃការអប់រំមិនស្មើភាពគ្នារវាងក្មេងស្រី និងបុរស។

លោកស្រី Loretta Wong អនុប្រធានទទួលបន្ទុកផ្នែកតស៊ូមតិសកល AHF បានឱ្យដឹងដែរថា «ខ្ញុំធំឡើងនៅក្នុងវប្បធម៌មួយក្នុងរយៈពេលដែលមិនបានយកទុកដាក់ និងត្រូវបានគេមើលឃើញថា ក្មេងស្រី និងស្ត្រីមិនស្អាត។ ខ្ញុំត្រូវបានគេសើចចំអក ប្រសិនបើខ្ញុំមិនអាចចូលរួមក្នុងថ្នាក់ហែលទឹករបស់សាលាដោយសារតែខ្ញុំមករដូវ »។

អង្គការ AHF កម្ពុជា នឹងប្រារព្ធទិវាអនាម័យនារីពេលមានរដូវ រយៈពេល៤ថ្ងៃ នៅចុងខែឧសភានេះ

លោកស្រី Dr. Penninah Iutung នាយកប្រចាំតំបន់អាហ្រ្វិក AHF បានឱ្យដឹងដែរថា ការចែកចាយសំឡីអនាម័យជាង ៥លានដល់ក្មេងស្រី និងស្ត្រី ដែលមានវ័យជំទង់ មានសារៈសំខាន់សម្រាប់ហេតុផលជាច្រើន។ យើងកំពុងជួយអ្នកដែលយើងអាចជួយបាន ហើយក៏បង្កើនសំលេងនិងគាំទ្រជាមួយក្មេងស្រី និងស្ត្រីប្រមាណ ៥០០លាននាក់ ដែលមិនមានលទ្ធភាពទទួលបានកន្លែងគ្រប់គ្រងអនាម័យពេលមានរដូវបានសមស្រប ។

ការទទួលបាននូវសំឡីអនាម័យគួរតែត្រូវបានចាត់ទុកថាជាតម្រូវការចាំបាច់ មិនមែនជាភាពប្រណីតនោះទេ ដោយសារតែកង្វះលទ្ធភាពទទួលបានតម្រូវការសុខភាព និងអនាម័យមិនបានគ្រប់គ្រាន់នាំឱ្យមានការមាក់ងាយ ការយាយី និងការមិនរាប់បញ្ចូលក្នុងសង្គមជាពិសេសសម្រាប់ក្មេងស្រីវ័យជំទង់និងស្ត្រីវ័យក្មេង។ យើងត្រូវតែបំបែក របាំងបុរាណដែលរារាំងសិទ្ធិស្មើភាពគ្នានេះ ។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការថែទាំបែបវេជ្ជសាស្ត្រ និង សេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕

480×240 Banner