ប្រធានគ្រប់គ្រងកម្មវិធីអង្គការ AHF៖ «ការមករដូវរបស់មនុស្សស្រី នៅតែមិនត្រូវបានគេយកចិត្តទុកដាក់ នៅតាមតំបន់ជាច្រើនលើពិភពលោក»

546

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវីធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា(AHF) បានឲ្យដឹងថា នៅតាមតំបន់ជាច្រើន នៃពិភពលោក ការមករដូវរបស់មនុស្សស្រី នៅតែត្រូវបានគេមិនបានយកចិត្តទុកដាក់ បូករួមទាំងក្មេងស្រី ១.៨ពាន់លាននាក់ទូទាំងពិភពលោក ស្ត្រី និងមនុស្ស ដែលស្ថិត ក្នុងវ័យបន្តពូជកំពុងមករដូវ។

ប្រធានគ្រប់គ្រងកម្មវិធីអង្គការ AHF៖ «ការមករដូវរបស់មនុស្សស្រី នៅតែមិនត្រូវបានគេយកចិត្តទុកដាក់ នៅតាមតំបន់ជាច្រើនលើពិភពលោក»

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានឲ្យដឹងទៀតថា យើងត្រូវជួយបញ្ចប់ការមាក់ងាយមកលើស្ត្រីពេលមានរដូវ ដោយលើកកម្ពស់ការយល់ដឹង និងការអប់រំដើម្បីជួយប្រយុទ្ធនឹងភាពក្រីក្រនៅទូទាំងពិភពលោក។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានលើកឡើងដូចនេះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅក្នុងយុទ្ធនាការប្រារព្ធទិវាអនាម័យនារីពេលមានរដូវ ដោយចែក សំឡីអនាម័យ ដែលជាតម្រូវការរបស់ក្មេងស្រីក្រោមប្រធានបទ «តម្រូវការចាំបាច់ មិនមែនជាភាពប្រណីត» នៅតាមទីតាំងផ្តល់សេវាដោយឳសថប្រឆាំងមេរោគអេដស៍ ដោយមានការចូលរួមពីកេ្មងស្រី និងស្រ្តី អ្នកផ្តល់សេវា ថ្នាក់ដឹកនាំ រួមទាំងក្រុមការងារបានផ្តួចផ្តើម និងដឹកនាំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត មូល សុវណ្ណារី អនុប្រធានគ្លីនីកផ្តល់ឱសថប្រឆាំងមេរោគអេដស៍មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឱ្យដឹងដែរថា ការគ្រប់គ្រងអនាម័យពេលមានរដូវមិនល្អ អាចបណ្តាលមកពីកង្វះការយល់ដឹងជាពិសេសចំពោះក្មេងស្រីដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ការប្រកាន់ខ្ជាប់នូវវប្បធម៌និងការមិនបានយកចិត្តទុកដាក់ ជាឧបសគ្គធ្វើឱ្យស្រ្តីមិនទទួលបាននូវផលិតផល ពេលមានរដូវបាន គ្រប់គ្រាន់។ ឧបសគ្គទាំងនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសុខភាពរាងកាយដែលធ្វើឲ្យមនុស្សរាប់លាននាក់ ត្រូវប្រឈមមុខនឹងឧបសគ្គរារាំង មិនឲ្យមានការរីកចំរើន តាមសក្តានុពល របស់ពួកគេផងដែរ។

សូមបញ្ជាក់ថា ទិវាអនាម័យនារីនៅពេលមានរដូវ ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក នៅថ្ងៃទី២៨ ខែឧសភា ហើយត្រូវបានបង្កើតឡើងជាលើកដំបូង ដោយអ្នកតស៊ូ មតិក្នុងឆ្នាំ២០១៤ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំគ្រប់គ្រងអនាម័យពេលមានរដូវ ផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីឱ្យចូលរួមពេញលេញនៅក្នុងសង្គម និងរស់នៅប្រកបដោយសុខភាពល្អដែលកំណត់ដោយពួកគេផ្ទាល់។ ក្រុមការងាររបស់ AHF នៅជុំវិញពិភពលោកពិតជាទទួលសេចក្តីរំភើបក្នុងការរៀបចំព្រឹត្តិការណ៍នេះ ក្រោមប្រធាទបទ «តម្រូវការចាំបាច់ មិនមែនជាភាពប្រណីត! »ក្នុងឆ្នាំ ២០២១៕

480×240 Banner