តើគេដាក់ឈ្មោះឲ្យព្យុះនានាដោយរបៀបណា? (ព្យុះទីហ្វុងដំរី និងកង្រីជាដើម) (មានវីដេអូ)
(បរទេស)៖ ទីបំផុតចម្ងល់ដែលបងប្អូនតែងសាកសួរនោះ នឹងត្រូវបកស្រាយនៅពេលនេះហើយ ពាក់ព័ន្ធនឹងការកំណត់ប្រភេទព្យុះដូចជា ហឺរីខិន, ទីហ្វុង, ស៊ីក្លូន និងត្រូពិកជាដើម។ តើហេតុអ្វីប្រភេទព្យុះត្រូវបានបែកចែកបែបនេះ? តើគេដាក់ឈ្មោះឲ្យព្យុះហឺរីខិន ទៅតាមពេលនិមួយៗដូចជាព្យុះ ហឺរីខិន Humberto ឬ Erin និងព្យុះទីហ្វុង Ragasa ឬពេលខ្លះយើងឈ្មោះបែបខ្មែរយើងទៀតដូចជាព្យុះ «បុប្ផា» ជាដើម ដោយរបៀបណា?
- របៀបនៃការកំណត់ប្រភេទ ឬជំពូកនៃព្យុះ
តាមពិតទៅព្យុះ ហឺរីខិន (Hurricane), ទីហ្វុង (Typhoon), និងស៊ីក្លូន (Cyclone) មិនមានអ្វីដែលខុសប្លែកពីគ្នានោះទេ ដោយពួកវាសុទ្ធតែស្ថិតនៅក្នុងជំពូកព្យុះកំណាច គ្រាន់តែពួកវាកកើតឡើងនៅតំបន់ខុសៗគ្នា នៃមហាសមុទ្រនានារបស់ភពផែនដី ទើបមានឈ្មោះហៅខុសគ្នា (ដូចក្នុងរូបភាពនេះបានបញ្ជាក់)។ ដោយឡែកព្យុះត្រូពិក (Tropic) វិញគឺខ្សោយជាងព្យុះទាំង ៣ នេះ។

១៖ ព្យុះហឺរីខិន៖ សម្តៅលើពពួកព្យុះកំណាចដែលកកើតឡើង នៅលើដែនមហាសមុទ្រសងខាង នៃទ្វីបអាមេរិកខាងជើង (មានសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក និងប្រទេសដីកោះក្នុងសមុទ្រ Caribbean ជាដើម) ក្នុងនោះគឺតំបន់ភាគឦសាន និងខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក ព្រមទាំងភាគពាយ័ព្យ និងខាងលិចនៃមហាសមុទ្រអាត្លង់ទិច។
២៖ ព្យុះទីហ្វុង៖ សម្តៅលើពពួកព្យុះកំណាចដែលកកើតឡើងនៅលើដែនសមុទ្រប៉ាស៊ីហ្វិក ដែលជាប់នឹងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ឬយើងហៅថា ប៉ែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិកនោះឯង។
៣៖ ព្យុះស៊ីក្លូន៖ សម្តៅលើព្យុះដែលកកើតឡើងនៅលើមហាសមុទ្រឥណ្ឌា, ភាគខាងត្បូងមហាសមុទ្រអាត្លង់ទិក និងផ្នែកខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិក។
៤៖ ព្យុះត្រូពិក៖ សម្តៅទៅលើព្យុះដែលកកើតឡើង ចេញពីដែនសមុទ្រស្ថិតនៅតំបន់ត្រូពិករបស់ផែនដី ហើយមានកម្លាំងមធ្យមនៅឡើយ ឬជាព្យុះដែលទើបត្រូវបានទម្លាក់កម្រិតពីខ្លាំង មកនៅត្រឹមកម្រិតមធ្យមជាដើម។
- ការកំណត់កម្លាំងនៃព្យុះ (categories)
បើនិយាយពីព្យុះកំណាចទាំង ៣ ដូចជា ហឺរីខិន ទីហ្វុង និងស៊ីក្លូនជាដើម គឺសុទ្ធសឹងតែមានកម្លាំងខ្លាំងៗដូចគ្នា ដោយខុសគ្នាតែឈ្មោះទៅតំបន់ដែលពួកវាកកើតឡើងប៉ុណ្ណោះ។ ចំណុចដែលគេអាចកំណត់ឋានៈជាព្យុះកំណាចទាំង ៣ នេះបានគឺទៅលើកម្លាំងខ្យល់បោកបក់យ៉ាងហោចណាស់ចាប់ពី ១២០km ក្នុង១ម៉ោងឡើងទៅ។
សម្រាប់កម្លាំងនៃព្យុះ គឺត្រូវបានគិតកម្រិត Categories ពីទាបបំផុត «លេខ១» ឡើងដល់ខ្ពស់បំផុត «លេខ៥»។ ឧទាហរណ៍ព្យុះហឺរីខិន Category 1 ដែលជាកម្រិតទាបជាងគេនោះ ត្រូវបានគិតចាប់ពីល្បឿនខ្យល់ ១២០km – ១៥២km ក្នុងមួយម៉ោង ខណៈលំដាប់ខ្ពស់បំផុតគឺ Category 5 គឺចាប់ពី ២៥២km ក្នុងមួយម៉ោងឡើងទៅ។
ដោយឡែកព្យុះត្រូពិកវិញ គឺជាព្យុះដែលមានកម្លាំងបោកបក់ខ្សោយជាងព្យុះទាំង ៣ ខាងលើនេះ ឬជាព្យុះដែលថយចុះកម្លាំងពីព្យុះទាំង ៣ ខាងលើនេះ។ ល្បឿនដែលគេកំណត់សម្រាប់ព្យុះត្រូពិកនោះគឺចាប់ពី ៦៣km – ១១៧km ក្នុងមួយម៉ោង។
- របៀបនៃការដាក់ឈ្មោះឲ្យព្យុះ (មានឈ្មោះខ្មែរយើងដែរ)
ការដាក់ឈ្មោះបន្ថែមទៅលើព្យុះទីហ្វុង ហឺរីខិន និងស៊ីក្លូន ទៅតាមរដូវកាលនៃការកកើតឡើងនោះ តែងតែធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ ហើយនៅប្រទេសកម្ពុជាយើងក៏ដូចគ្នា។
យោងតាមតាមអង្គការឧតុនិយមពិភពលោក (WMO) ការដាក់ឈ្មោះឲ្យព្យុះនានា ឧទាហរណ៍ព្យុះទីហ្វុង និងស៊ីក្លូន ដែលតែងបោកមកលើទ្វីបអាស៊ីរបស់យើងនោះ គឺយោងទៅទំនោររបស់ពួកវាថា នឹងបោកបក់មកលើប្រទេស ឬតំបន់មួយណាដែលគួរឲ្យចាប់អារម្មណ៍ និងចងចាំ។ អ្វីដែលសំខាន់ ព្យុះទាំងនោះមិនត្រូវយកឈ្មោះបុគ្គលមកដាក់នោះទេ តែអាចយកឈ្មោះជាឈ្មោះសត្វ រុក្ខជាតិ ទីតាំងប្រវត្តិសាស្ត្រ និងក្រៀមភាសាតាមតំបន់ដែលបញ្ជាក់ពីន័យអ្វីមួយ ដែលពាក់ព័ន្ធនឹងព្យុះនោះជាដើម។
ឧទាហរណ៍កាលពីចុងខែកញ្ញា ឆ្នាំ២០២៥ ប្រទេសហ្វីលីពីនត្រូវបានគេដឹងថា នឹងរងឥទ្ធិពលពីព្យុះទីហ្វុងកំណាចមួយ ក្រោយពីការកំណត់មុខព្រួញព្យុះ និងឥទ្ធិពលរបស់វារួច។ ដូច្នេះគេបានដាក់ឈ្មោះឲ្យព្យុះទីហ្វុងនោះថា Ragasa ដែលភាសា Tagalog របស់អ្នករស់នៅលើភាគកណ្តាលកោះ Luzon ភាគជើងរបស់ប្រទេសហ្វីលីពីន, ជាតំបន់រងគ្រោះធ្ងន់ដោយសារព្យុះនេះតែម្តង។
គួរបញ្ជាក់ថា ប្រទេសនានាសុទ្ធតែបានបញ្ជូនឈ្មោះដែលពួកគេមាន ទៅកាន់គណកម្មាធិការឧតុនិយមរបស់ WMO និងគណកម្មាធិការព្យុះទីហ្វុងហៅកាត់ថា ESCAP ជាដើម ដើម្បីជ្រើសរើសនៅពេលមន្ត្រីជំនាញមើលឃើញពីព្យុះកកើតឡើង និងសិក្សាដឹងថា ព្យុះនោះមានកម្លាំងប៉ុណ្ណា និងមានទិសដៅទៅរកប្រទេសណាខ្លះ។
បន្ថែមពីនេះទៀត ការដាក់ឈ្មោះក៏យោងជាសំខាន់ទៅលើ លំដាប់លេខរៀងនៃឈ្មោះទាំងនោះផងដែរ ដោយមិនផ្តោតសំខាន់តែម្តងទៅលើទីតាំង ដែលនឹងត្រូវរងគ្រោះនោះឡើយ…។ ឧទាហរណ៍ព្យុះកង្រីរបស់កម្ពុជាត្រូវបានដាក់ឲ្យព្យុះទីហ្វុងមួយដែលបានកើតឡើងកាលពីឆ្នាំ២០២៤ ប៉ុន្តែព្យុះនោះមិនបានបោកបក់លើកម្ពុជាទេ ដោយវាបានបោកបក់លើចិន និងកោះតៃវ៉ាន់។
មួយវិញទៀតសម្រាប់ឈ្មោះព្យុះណាមួយ ដែលត្រូវបានដាក់ឲ្យព្យុះ ហើយក្រោយមកព្យុះនោះបានបង្កឲ្យមានវិនាសកម្មធ្ងន់ធ្ងរខ្លាំង (ខូចខាតសេដ្ឋកិច្ច និងបាត់បង់ជីវិតច្រើន) នោះគេនឹងមិនប្រើឈ្មោះព្យុះនោះទៀតទេ ហើយប្រទេសជាម្ចាស់ឈ្មោះនោះ ត្រូវបញ្ជូនឈ្មោះថ្មីទៅបំពេញលេខរៀងរបស់ខ្លួននៅក្នុងបញ្ជីរបស់គណកម្មាធិការអន្តរជាតិ។
សម្រាប់ប្រទេសកម្ពុជាយើង យើងបានចាប់ផ្តើមបញ្ជូនឈ្មោះទុកដាក់ឲ្យព្យុះទៅកាន់ គណកម្មាធិការ ESCAP សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច (មានសមាជិកសរុប ១៤ប្រទេស) តាំងតែពីឆ្នាំ២០០០មកម្ល៉េះ ហើយឈ្មោះទាំងនោះរួមមាន ដំរី (Damrey), កង្រី (Kong-rey), ណាគ្រី (Nakri), ក្រវ៉ាញ (Krovanh), សារិកា (Sarika), បុប្ផា (Bopha), អម្ពិល (Ampil), ម៉ៃសាក់ (Maysak), នេសាទ (Nesat), និង ចន្ធូ (Chanthu) ជាដើម។

ឧទាហរណ៍កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៧ ព្យុះទីហ្វុងមួយត្រូវបានដាក់ឈ្មោះថា «ដំរី (Damrey)» និងមានឈ្មោះមួយទៀតថា Ramil ទៅតាមភាសាហ្វីលីពីន បានបោកបក់យ៉ាងសន្ធប់ក្នុងល្បឿនខ្យល់ ១៣៥km ក្នុងមួយម៉ោងមកលើភាគខាងកើតវៀតណាម និងឥទ្ធិពលវាក៏ថយចុះពេលមកដល់កម្ពុជា៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NOAA / WMO / ESCAP (ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥)
