ថ្ងៃតំបូងនៃយុទ្ធនាការ «អនាម័យនារីពេលមានរដូវ» អង្គការ AHF បានចែកសំឡីអនាម័យជាច្រើន ជាតម្រូវការចាំបាច់សម្រាប់ក្មេងស្រី

611

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ បានចាប់ផ្តើមយុទ្ធនា «ទិវាអនាម័យនារីពេលមានរដូវ» ដោយបានចែកសំឡីអនាម័យជាច្រើនដែលជាតម្រូវការរបស់ក្មេងស្រី។ ទិវានេះធ្វើឡើងក្រោមប្រធានបទ «តម្រូវការចាំបាច់ មិនមែនជាភាពប្រណីត» នៅសាលាសង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីកេ្មងស្រីចំនួន១៥០នាក់ រួមទាំងអ្នកគ្រូ អាជ្ញាធរដែនដី ឃុំសង្កាត់ក្នុងការអបអរសាទរ និងប្រារព្ធទិវា ដែលមាន សារៈសំខាន់នេះ។

អនាម័យនារីពេលមានរដូវ មានគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ ពីការគ្រប់គ្រងអនាម័យពេលមានរដូវ ដែលអាចឲ្យក្មេងស្រី និងស្រ្តី គ្មានផលវិបាក ក្នុងការធ្វើការបំលាស់ទី មានសេរីភាព និងកំណត់ជំរើសរបស់នារីវ័យក្មេង និងក្មេងស្រីគ្រប់ទីកន្លែង ដែលអាចឲ្យពួកគាត់ចូលរួមសកម្មភាពសង្គម ការសិក្សា និងការចូល រួមផ្សេងៗក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានឱ្យដឹងថា ការជួយសម្របសម្រួល និងការលើកទឹកចិត្ត និងផ្តល់ការអប់រំចំណេះដឹងដល់ក្មេងស្រី ពីការគ្រប់គ្រងអនាម័យ នៅពេលមានរដូវ និងពិសេសនៅលើកដំបូងនៃជីវិតមានសារសំខាន់ណាស់ ដែលអាចឲ្យពួកគាត់ មានសុខភាពល្អដែលអាចឲ្យដំណើរជីវិតក្លាយទៅជាមាតាដែលមានសុខភាពល្អក្នុងការថែរក្សាកូនៗ និងក្រុមគ្រួសារ និងប្រទេសជាតិបានរុងរឿង។
លោកវេជ្ជបណ្ឌិត បានកោតសរសើរនឹងគំនិតផ្តួចផ្តើមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នេះដែលឲ្យយើងទាំងអស់គ្នាគិតពីបញ្ហាទាំងអស់នេះ ដែលត្រូវបានមើល រំលងកន្លងមក។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី AHF មានប្រសាសន៍ថា ក្មេងស្រី និងស្ត្រី ដែលមានវ័យជំទង់មានសារៈសំខាន់សម្រាប់ហេតុផលជាច្រើន ក្នុងគ្រប់គ្រងអនាម័យនៅពេលមានរដូវ ជាពិសេសជាតម្រូវការចាំបាច់សំឡីអនាម័យ។ យើងកំពុងជួយអ្នកដែលយើងអាចជួយបាន ហើយយើងក៏បង្កើនសំលេង និង គាំទ្រជាមួយក្មេងស្រី និងស្ត្រីប្រមាណ ៥០០លាននាក់ ដែលមិនមានលទ្ធភាពទទួលបានកន្លែងគ្រប់គ្រងអនាម័យពេលមានរដូវបានសមស្រប។

យើងត្រូវរួមគ្នា និងអំពាវនាវដល់អ្នកតាក់តែងច្បាប់គ្រប់ជាន់ថ្នាក់ត្រូវតែចាត់ទុកបញ្ហាក្មេងស្រ្តី និងស្រ្តីនេះជាអាទិភាព ដើម្បីផ្តល់ការយល់ដឹង និងផ្តល់នូវសេវាកម្មចាំបាច់ និងហេដ្ឋារចនាសម្ព័ន្ធអនាម័យដែលជាតម្រូវការក្មេងស្រី និងស្ត្រីត្រូវការឱ្យបានប្រសើរ។

ថ្ងៃតំបូងនៃយុទ្ធនាការ «អនាម័យនារីពេលមានរដូវ» អង្គការ AHF បានចែកសំឡីអនាម័យជាច្រើន ជាតម្រូវការចាំបាច់សម្រាប់ក្មេងស្រី

លោកចៅសង្កាត់ពងទឹក បានឱ្យដឹងដែរថា បញ្ហាអនាម័យពេលមានរដូវធ្វើឱ្យសុខភាពក្មេងស្រី មានការខ្វះខាត បណ្តាលមកពីកង្វះការអប់រំ បញ្ហាដែលមិនបានគិតគូរ ពីអាណាព្យាបាល ឪពុកម្តាយ សហគមន៍ ប្រឹងជំនះភាពស្ងៀមស្ងាត់ និងផ្តល់ឱកាសដល់ក្មេងស្រីទទួល ចំណេះដឹង ការយល់ដឹងពីសុខភាព និងការផ្លាស់ប្តូរឥរិយាបទ យល់ពីថែទាំសុខភាពក្មេងស្រីដើម្បីសង្គមយើងអស់គ្នា។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការថែទាំបែបវេជ្ជសាស្ត្រ និងសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕

480×240 Banner