វេជ្ជបណ្ឌិត ឈឹម សារ៉ាត់៖ ប្រទេសអ្នកមានត្រូវតែប្តេជ្ញាចិត្តជួយចែករំលែកវ៉ាក់សាំង និងបច្ចេកវិទ្យាផលិត ដល់អ្នកជាប់ពន្ធដើម្បីផលិតវ៉ាក់សាំង ឱ្យបានទូទាំងពិភពលោក
(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងដែរថា មេដឹកនាំមកពីប្រទេស G20 ត្រូវតែប្តេជ្ញាចិត្តចំពោះសកម្មភាពពិតប្រាកដនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីធានាថាគ្រប់ប្រទេសមិនថាទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ច យ៉ាងណា នោះទេ គឺត្រូវតែមានវ៉ាក់សាំងដើម្បីការពារប្រជាពលរដ្ឋ និងបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះទេ។
ប្រទេសអ្នកមានត្រូវតែចាប់ផ្តើមដោយធានាថា ក្រុមហ៊ុនផលិត វ៉ាក់សាំង ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាឧបត្ថម្ភដល់អ្នកជាប់ពន្ធដើម្បីជំរុញផលិតកម្មវ៉ាក់សាំង ឱ្យបានទូទាំងពិភពលោក។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំការធ្វើយុទ្ធនាការអំពាវនាវដល់បណ្តាប្រទេស អ្នកមាន នៅទូទាំងពិភពលោក( G20 ) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រីខណៈពេលបច្ចុប្បន្ននេះ នៅមិនទាន់ ទទួលបានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋបានច្រើននៅឡើយទេ។
លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីរបស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា (AHF) បានឱ្យដឹងដែរថា មានតែការចាក់វ៉ាក់សាំង ឱ្យបានទូទាំងសកលលោកទេ ទើបអាចជួយការពារអាយុជីវិតមនុស្សពីជំងឺកូវីដ១៩បាន តាមរយៈការជួយការពារកុំឱ្យឈឺធ្ងន់ធ្ងរ និងជួយឱ្យការព្យាបាលឆាប់ជាសះស្បើយ ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានបន្ថែមថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសអ្នកមាន។ ជំងឺ COVID-19 នៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក, អាមេរិកឡាទីន និងនៅជុំវិញពិភពលោក ហើយនេះក៏ដោយសារតែកង្វះខាតវិធានការ នោះគឺការខ្វះខាតវ៉ាក់សាំងសង្រ្គោះជីវិតមនុស្ស។ ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញឱ្យបណ្ដាប្រទេស G20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាឱ្យបាននូវការចាក់វ៉ាក់សាំងឱ្យពិភពលោកទាំងមូល។
តំណាងប្រជាពលរដ្ឋ ក្នុងការចូលរួមយុទ្ធនាការនេះ ក៏បានបញ្ជាក់ វ៉ាក់សាំងគឺពិតជាមានសារៈសំខានណាស់សំរាប់ពួកគាត់ និងប្រជាជនទូទាំងសកលលោក ដើម្បីជួយ ការពាអាយុជីវិត ដូចនេះសូមឱ្យប្រទេសអ្នកមានទាំងអស់ ជួយផ្តល់ជាវ៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រទេសក្រីក្រឱ្យបានច្រើន ដើម្បីបានវ៉ាក់សាំងការពារ និងសូមទុក អាយុជីវិតមនុស្សជាការសំខាន់ជាជាងការស្តុកវ៉ាក់សាំងទុកប្រើប្រាស់តែក្នុងប្រទេសខ្លួនឯងដោយភាពអាត្មានិយម ដែលមិនគិតដល់អ្នកដ៏ទៃ។
ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, កន្លែងដែលអ្នកអាចចូលរួមជាបុគ្គល ឬជាអង្គការ ដើម្បីប្រយុទ្ធឱ្យទទួលបាន វ៉ាក់សាំងនៅទូទាំងពិភពលោក។ សូមជម្រាបថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោកនៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន ការ៉ាអ៊ីបតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕