លទ្ធផលសិក្សាដ៏អស្ចារ្យ៖ «ភពអេលៀននៅប្រព័ន្ធផ្កាយជិតៗយើងទាំងនេះ អាចមើលឃើញអរិយធម៌មនុស្ស ពេលទើបចេញពន្លកត្រួយលើផែនដី» (មានវីដេអូបកស្រាយ)

4,209

(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Cornell និងសារៈមន្ទីរប្រវត្តិសាស្ត្រធម្មជាតិអាមេរិក (American Museum of Natural History) បានធ្វើការអង្កេតផ្កាយសរុប ២,០៣៤ដួង ដែលស្ថិតនៅក្បែរៗប្រព័ន្ធព្រះអាទិត្យយើង ក្នុងចម្ងាយជាមធ្យមប្រមាណ ៣២៦ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ពាន់ពាន់លានគីឡូម៉ែត្រ) ដើម្បីរកមើលថា តើប្រព័ន្ធផ្កាយណាខ្លះអាចមើលឃើញ អរិយធម៌មនុស្សលើភពផែនដីកាលពីដំបូងៗ ប្រសិនបើមានភពអេលៀន (Alien) នៅគោចរជុំវិញផ្កាយទាំងនោះ។

លទ្ធផលសិក្សាដ៏អស្ចារ្យ៖ «ភពអេលៀននៅប្រព័ន្ធផ្កាយជិតៗយើងទាំងនេះ អាចមើលឃើញអរិយធម៌មនុស្ស ពេលទើបចេញពន្លកត្រួយលើផែនដី»

ជាលទ្ធផលនៃការអង្កេតអំពីទីតាំង និងចម្ងាយនៃពពួកប្រព័ន្ធផ្កាយខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ប្រព័ន្ធផ្កាយចំនួន ១,៧១៥ អាចអង្កេតមើលមកផែនដីបាន ចាប់តាំងពីអរិយធម៌មនុស្សលោកយើង ទើបលេចចេញពន្លកត្រួយមកម្ល៉េះ នោះគឺកាលពី ៥,០០០ឆ្នាំមុន។ ដោយឡែកប្រព័ន្ធផ្កាយចំនួន ៣១៩ទៀត ក៏អាចមើលផែនដីយើងផងដែរ នៅរយៈពេល ៥,០០០ឆ្នាំចុះមកទៀត។

យោងតាមអត្ថបទស្រាវជ្រាវ ដែលត្រូវបានចុះផ្សាយនៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទស្សនាវត្តីធម្មជាតិ Nature ការកំណត់បានចំនួនប្រព័ន្ធផ្កាយខាងលើនេះ គឺយោងទៅលើទីតាំងផ្កាយទាំងនោះ ស្ថិតនៅចំពោះមុខប្រព័ន្ធព្រះអាទិត្យយើង។ ប្រការនេះមានន័យថា ប្រសិនបើមានភពដែលមានវត្តមាន អរិយធម៌អេលៀនជឿនលឿន គោចរជុំវិញផ្កាយទាំងនោះ ពួកគេអាចអង្កេតឃើញភពផែនដីបាន ដោយគ្មានប្រព័ន្ធតារាណាមួយ នៅបាំងលំហអវកាសរបស់ពួកគេនោះឡើយ។

ជុំវិញការសិក្សាខាងលើនេះដែរ លោកស្រី Lisa Kaltenegger សាស្ត្រាចារ្យនៃវិទ្យាស្ថាន Carl Sagan ចំណុះឲ្យសាកលវិទ្យាល័យ Cornell ដែលសិក្សាអំពីវិទ្យាសាស្ត្រ និងសិល្បៈបានលើកឡើងថា «សម្រាប់ទស្សនៈរបស់ពួកអេលៀន ដែលមើលមកកាន់យើងវិញនោះ គឺពួកគេក៏ចាត់ទុកយើងជាអេលៀនដែរ។ យើងបានព្យាយាមឲ្យដឹងថា តើតារាណាខ្លះដែលស្ថិតនៅទីតាំងត្រឹមត្រូវ ក្នុងការមើលកាន់ផែនឃើញបាន ដោយមានពន្លឺព្រះអាទិត្យជាជំនួយ។ ហើយដោយសារតែតារានានា តែងតែចល័តក្នុងទីអវកាសនោះ ទីតាំងដែលអាចមើលឃើញផែនដី អាចកើតមាន ហើយក៏អាចបាត់បង់ទៅវិញដែរ»។

បើតាមតារាវិទូ Jackie Faherty អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៃ American Museum of Natural History ក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះ បានប្រើប្រាស់ឧបករណ៍អង្កេតតារា Gaia eDR3 នៃអង្គការអវកាសអឺរ៉ុប ESA ដើម្បីគណនារកតារានានា ដែលបានគោចរមកដល់តំបន់ អាចឲ្យមើលឃើញភពផែនដី និងចាកចេញពីតំបន់នេះវិញ ព្រមទាំងថេរវេលាដែលពួកវា អាចនៅឃើញភពផែនដីផងដែរ។

តារាវិទូ Jackie Faherty បានលើកឡើងយ៉ាងដូច្នេះថា «Gaia បានផ្តល់ឲ្យយើងនូវផែនទីដ៏ច្បាស់លាស់ នៃកាឡាក់ស៊ី Milky Way ដែលអនុញ្ញាតឲ្យយើងត្រលប់ទៅមើលអតីតកាល រួចត្រលប់មកកាន់ពេលវេលាដើមវិញ និងដើម្បីរកមើលអំពីទីតាំងតារានានា ព្រមទាំងទីតាំងដែលពួកវាចល័តទៅផងដែរ។ តំបន់នៃប្រព័ន្ធព្រះអាទិត្យយើង គឺជាទីតាំងដែលមានសកម្មភាពរហ័ស ព្រោះតារានានាបានចល័តចូល និងចេញពីទីតាំងដែលអាចមើលឃើញផែនដីវិញ នៅក្នុងល្បឿនយ៉ាងលឿន»។

នៅក្នុងចំណោមប្រព័ន្ធតារាទាំង ២,០៣៤ដួង ដែលត្រូវបានអង្កេតនោះ ០៧ដួងនៅក្នុងនោះត្រូវបានគេដឹងថា មានភពគោចរជុំវិញ។ ភពទាំងអស់នេះ ប្រសិនបើមានជីវិតឆ្លាតវៃណាមួយរស់នៅ នោះពួកគេអាចមានឱកាសមួយ ដើម្បីអង្កេតឃើញផែនដីយើងបាន មិនខុសពីវិធីសាស្ត្រដែលក្រុមអ្នកវិទ្យាសាស្ត្រយើងបានប្រើប្រាស់ ដើម្បីអង្កេតមើលឃើញភពរាប់ពាន់ភព នាពេលកន្លងមកនេះឡើយ។

នៅពេលដែលក្រុមតារាវិទូលើផែនដី អង្កេតរកមើលភពផ្សេងៗ នៅក្នុងប្រព័ន្ធផ្កាយផ្សេង ហើយចង់ដឹងថា ភពនោះមានបរិយាកាសបែបណានោះ ពួកគេបានរង់ចាំភពទាំងនោះ ឆ្លងកាត់ពីមុខពន្លឺផ្កាយរបស់ពួកវា (transit ឬ cross) ដូច្នេះក្រុមតារាវិទូ អាចមើលដឹងអំពីស្រមោលនៃបរិយាកាស ដែលជះមកកាន់ឧបករណ៍អង្កេត ដោយសារតែចំណាំងពីពន្លឺផ្កាយ នៃភពទាំងនោះមិនខាន។ ប្រសិនបើភព (exoplanet) ណាមួយ ដែលមានវត្តមានជីវិតអេលៀនឆ្លាតវៃនៅទីនោះ ពួកគេក៏អាចប្រើវិធីសាស្ត្រនេះ ដើម្បីអង្កេតមើលមកផែនដី ហើយដឹងពីធាតុផ្សំនៃបរិយាកាសផែនដីថា អាចទ្រទ្រង់ជីវិតបានដែរឬមួយក៏អត់ផងដែរ។

ឧទាហរណ៍ទី ១ គឺប្រព័ន្ធផ្កាយ Ross 128 ដែលមានផ្កាយមួយដួងជាប្រភេទ តារាក្រហមទំហំមធ្យម (Red Dwarf) ស្ថិតនៅក្នុងកញ្ចុំផ្កាយ Virgo និងមានចម្ងាយ ១១ឆ្នាំពន្លឺពីភពផែនដី។ ភព exoplanet មួយដែលស្ថិតក្នុងប្រព័ន្ធផ្កាយនេះ មានទំហំប្រមាណ ១.៨ដងនៃទំហំផែនដីយើង។ បើមានជីវិតឆ្លាតវ័យណាមួយ នៅលើភពមួយនេះ គឺពួកគេអាចអង្កេតឃើញផែនដីយើងចាប់តាំងពី ៣,០៥៧ឆ្នាំមុន ហើយរហូតមកដល់ ៩០០ឆ្នាំមុន ពួកគេលែងអាចមើលឃើញ បរិយាកាសផែនដីយើងទៀតហើយ ព្រោះតែទីតាំងរបស់ភពពួកគេ បានចល័តចេញពីចំណុច ដែលអាចអង្កេតឃើញផែនដី។ ដូច្នេះមានន័យថា ថេរវេលាដែលភពនេះ អាចអង្កេតឃើញផែនដីយើង គឺរហូតដល់ ២,១៥៨ឆ្នាំឯណោះ។

ឧទាហរណ៍ទី ២ គឺប្រព័ន្ធផ្កាយ Trappist-1 ដ៏ល្បីល្បាញ ដែលមានភពគួរឲ្យចាប់អារម្មណ៍បំផុតចំនួន ៧ គោចរជុំវិញវា និងស្ថិតនៅចម្ងាយប្រមាណ ៤៥ឆ្នាំពន្លឺពីភពផែនដី។ ភពទាំង ៧ នោះគឺមានទំហំសុទ្ធតែត្រដមត្រសង ជាមួយភពផែនដីយើង ហើយ ៤ នៅក្នុងចំណោមនោះ ស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone)។ ភពទាំងអស់របស់ប្រព័ន្ធផ្កាយ Trappist-1 មិនអាចអង្កេតឃើញផែនដីឡើយ ដោយត្រូវរង់ចាំរហូតដល់ ១,៦៤១ឆ្នាំទៀត ទើបពួកវាអាចអង្កើតមើលឃើញ នៅពេលផែនដីធ្វើដំណើរឆ្លងកាត់ព្រះអាទិត្យ ដែលអាចឲ្យពួកគេអង្កេតដឹងអំពី ស្រមោលបរិយាកាសផែនដីបាន ហើយការអង្កេតនេះ គឺនឹងអាចបន្តសម្រាប់រយៈពេល ២,៣៧១ឆ្នាំ។

បើតាមលោកស្រី Kaltenegger ការវិភាគបាននិយាយថា «សូម្បីតែក្រុមផ្កាយដែលនៅកៀកយើងបំផុត ជាទូទៅចំណាយពេលលើសពី ១,០០០ឆ្នាំ ស្ថិតនៅក្នុងចំណុច ដែលពួកគេអាចមើលឃើញភពផែនដី ឆ្លងកាត់ពីមុខពន្លឺព្រះអាទិត្យ។ វាគឺជារយៈពេលសមល្មមមួយ សម្រាប់ឲ្យអរិយាធម៌អេលៀន អាចមានឱកាសកំណត់ឃើញថា ផែនដីគឺជាភពគួរឲ្យចាប់អារម្មណ៍មួយ ឬអាចមានជីវិតឆ្លាតវៃរស់នៅ»។

គួរបញ្ជាក់ថា កែវយឺតអវកាស James Webb ដែលនឹងត្រូវបាញ់បង្ហោះទៅកាន់ទីអវកាស នៅចុងខែតុលា ឆ្នាំ២០២១នេះ មានតួនាទីអង្កេតមើលយ៉ាងលម្អិតទៅលើ ការធ្វើដំណើររបស់ភព exoplanet កាត់ពីមុខពន្លឺផ្កាយរបស់ពួកវា ដើម្បីស្វែងយល់អំពីបរិយាកាសរបស់ពួកវា រួចឈានទៅស្វែងរកសញ្ញានៃទម្រង់ជីវិត តាមរយៈការដឹងអំពីសមាសធាតុផ្សំ នៅក្នុងបរិយាកាសនៃភពទាំងនោះ។

ចំណែកកម្មវិធី Breakthrough Starshot គឺជាគម្រោងមហិច្ឆតាមួយទៀត ដែលកំពុងមានគោលដៅបញ្ជូនផ្កាយរណបខ្នាតតូច ឲ្យទៅសិក្សាស្រាវជ្រាវអំពីភព exoplanet នៅប្រព័ន្ធផ្កាយ Proxima Centauri ដែលស្ថិតនៅចម្ងាយ ៤.២ឆ្នាំពន្លឺពីយើង និងជាប្រព័ន្ធផ្កាយដែលស្ថិតនៅជិត ផែនដីយើងបំផុតផងដែរ។ តារាវិទូ Faherty បានលើកឡើងដូច្នេះថា «អ្នកខ្លះប្រហែលជាស្រមៃថា អាចមានភពអេលៀននៅក្រៅប្រព័ន្ធអាទិត្យ ដែលប្រទះឃើញយើងរួចទៅហើយ និងកំពុងរៀបគម្រោងដូចគ្នា សម្រាប់ការមករកប្រព័ន្ធអាទិត្យ ក៏ដូចជាភពរបស់យើង»៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Nature/ Scitech-daily/ Space (ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១)

480×240 Banner