អ្វីៗប្រែប្រួលហើយ, តំបន់ព្រៃ Amazon កំពុងបញ្ចេញ CO2 ទៅក្នុងបរិយាកាស ខ្លាំងជាងស្រូបយកមកវិញ…

1,766

(បរទេស)៖ ព្រៃឈើជាទូទៅមានតួនាទីស្រូបយកឧស្ម័នផ្ទះកញ្ចក់ ដូចជាឧស្ម័នកាបូនឌីអុកស៉ីត (CO2) ជាដើម ពីបរិយាកាសភពផែនដី ដែលនាំឲ្យពួកវាក្លាយជាផ្នែកដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ នៃបញ្ហាបម្រែបម្រួលអាកាសធាតុ ប៉ុន្តែការសិក្សាថ្មីមួយបានរកឃើញថា សកម្មភាពរបស់មនុស្សយើង ទំនងជាបានធ្វើឲ្យព្រៃទាក់ទាញទឹកភ្លៀង ធំជាងគេរបស់ពិភពលោក ប្រែក្លាយទៅជាឥតបានការ ហើយប្រហែលជាបង្កើតផលអាក្រក់បន្ថែមទៅវិញ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧស្ម័នផ្ទះកញ្ចក់។

យោងតាមការសិក្សា ដែលចុះផ្សាយក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃទី១៤ ខែកក្កដា តំបន់ព្រៃអាម៉ាហ្សូន (Amazon) ឥឡូវកំពុងតែបញ្ចេញឧស្ម័ន កាបូនឌីអុកស៉ីតជាង «១ពាន់លានតោនក្នុងមួយឆ្នាំ»។ ប្រការនេះមានន័យថា ព្រៃអាម៉ាហ្សូនបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះ ទៅក្នុងបរិយាកាសផែនដី ច្រើនជាងបរិមាណដែលវាស្រូបចូលទៅទៀត។

ក្រុមអ្នកស្រាវជ្រាវនៃការសិក្សានោះ បានបញ្ជាក់ថា ការប្រែប្រួលតុល្យភាពឧស្ម័នកាបូនឌីអុកស៉ីតនេះ គឺដោយសារតែសកម្មភាពរំខាន របស់មនុស្សទ្រង់ទ្រាយធំ នៅក្នុងប្រព័ន្ធអេកូឡូស៉ីរបស់អាម៉ាហ្សូន។ កត្តាភ្លើងឆេះព្រៃ និងការកាប់បំផ្លាញ ដែលបង្កឡើងដោយមនុស្ស ក្រោមគោលដៅកសិកម្ម និងឧស្សាហកម្ម គឺជាទង្វើដែលទទួលបន្ទុកភាគច្រើន សម្រាប់បរិមាណនៃឧស្ម័ន CO2 បញ្ចេញពីតំបន់ព្រៃដ៏ធំអស្ចារ្យនេះ។

តំបន់ភាគកើតអាម៉ាហ្សូនជាពិសេស ដែលមើលឃើញអត្រាបាត់បង់ព្រៃឈើធ្ងន់ធ្ងរ ជាប្រវត្តិសាស្រ្តក្នុងអំលុងពេលជាង ៤០ឆ្នាំមកនេះ គឺបាននិងកំពុងតែក្តៅ និងស្ងួតទៅៗ ហើយកាន់តែងាយកើតមានភ្លើងឆេះ ជាងកន្លែងដទៃៗទៀត នៃតំបន់ព្រៃទាក់ទាញទឹកភ្លៀងដ៏ធំនេះ។ ជាលទ្ធផល គឺឧស្ម័ន CO2 ត្រូវបានបញ្ចេញកាន់តែច្រើន ពីតំបន់ព្រៃអាម៉ាហ្សូន ខណៈទន្ទឹមគ្នា នៅទីនោះមានដើមឈើកាន់តែតិចទៅៗ ដើម្បីស្រូបយកឧស្ម័ន CO2 មកវិញ តាមរយៈការធ្វើរស្មីសំយោគ។

អ្វីៗប្រែប្រួលហើយ, តំបន់ព្រៃ Amazon កំពុងបញ្ចេញ CO2 ទៅក្នុងបរិយាកាស ខ្លាំងជាងស្រូបយកមកវិញ…

គួរបញ្ជាក់ថា តំបន់អាម៉ាហ្សូនមានផ្ទុកព្រៃទំហំប្រមាណ ៧.២លានគីឡូម៉ែត្រក្រឡា ដែលស្មើនឹងជាងពាក់កណ្តាល នៃចំនួនព្រៃទាក់ទាញទឹកភ្លៀង ដែលនៅសល់លើភពរបស់យើង។ តំបន់ព្រៃអាម៉ាហ្សូនលាតសន្ធឹងទៅលើមួយផ្នែកធំ នៃភាគខាងជើងតំបន់អាមេរិកឡាទីន នៅក្នុងបណ្តាប្រទេសដូចជា ប្រេស៊ីល, កូឡុំប៊ី, វេណេស៊ុយអេឡា, បូលីវី, ប៉េរូ, អេក្វាឌ័រ, ហ្គូយ៉ាណា, ស៊ូរីណេម និងដែលដីបារាំងហ្គាយ៉ាណា៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១)

480×240 Banner