ទិដ្ឋភាពនេះត្រូវបានថតដោយ Hubble របស់ NASA និងមានចម្ងាយជាង ១ម៉ឺនឆ្នាំពន្លឺពីផែនដី, តើវាមានអ្វីពិសេស?

6,642

(បរទេស)៖ ទិដ្ឋភាពនៃបណ្តុំពពកឧស្ម័នដ៏កញ្ច្រោលនេះ គឺផ្កាយនីបូឡា (nebula) ដែលមានឈ្មោះថា NGC 6891 ស្ថិតនៅចម្ងាយ ១១,៧៨៤ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ពីភពផែនដីយើង។ វាត្រូវបានផ្តិតយកដោយ កែវយឺតអវកាសវ័យ ៣១ឆ្នាំរបស់អង្គការ NASA នោះគឺ Hubble កាលពីពេលថ្មីៗកន្លងទៅនេះ។

កែវយឺតអវកាស Hubble បានផ្តិតយករូបភាពបណ្តុំពពក nebula NGC 6891 នៅក្នុងឱកាសនៃការស្វែងយល់អំពីទិដ្ឋភាពខាងលើនេះ ដើម្បីឲ្យដឹងថា តើបណ្តុំពពកឧស្ម័នប្រភេទនោះ កកើតឡើង និងប្រែប្រួលយ៉ាងដូចម្តេច។ សព្វថ្ងៃនេះ យើងទាំងអស់គ្នាបានដឹងថា បណ្តុំពពក nebula ប្រភេទនេះ គឺជាតារាតូច ឬស្នូលតារា ដែលព័ទ្ធជុំវិញដោយឧស្ម័នបញ្ចេញពីខ្លួនវា នៅពេលអាយុជីវិតរបស់វាជិតផុតរលត់។

ប្រព័ន្ធចាប់រូបភាពដ៏អស្ចារ្យរបស់ Hubble បានទម្លុះចូលទៅដល់ស្រទាប់សំខាន់ៗ នៃពពកឧស្ម័នរបស់ NGC 6891 ហើយនៅទីបំផុតក្រុមអ្នកវិទ្យាសាស្ត្រអាចដឹងថា បណ្តុំពពកឧស្ម័នស្រទាប់ក្រៅ បាននិងកំពុងពង្រីកវិសាលភាពទៅក្នុងទីអវកាស លឿនជាងបណ្តុំពពកស្រទាប់ខាងក្នុងរបស់វាទៅទៀត។ ហើយបន្ថែមពីនេះ ការអង្កេតក៏បានរកឃើញផងដែរថា ស្រទាប់ពពកឧស្ម័នទាំងនេះ បានរីកមាឌក្នុងទិសដៅផ្សេងៗពីគ្នា។

សេចក្តីថ្លែងការណ៍របស់អង្គការ NASA ដែលត្រូវបានដកស្រង់នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះបានឲ្យដឹងថា «យោងតាមចលនាជារួម ក្រុមតារាវិទូបានគណនាថា ស្រទាប់ក្នុងគេ (inner halo of gas) មានអាយុកាល ៤,៨០០ឆ្នាំ និងស្រទាប់ក្រៅគេ (outer halo of gas) មានអាយុកាល ២៨,០០០ឆ្នាំ។ អាយុកាលទាំងនេះ គឺគិតចាប់តាំងពីតារានោះ ចាប់ផ្តើមជះនូវឧស្ម័នទាំងអស់នេះចេញមក ដែលបានបង្ហាញអំពីសញ្ញានៃការជិតរលត់ជីវិតរបស់វា»។

ទិដ្ឋភាពនេះត្រូវបានថតដោយ Hubble របស់ NASA និងមានចម្ងាយជាង ១ម៉ឺនឆ្នាំពន្លឺពីផែនដី, តើវាមានអ្វីពិសេស?

គួរបញ្ជាក់ថា ពន្លឺចេញពីពពក nebula NGC 6891 បានកើតមានឡើង នៅពេលដែលស្នូលតារាពណ៌សនោះ បញ្ចេញនូវអ៊ីយ៉ុង (ionizes) ឬដកចេញនូវអេឡិចត្រុង (electrons) ចេញពីឧស្ម័នអ៊ីដ្រូសែន (hydrogen gas) ដែលព័ទ្ធជុំវិញខ្លួនវា។ NASA បានគូសបញ្ជាក់ថា ពពួកអេឡិចត្រុងពោរពេញដោយថាមពល បានត្រឡប់ពីភាពមានថាមពលខ្ពស់ ទៅកាន់ភាពមានថាមពលទាប តាមរយៈការរួមផ្សំជាមួយនុយក្លេអ៊ែ-អ៊ីដ្រូសែន (hydrogen nuclei) ដោយពួកវាបញ្ចេញថាមពលក្នុងទម្រង់ជាពន្លឺ ហេតុដូច្នេះហើយទើបពពកឧស្ម័នរបស់ nebula ខាងលើនេះអាចបញ្ចេញពន្លឺបាន៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ NASA/Space.com (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១)

480×240 Banner