ប្រធាន NASA បញ្ចេញកំហឹង និងថ្កោលទោសរុស្ស៊ីចំពោះការធ្វើតេស្ត «មីស៊ីលកម្ទេចផ្កាយរណប» ដែលបង្កគ្រោះថ្នាក់ដល់ទីអវកាស

1,161

(អាមេរិក)៖ ប្រធានអង្គការ NASA លោក Bill Nelson បានប្រកាសថ្កោលទោសរុស្ស៊ី ចំពោះការធ្វើតេស្តមីស៊ីលបាញ់កម្ទេចផ្កាយរណប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) ដែលបានបង្កបញ្ហាធ្ងន់ធ្ងរដល់ប្រតិបត្តិការរបស់ ស្ថានីយអវកាសអន្តរជាតិ (ISS) ខណៈសេតវិមានទីក្រុងវ៉ាស៊ីនតោន ក៏ទើបតែបានចេញមុខថ្កោលទោសដូចគ្នា និងចាត់ទុកទង្វើរុស្ស៊ីខាងលើនេះថា «គ្រោះថ្នាក់បំផុត និងគ្មានភាពទទួលខុសត្រូវ»

ការប្រកាសថ្កោលទោសនេះបានកើតមានឡើង បន្ទាប់ពីប្រទេសរុស្ស៊ីបានធ្វើតេស្ត គ្រាប់មីស៊ីលបាញ់កម្ទេចផ្កាយរណបមួយគ្រឿងរបស់ខ្លួន ប្រកបដោយជោគជ័យ។ ការធ្វើតេស្តនេះ បានបង្កឲ្យកម្ទេចកម្ទីផ្កាយរណបរហូតដល់ទៅរាប់ពាន់បំណែក អណ្តែតពាសពេញទីអវកាស ដែលជាហេតុបង្ខំឲ្យក្រុមអវកាសយានិក នៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ស្វែងរកទីកន្លែងជ្រកកោណជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព។

លោក Bill Nelson បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមិនពេញចិត្តជាខ្លាំង ចំពោះសកម្មភាពមិនទទួលខុសត្រូវ និងការបង្កអស្ថិរភាពបែបនេះ»។

ប្រធាន NASA បញ្ចេញកំហឹង និងថ្កោលទោសរុស្ស៊ីចំពោះការធ្វើតេស្ត «មីស៊ីលកម្ទេចផ្កាយរណប» ដែលបង្កគ្រោះថ្នាក់ដល់ទីអវកាស

កាលពីវេលាម៉ោង ២៖០០ទាបភ្លឺថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមអវកាយានិកចំនួន ៧រូប នៅលើ ISS ត្រូវបានដាស់ឲ្យភ្ញាក់ពីដំណេក ដើម្បីចូលទៅជ្រកកោណជាបណ្តោះអាសន្ន ក្នុងបន្ទប់សុវត្ថិភាព (return capsule) បន្ទាប់ពីរុស្ស៊ីបានធ្វើតេស្ត មីស៊ីលបាញ់កម្ទេចផ្កាយរណប «ASAT» (Russian Anti-Satellite) ដែលបានបង្កឲ្យកម្ទេចកម្ទីជាង ១,៥០០បំណែក ខ្ទាតពាសពេញទីអវកាស និងអាចមានឱកាសបុកត្រូវស្ថានីយអវកាសផងដែរ។

លោក Bill Nelson បានលើកឡើងទៀតថា សកម្មភាពរបស់រុស្ស៊ី មិនត្រឹមតែបង្កការគំរាមកំហែងដល់ស្ថានីយអវកាសអន្តរជាតិ (ISS) ប៉ុណ្ណោះទេ តែសូម្បីស្ថានីយអវកាសចិន និងផ្កាយរណបបរទេសរាប់រយរាប់ពាន់គ្រឿងទៀត ក៏ត្រូវប្រឈមនឹងហានិភ័យនេះដូចគ្នា។

យ៉ាងណាក៏ដោយ អង្គការអវកាសរុស្ស៊ី ROSCOSMOS បានឆ្លើយតបវិញថា សញ្ញាប្រកាសអាសន្ននៅលើ ISS គឺមានកម្រិតពណ៌បៃតងប៉ុណ្ណោះ ដូច្នេះវាគ្មានបញ្ហាអ្វីធំដុំឡើយ។ គិតត្រឹមឆ្នាំ២០២១នេះ ប្រទេសដែលមានសមត្ថភាព ប្រើប្រាស់មីស៊ីលបាញ់កម្ទេចផ្កាយរណប គឺមានតែចំនួន ០៤ប៉ុណ្ណោះនៅលើពិភពលោក នោះគឺសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងឥណ្ឌា៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Space.com (ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១)

480×240 Banner