ផែនទីពន្លឺ Aurora ចម្លែក និងដែនម៉ាញេទិចអាថ៌កំបាំង នៃភពអ៊ុយរ៉ានុស ត្រូវបានបង្កើតឡើង, អ្នកវិទ្យាសាស្ត្រមិនទាន់អាចពន្យល់ (រូបភាពខាងក្នុង)

1,045

(បរទេស)៖ អ្នកវិទ្យាសាស្ត្របានគូសវាសរូបភាព ភពអ៊ុយរ៉ានុសទាំងមូល ដោយបង្កើតចេញជាទិដ្ឋភាពនៃពន្លឺ Infrared ជាលើកដំបូង ដើម្បីឲ្យពួកគេអាចស្វែងយល់អំពីពន្លឺ អូរ៉ូរ៉ា (Aurora) ដ៏អាថ៌កំបាំង និងកម្លាំងម៉ាញេទិចដ៏ចម្លែក របស់ភពមានពណ៌ផ្ទៃមេឃស្រាលនេះផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្រដែលដឹកនាំដោយជនជាតិអង់គ្លេស បានធ្វើដូច្នេះក្នុងអំឡុងពេលយុទ្ធនាការរយៈពេលបីថ្ងៃ ដែលត្រូវបានផ្សាយបន្តផ្ទាល់ជាសាធារណៈ កាលពីសប្តាហ៍មុន ដើម្បីឱ្យពិភពលោកទាំងមូលបានឃើញ។ ក្រុមអ្នកវិទ្យាសាស្ត្រដែលមានមូលដ្ឋាន នៅសាកលវិទ្យាល័យ Leicester នៃចក្រភពអង់គ្លេស បានប្រើឧបករណ៍តេឡេស្កូបអ៊ីនហ្វ្រារ៉េដ (IRTF) របស់អង្គការ NASA នៅលើកោះហាវ៉ៃ ដើម្បីពិនិត្យមើលភពអ៊ុយរ៉ានុស ដែលវិលជុំវិញព្រះអាទិត្យក្នុងគម្លាត ១៩ដង ឆ្ងាយជាងគម្លាតរវាងផែនដី និងព្រះអាទិត្យ។

ដូចនៅលើផែនដីយើងដែរ ពន្លឺ Aurora នៅលើអ៊ុយរ៉ានុសត្រូវបានបង្កឡើង ដោយអន្តរកម្មនៃខ្យល់ព្យុះពីព្រះអាទិត្យ ដែលជះចេញនូវបន្ទុកភាគល្អិត ទៅប៉ះនឹងដែនម៉ាញ៉េទិចរបស់ភពឧស្ម័នយក្សនេះ។ ប៉ុន្តែដោយសារតែមានភាពខុសប្លែកគ្នាជាច្រើន រវាងភពអ៊ុយរ៉ានុស និងភពផែនដីរបស់យើង, ពន្លឺ Aurora របស់អ៊ុយរ៉ានុសទាំងនេះ មានឥរិយាបថខុសពីពន្លឺ Aurora នៅប៉ូលខាងជើង និងខាងត្បូងដ៏ល្បីល្បាញរបស់ផែនដី។

ឧទាហរណ៍អ័ក្សរង្វិលខ្វាល់នៃភពអ៊ុយរ៉ានុស គឺស្ទើរតែផ្តេកតម្រង់ទៅរកព្រះអាទិត្យទៅហើយ។ ប្រការនេះមានន័យថា ភពអ៊ុយរ៉ានុសកំពុងតែរមាលព័ទ្ធជុំវិញព្រះអាទិត្យ ជាជាងវិលក្នុងទម្រង់បញ្ឈរដូចផែនដី ហើយគោចរជារង្វង់ព័ទ្ធជុំវិញព្រះអាទិត្យ។ ភពអ៊ុយរ៉ានុសប្រើពេល ៨៤ឆ្នាំ នៃពេលវេលាលើផែនដី ទើបអាចគោចរបានមួយជុំព្រះអាទិត្យ ឬស្មើនឹងមួយឆ្នាំរបស់វាផ្ទាល់ ខណៈមួយថ្ងៃនៃភពនេះស្មើនឹងជាង ១៧ម៉ោង។

ភាពខុសប្លែកខ្លាំងមួយទៀតនោះ គឺប៉ូលម៉ាញេទិចនៃភពអ៊ុយរ៉ានុស មានស្ថានភាពមិនដូចប៉ូលម៉ាញេទិចនៃ ភពផែនដី ភពព្រហស្បតិ៍ និងភពសៅរ៍នោះឡើយ ដោយវាល្អៀង ៦០ដឺក្រេ ពីប៉ូលទាំងពីររបស់ភពនេះទៅវិញ។ ជាលទ្ធផល ពន្លឺ Aurora នៃភពអ៊ុយរ៉ានុស មិនមែនបង្ហាញវត្តមាននៅប៉ូលខាងជើង និងខាងត្បូងនៃភពនេះទេ តែបែរជាបង្ហាញនៅតំបន់ ២ ដែលមិនសមហេតុផល ដូចទៅនឹងអ្វីដែលយើងបានឃើញ នៅក្នុងផែនទី Infrared ដែលទើបត្រូវបានគូសវាស ដោយក្រុមអ្នកវិទ្យាសាស្ត្រទៅវិញ។

ផែនទីពន្លឺ Aurora ចម្លែក និងដែនម៉ាញេទិចអាថ៌កំបាំង នៃភពអ៊ុយរ៉ានុស ត្រូវបានបង្កើតឡើង, អ្នកវិទ្យាសាស្ត្រមិនទាន់អាចពន្យល់ (រូបភាពខាងក្នុង)

លោក Emma Thomas និស្សិត Ph.D. នៃសាកលវិទ្យាល័យ Leicester បានពន្យល់បែបនេះថា «សម្រាប់ពន្លឺ Aurora ខាងជើងនៃភពអ៊ុយរ៉ានុស បានលាតសន្ធឹងពីតំបន់អឌ្ឍគោលខាងជើង ដល់ខ្សែអេក្វាទ័រ ហើយពេលខ្លះក៏រំលងខ្សែអេក្វាទ័រ ចូលទៅកាន់តំបន់អឌ្ឍគោលខាងត្បូងថែមទៀត ខណៈពន្លឺ Arura ខាងត្បូងវិញ គឺស្ថិតនៅក្នុងរង្វង់នៃតំបន់អឌ្ឍគោលខាងត្បូងប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់គូសវាសផែនទី Aurora នោះអ្នកមិនអាចមើលតែ ប៉ូលខាងជើង និងខាងត្បូងនោះឡើយ តែអ្នកត្រូវមើលខ្លួនភពនេះទាំងមូលតែម្តង»។

គួរបញ្ជាក់ថា ដើម្បីគូសរូបភាពផ្ទៃទាំងមូលនៃភពអ៊ុយរ៉ានុស ក្រុមអ្នកវិទ្យាសាស្ត្របានបែងចែក ការសង្កេតរបស់ពួកគេទៅជាផ្នែកៗ ដែលក្នុងផ្នែកនីមួយៗមានរយៈពេលបីម៉ោង និងអូសបន្លាយក្នុងរយៈពេលបីថ្ងៃ។ ពួកគេត្រូវកំណត់ពេលវេលានៃការសង្កេតនីមួយៗ ដើម្បីឱ្យត្រូវនឹងរយៈពេលមួយថ្ងៃ ដែលមាន ១៧ ម៉ោងរបស់អ៊ុយរ៉ានុស ហើយនៅពេលទិន្នន័យទាំងអស់ត្រូវបានរួមបញ្ចូលគ្នា លទ្ធផលនឹងក្លាយជាផែនទីលម្អិតបំផុត នៃផ្ទៃភពអ៊ុយរ៉ានុស តាមរយៈទម្រង់ជាវិសាលគមពន្លឺ Infrared។

យ៉ាងណាក៏ដោយ ទិដ្ឋភាពនៃពន្លឺ Aurora ដ៏អាថ៌កំបាំង និងកម្លាំងម៉ាញេទិចដ៏ចម្លែករបស់ភពអ៊ុយរ៉ានុស គឺជាចម្ងល់របស់ក្រុមអ្នកវិទ្យាសាស្ត្រនៅឡើយ ដែលពួកគេត្រូវបន្តធ្វើការតាមដាន និងស្វែងរកចម្លើយ។ អ្វីដែលក្រុមអ្នកវិទ្យាសាស្ត្របានដឹងកន្លងមក គឺដែនម៉ាញ៉េទិចនៅលើភពអ៊ុយរ៉ានុស មានស្ថានភាពចម្លែក ដោយខ្សែបន្ទាត់ម៉ាញេទិចតែងតែដាច់ ហើយក៏ផ្សាភ្ជាប់គ្នាឡើងវិញ នៅក្នុងរង្វង់ពេលតែមួយថ្ងៃប៉ុណ្ណោះ, នេះបើយោងតាមការសិក្សានៅឆ្នាំ ២០១៧។ បើតាមលោក Thomas ការស្វែងយល់ពីរបៀបដែល Aurora ទាំងនេះប្រែប្រួលក្នុងរយៈពេលតែមួយថ្ងៃ អាចផ្តល់នូវការយល់ដឹងថ្មីៗអំពីដំណើរអាថ៌កំបាំង ដែលជំរុញឲ្យកើតមាន ដែនម៉ាញេទិកមិនប្រក្រតីនេះបាន៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១)

480×240 Banner