អង្គការ AHF រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២១ ក្រោមប្រធានបទ «ជំងឺអេដស៍ និងជំងឺឆ្លងរាតត្បាតសកលផ្សេងទៀត»

377

(សៀមរាប)៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២១ ដែលបានរៀបចំឡើងដោយអង្កការមូលនិធិថែទាំសុខភាពអេដស៍ (AHF) នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើឡើងនៅទឹកដីខេត្តសៀមរាប បានបង្ហាញនូវប្រធានបទថ្មីមួយគឺ ជំងឺអេដស៍ និង ជំងឺឆ្លងរាតត្បាតសកលផ្សេងទៀត» ដើម្បីជាការក្រើនរំលឹកដល់ពិភពលោកថា សូម្បីតែនៅក្នុង អំឡុងពេលនៃការាតត្បាត ដោយមេរោគកូវីដ១៩ ការប្រយុទ្ធនឹងមេរោគអេដស៍ គឺនៅតែជាប្រធានបទដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ នៃសុខភាពសាធារណៈសកល ពីព្រោះវានៅតែធ្វើឲ្យបាត់បង់ ជីវិតមនុស្សរាប់រយពាន់នាក់ជារៀងរាល់ឆ្នាំ ។

ទិវានេះបានធ្វេីឡេីងក្រោមវត្តមាន លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំអ្នកជំងឺអេដស៍ រួមទាំងមានការចូលរួមពីយុរជនជាច្រេីនរូបទៀត។

អង្គការ AHF រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមកពីជុំវិញពិភពលោក បានរៀបចំកម្មវិធីរំលឹកជាច្រើន រួមទាំងព្រឹត្តិការណ៍ ផ្សាយផ្ទាល់ និងព្រឹត្តការសង្គមដោយរក្សាគម្លាតសុវត្តិភាព ដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការធ្វើតេស្តឈាម ការបង្ការ និងការព្យាបាលជំងឺអេដស៍និងដើម្បីស្វែងរកការគាំទ្រក្នុងបន្តការប្រយុទ្ធដ៏សំខាន់នេះ។

មូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា (AHF) នឹងរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្រោមជំងឺអេដស៍ និងជំងឺឆ្លងរាតត្បាតសកលផ្សេងទៀត»។ ប្រធានបទនេះ នឹងបន្តបម្រើដល់ការដាស់តឿនថា ទោះជានៅអំឡុងការឆ្លងរាតត្បាតនៃជំងឺ COVID-19 ក៏ដោយ ពិភពលោកនៅតែត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឬ ហ៊ីវ (HIV) ដែលជាជំងឺឆ្លងមួយបានឆ្លងរាលដាលអស់រយៈពេលជាង៣០ឆ្នាំមកនេះ។

លោកស្រី Terri Ford ប្រធានផ្នែកតស៊ូមតិសកល និងគោលនយោបាយនៃមូលនិធិ AHF បានបញ្ជាក់ដូច្នេះថា នៅក្នុងបរិបទដែល COVID-19 បានបង្កវិនាសកម្មនៅ ជុំវិញពិភពលោក ជំងឺដ៏កាចសាហាវមួយត្រូវបានគេចាត់ទុកថាជាជំងឺស្ថិតនៅជួរមុខដែលត្រូវប្រយុទ្ធប្រឆាំងក្នុងរយៈពេលជិត២ឆ្នាំមកនេះ ដូច្នេះហើយទើបទិវាជំងឺអេដស៍ ពិភពលោក ពិតជាមានសារៈសំខាន់ណាស់ក្នុងការក្រើនរំឮកពី «ជំងឺឆ្លងរាតត្បាតដទៃ»។

អេដស៍ ឬ HIV នៅតែបន្តឆក់យកជីវិតមនុស្សជិត ៧០០,០០០នាក់ ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក។ ខណៈមេដឹកនាំពិភពលោកមានកាតព្វកិច្ចប្រយុទ្ធប្រឆាំង COVID-19 ក្នុងនោះមានទាំងការប្ដេជ្ញាចិត្តធ្វើ សកម្មភាពជាក់ស្ដែងក្នុងការធានាឱ្យបាននូវការទទួលបានវ៉ាក់សាំងប្រើប្រាស់សម្រាប់មនុស្សគ្រប់រូប ពួកគេក៏ត្រូវតែបន្ត រក្សាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ផងដែរ តាមរយៈលើកទឹកចិត្តដល់ការធ្វើតេស្ដរកមេរោគអេដស៍ និងផ្ដល់ថ្នាំពន្យារអាយុជីវិតដល់អ្នកដែលត្រូវការវាជាចាំបាច់។

អង្គការ AHF នឹងរៀបចំព្រឹត្តិការណ៍ចម្រុះផ្សេងៗ ទាំងនៅតាមកន្លែងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នៅក្នុងបណ្តាប្រទេសជាសមាជិក ចំនួន៤៥ប្រទេស។ ព្រឹត្តិការណ៍ទាំងនោះ មានគោលបំណងបង្វែរចំណាប់អារម្មណ៍របស់អន្តរជាតិ ឱ្យងាកទៅរកវិបត្តិជំងឺអេដស៍ ក៏ដូចជាអ្នកផ្ទុក និងអ្នករងការប៉ះពាល់ដោយសារតែជំងឺនេះ នៅទូទាំងសកលលោក។ មួយវិញទៀតគឺដើម្បីដើរតួនាទីជាការក្រើនរំលឹក អំពីសារសំខាន់នៃឱកាសទទួលបានការធ្វើតេស្ត ការបង្ការ និងការព្យាបាលជំងឺអេដស៍។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ីនៃអង្គការ AHF បានថ្លែងថា វិបត្តិកូវីដ១៩ គឺជាការដាស់តឿនដ៏ធ្ងន់ធ្ងរមួយសម្រាប់ពិភពលោក ជាពិសេសនៅទូទាំងតំបន់អាស៊ី ដែលមនុស្សនៅតាមប្រទេសជាច្រើន មិនសូវមានឱកាសទទួលបានការចាក់វ៉ាក់សាំង បាត់បង់ការងារ និងកំពុងទទួលរងអសន្តិសុខ ស្បៀង។ វិធានការបិទខ្ទប់តឹងរ៉ឹង ក៏បានជះផលប៉ះពាល់ផងដែរ ចំពោះផ្នែកជាច្រើននៃសង្គម រួមមានការបង្កជាឧបសគ្គ ដល់សមត្ថភាពរបស់តំបន់អាស៊ី ក្នុងការឆ្លើយតប ចំពោះវិបត្តិជំងឺអេដស៍ និងគំរាមកំហែងចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ។

លោក សារ៉ាត់ បានបន្តថា ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ផ្តល់នូវឱកាសដើម្បីឆ្លុះបញ្ចាំងឡើងវិញចំពោះវឌ្ឍនភាពនោះ ហើយក្រើនរំលឹក អ្នករាល់គ្នាថា មនុស្សរាប់លាននាក់ ជាពិសេសបុគ្គលងាយរងគ្រោះ នៅតែមិនទាន់មានឱកាសទទួលបាន ឱសថសង្រ្គោះជីវិតពួកគេនៅឡើយទេ។ ទោះបីបច្ចុប្បន្នកូវីដ១៩កំពុងនៅ បន្តជាវិបត្តិជំងឺឆ្លងដ៏ធំមួយដដែលក៏ដោយ ទន្ទឹមគ្នានេះមេដឹកនាំពិភពលោកត្រូវតែបន្តព្យាយាមប្រឹងប្រែងឲ្យខ្លាំងថែមទៀត ដើម្បីបញ្ចប់វិបត្តិជំងឺអេដស៍ផងដែរ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់មនុស្សជាង ១.៤៧លាននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើតជាដើម។ សម្រាប់ព័ត៌មានលម្អិតអំពី សូមចូលទៅកាន់គេហទំព័រទំព័រហ្វេសប៊ុក៖ www.facebook.com/aidshealth ៕

អង្គការ AHF រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២១ ក្រោមប្រធានបទ «ជំងឺអេដស៍ និងជំងឺឆ្លងរាតត្បាតសកលផ្សេងទៀត»
480×240 Banner