រកឃើញ «ភពតែលតោលគ្មានមេបាឃុំគ្រង» នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ (មានវីដេអូបកស្រាយ)

6,704

(បរទេស)៖ ភស្តុតាងថ្មីៗទៀតក្នុងទីអវកាស បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ ភពតែលតោលចំនួន ០៤ បន្ថែមទៀត ក្នុងកាឡាក់់ស៊ី Milky Way យើងនេះ។ «ភពតែលតោល»Rogue Planet (Free Floating Planet) គឺសំដៅទៅលើពពួកភព ដែលមិនមែនកំពុងគោចរនៅជុំវិញតារា ឬប្រហោងខ្មៅណាមួយឡើយ តែពួកវាកំពុងអណ្តែតត្រសែតគ្មានគោលដៅ នៅក្នុងទីអវកាស។ នេះបើតាមអត្ថបទចុះផ្សាយ ដោយកាសែត Royal Astronomical Society និងត្រូវបានដកស្រង់នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

ការសិក្សាខាងលើនេះ ត្រូវបានធ្វើឡើងដោយតារាវិទូ Iain McDonald មកពីសាកលវិទ្យាល័យ Manchester នៃចក្រភពអង់គ្លេស ដោយបានប្រមូលទិន្នន័យមកពីបេសកកម្ម K2 នៃកែវយឺតអវកាស Kepler របស់អង្គការ NASA កាលពីអំឡុងឆ្នាំ២០១៦។ Kepler បានចំណាយពេល ៣០នាទីម្តង ដើម្បីតម្រង់កែវលែនរបស់វា សំដៅទៅកាន់ចំណុចកណ្តាលនៃ Milky Way ដែលមានតារាប្រមូលផ្តុំរាប់លានដួង ក្នុងគោលបំណងស្វែងរក ព្រឹត្តិការណ៍បិទបាំងពន្លឺតូចៗ ដែលកម្រកើតមានបំផុត។

ជាលទ្ធផល ក្រុមការងាររបស់លោក Iain McDonald បានប្រទះឃើញព្រឹត្តិការណ៍បិទបាំងពន្លឺតូចៗ (microlensing signals) សរុបចំនួន ២៧លើក នៅក្នុងអំឡុងពេល ១០ថ្ងៃ និង ១ម៉ោង។ យ៉ាងណាក៏ដោយ ភាគច្រើននៃព្រឹត្តិការណ៍ទាំងនេះ ត្រូវបានរកឃើញដោយតេឡេស្កូបនៅលើដី មុននេះរួចទៅហើយ ប៉ុន្តែក្នុងនោះមាន ០៤ គឺជាព្រឹត្តិការណ៍ថ្មីៗ ហើយពួកវាសុទ្ធតែជាភព ដែលមានម៉ាស់ប្រហាក់ប្រហែលនឹងភពផែនដីយើង។

ក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះ បានសន្និដ្ឋានយ៉ាងដូច្នេះថា ប្រភេទ «ភពតែលតោល» ដែលត្រូវបានរកឃើញនេះ គឺពីដំបូងឡើយទំនងជាត្រូវបានបង្កើតឡើង ក្នុងប្រព័ន្ធតារាធម្មតាៗដូចគេដូចឯង ប៉ុន្តែនៅពេលដែលប្រព័ន្ធតារារបស់ពួកវា មានភាពណែនណាន់តាន់តាប់ខ្លាំងពេក (មានភពច្រើនពេក ឬអាចមានផ្កាយលើសពី១) នោះភពខ្លះអាចត្រូវបានធាក់ចេញពីគន្លង ដោយភពផ្សេងទៀតដែលមានកម្លាំងម៉ាញេទិចខ្លាំង នៅក្នុងប្រព័ន្ធជាមួយគ្នា។ យូរៗទៅពួកវាបានដាច់ចេញពីគន្លង ហើយក្លាយជាភពតែលតោល និងអណ្តែតពាសពេញទីអវកាសតែម្តង (គួរឲ្យអាណិតណាស់)។

តាមពិតទៅកែវយឺតអវកាស Kepler (បានចូលនិវត្តន៍កាលពីឆ្នាំ២០១៨) មិនមែនត្រូវបានផលិតឡើង ដើម្បីអង្កេតរកភពតាមរយៈវិធីសាស្ត្រ microlensing ឬទៅអង្កេតមើលចំណុចកណ្តាលកាឡាក់ស៊ី ដែលពោពេញដោយពពួកតារា យ៉ាងក្តៅគគុកនោះឡើយ។ ប្រការនេះមានន័យថា ទិន្នន័យអំពី «ភពតែលតោល» ដែលក្រុមអ្នកវិទ្យាសាស្ត្រទទួលបាន គឺតាមរយៈការប្រើប្រាស់បច្ចេកទេស ស្រង់យកទិន្នន័យថ្មី ដើម្បីវែករកមើលសញ្ញានានា នៅក្នុងបណ្តុំទិន្នន័យរួមដែល Kepler បានផ្តិតយក។

រកឃើញ «ភពតែលតោលគ្មានមេបាឃុំគ្រង» នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ

បើតាមលោក Iain McDonald ការប្រើកែវលែនរបស់ Kepler ចង្អុលទៅរកចំណុចកណ្តាល Milky Way គឺជារឿងដ៏លំបាកមួយ ព្រោះកាលណោះកែវយឺតអវកាសនេះ មានអាយុចាស់ជរាណាស់ទៅហើយ ខណៈទិន្នន័យដែលទទួលបាន គឺព្រាលៗមិនសូវច្បាស់នោះឡើយ។ Kepler បានឡើងទៅកាន់ទីអវកាសកាលពីឆ្នាំ២០០៩ និងត្រូវបានកំណត់ថា ប្រើការលែងបានទៀត (ចូលនិវត្តន៍) កាលពីឆ្នាំ២០១៨។

គួរបញ្ជាក់ថា ការស្វែងរកភពតែលតោលដូចខាងលើនេះ នឹងកាន់ច្បាស់លាស់បន្ថែមនៅពេលមាន កែវយឺតអវកាស NASA ថ្មីមួយទៀតនោះគឺ Nancy Grace Roman Space Telescope ដែលនឹងត្រូវបាញ់បង្ហោះនៅក្នុងឆ្នាំ២០២៥ ព្រមទាំងបេសកកម្មមួយទៀតដែរគឺ ESA Euclid របស់អង្គការអវកាសអឺរ៉ុប៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ sci-tech-daily/Royal Astronomical Society

480×240 Banner