រកយាន Perseverance ឃើញទេក្នុងរូបមួយសន្លឹកនេះ? វាត្រូវបានថតដោយផ្កាយរណប MRO (មានរូបភាព)
(បរទេស)៖ ផ្កាយរណបអង្កេតភពអង្គារ MRO (Mars Reconnaissance Orbiter) របស់អង្គការ NASA ទើបតែបានផ្តិតយករូបភាពមួយសន្លឹក នៅលើផ្ទៃរបស់ភពក្រហមនេះ ហើយបើយើងសម្លឹងមើលតែមួយភ្លែតនោះ ប្រាកដជាគិតថា ត្រឹមតែផ្ទៃដីភពអង្គារធម្មតាៗប៉ុណ្ណោះ, ប៉ុន្តែតាមការពិតទៅក្នុងរូបភាពថ្មីនេះ គឺវត្តមានយានស្រាវជ្រាវថ្មី Perseverance នៅក្នុងនោះ។ តើលោកអ្នកអាចអង្កេតឃើញទេ?
ចំណុចដែលយើងបានគូសរង្វង់ក្រហមនោះហើយ គឺជាយានស្រាវជ្រាវភពអង្គារ Perseverance ដែលត្រូវបានថតដោយកាមេរ៉ា មានកម្រិតទំហំរូបភាពខ្ពស់របស់ MRO ដែលគោចរនៅក្នុងរយៈកម្ពស់រាប់រយគីឡូម៉ែត្រ ពីលើផ្ទៃភពព្រះអង្គារ។ តំបន់ដែល Perseverance កំពុងបរកាត់ពីលើនោះមានឈ្មោះថា South Séítah នៃរណ្តៅ Jezero។
រូបភាពនេះពិតជាបង្ហាញអំពីភាពសមត្ថភាពរបស់ MRO ក្នុងការអង្កេតសណ្ឋានដីភពអង្គារ និងដើរតួជាជំនួយការដ៏ចាំបាច់សម្រាប់យាននានា ដែលកំពុងបំពេញបេសកកម្មនៅលើដី។ MRO បានទៅដល់ភពអង្គារតាំងតែពីឆ្នាំ២០០៦ ហើយវាមានតួនាទីសិក្សាអំពីបរិយាកាស និងសណ្ឋានភូមិសាស្ត្រនៃភពអង្គារ។ កន្លងមកនេះវាបានជួយជាកម្លាំងមិនតិចឡើយ ក្នុងការទ្រទ្រង់បេសកកម្មយាន Curiosity និង InSight ហើយសម្រាប់ពេលនេះគឺ Perseverance ក៏ត្រូវការវាជាចាំបាច់ផងដែរ។
គួរបញ្ជាក់ថា ពេលទៅដល់តំបន់ South Séítah កាលពីអំលុងខែសីហា ឆ្នាំ២០២១ (ពេលវេលាលើផែនដី) យាន Perseverance បានរួមសហការជាមួយ កូនឧទ្ធម្ភាគចក្រ Ingenuity នៅក្នុងដំណើរការនេះ។ Ingenuity ត្រូវបានបញ្ជាឲ្យហោះហើរជាបន្តបន្ទាប់ ដើម្បីផ្តិតយករូបភាពអំពីសណ្ឋានដីនៅខាងមុខ ហើយបញ្ជូនមកឲ្យ Perseverance ដែលនៅខាងក្រោយ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Science Alert (ថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១)