លោក Jeff Bezos សម្រេចប្តឹងអង្គការ NASA យកតែម្តង ព្រោះតែការផ្តល់កិច្ចសន្យាឲ្យ SpaceX
(បរទេស)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក Blue Origin របស់កំពូលមហាសេដ្ឋី Jeff Bezos បានដាក់ពាក្យបណ្តឹងប្រឆាំងការសម្រេចចិត្ត របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ក្នុងការផ្តល់កិច្ចសន្យាអភិវឌ្ឍយានចុះចតឋានព្រះចន្ទ (HLS) ឲ្យទៅក្រុមហ៊ុនអវកាសឯកជនមួយទៀតគឺ SpaceX របស់មហាសេដ្ឋី Elon Musk។
កន្លងមក ក្រុមហ៊ុន Blue Origin បានចេញមុខជំទាស់ និងរិះគន់យ៉ាងខ្លាំងក្លា ចំពោះការសម្រេចចិត្តរបស់ NASA ក្នុងការផ្តល់កិច្ចសន្យា HLS ឲ្យទៅក្រុមហ៊ុន SpaceX តែម្នាក់ឯង ស្តីពីការផ្តល់យានចុះចតនៅលើឋានព្រះចន្ទ សម្រាប់បេសកកម្ម Artemis របស់ទីភ្នាក់ងារអវកាសអាមេរិក ខណៈមានការរំពឹងថា NASA នឹងជ្រើសរើសយកក្រុមហ៊ុនពីរ។
ក្រុមហ៊ុន Blue Origin បានដាក់ពាក្យបណ្តឹងកាលពីប៉ុន្មានថ្ងៃមុន ទៅកាន់តុលាការអាមេរិក បន្ទាប់ពីទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក GAO បានបដិសេធចំពោះបណ្តឹងរបស់ខ្លួន ពាក់ព័ន្ធនឹងបញ្ហានេះ។ ការប្តឹងផ្តល់ទៅ GAO បានរារាំងក្រុមហ៊ុន SpaceX មិនឲ្យអាចចាប់ផ្តើមធ្វើការងារលើកិច្ចសន្យារបស់ NASA អស់រយៈពេលជាច្រើនខែមកហើយ ខណៈពាក្យបណ្តឹងថ្មីនេះ អាចនឹងបន្ថែមការពន្យារពេលថ្មីទៀត។
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅនេះ លោក Bezos ថែមទាំងបានសរសេរលិខិតចំហមួយផ្ញើទៅកាន់ប្រធាន NASA ដើម្បីផ្តល់ការបញ្ចុះតម្លៃរហូតដល់ ២ពាន់លានដុល្លារទៀតផង ប្រសិនបើ NASA ប្តូរចិត្តផ្តល់កិច្ចសន្យាឲ្យទៅក្រុមហ៊ុន Blue Origin វិញ ប៉ុន្តែអង្គការ NASA មិនបានធ្វើការឆ្លើយតបជាផ្លូវការឡើយ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១)