ទស្សនាវីដេអូនៃរ៉ុក្កែតផ្ទុក James Webb ហោះឡើងពីផ្ទៃផែនដី និងការបញ្ចេញតេឡេស្កូបពីរ៉ុក្កែត (មានវីដេអូ)

7,145

(អាមេរិក)៖ នៅទីបំផុតកែវយឺតអវកាស James Webb ដែលត្រូវបានពន្យារការបាញ់បង្ហោះស្ទើររាប់មិនអស់ តាំងតែពីឆ្នាំ២០០៧ នោះ ត្រូវបានបាញ់បង្ហោះចេញពីផ្ទៃភពផែនដីហើយ នៅវេលាម៉ោង ៧៖២០នាទីយប់ថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា) ត្រូវបាននឹងព្រឹកថ្ងៃដដែល ពេលវេលានៅដែនដីបារាំង ហ្កាយ៉ាណា (Guiana) ស្ថិតភាគឦសានទ្វីបអាមេរិកខាងត្បូង ជាទីដែលតេឡេស្កូបអវកាសតម្លៃជិត ១០ពាន់លានដុល្លារនេះ ត្រូវបានបាញ់បង្ហោះ។

James Webb នឹងត្រូវចំណាយពេល ២៩ថ្ងៃ ដើម្បីចល័តទៅឲ្យដល់ទីតាំង ដែលវាត្រូវធ្វើគោចរនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី ជាគន្លងគោចរលំដាប់ L2។ James Webb នឹងជីកកាយអំពីអាថ៌កំបាំងនៃការកកើតចក្រវាល ដែលមនុស្សលោកលើផែនដី នៅតែមិនទាន់អាចពន្យល់ឲ្យបានច្បាស់លាស់នៅឡើយ។

«ទស្សនា៖ វីដេអូទី ១»៖ រ៉ុក្កែត Ariane 5 ផ្ទុក James Webb ហោះឡើងពីផែនដី និងទៅដល់គន្លងគោចរផែនដី៖

«ទស្សនា៖ វីដេអូទី ២»៖ តេឡេស្កូប James Webb ត្រូវបានបញ្ចេញ ពីក្បាលគ្រាប់រ៉ុក្កែត Ariane 5 ដើម្បីឲ្យវាចាប់ផ្តើមចល័តទៅរកគន្លងគោចរ៖

រំលឹកឡើងវិញ៖ តើតេឡេស្កូបអវកាស James Webb អាចឆ្លុះមើលអតីតកាលដោយរបៀបណា? ហើយថាតើ James Webb អាចឆ្លុះមើលឃើញភពអេលៀន (Alien) បានយ៉ាងដូចម្តេច?

១៖ ការឆ្លុះមើលអតីតកាល

សម្លឹងមើលទៅកាន់ចក្រវាល តាមរយៈរលកចម្ងាយនៃពន្លឺ infrared (infrared wavelengths) តេឡេស្កូបអវកាស James Webb នឹងបង្ហាញយើងអំពីអ្វីៗ ដែលតេឡេស្កូបមុនៗសូម្បីតែ Hubble មិនធ្លាប់បានបង្ហាញ ឬមិនអាចមានលទ្ធភាពក្នុងការចាប់បាន។ ជាមួយនឹងពន្លឺ infrared នេះ James Webb អាចឲ្យយើងមើលឃើញតារានានា និងប្រព័នភពទាំងឡាយ កំពុងកកើតនៅក្នុងបណ្តុំនៃពពកធូលី ដែលពីមុនមកវាបានបង្ហាញភាពស្រអាប់ មិនបញ្ចេញពន្លឺណាមួយ ឲ្យយើងមើលឃើញងាយៗនោះឡើយ។

ពន្លឺ infrared (infrared light) ដែលភ្នែករបស់មនុស្សមិនអាចមើលឃើញ នឹងត្រូវប្រើប្រាស់ដោយ James Webb ដើម្បីស្វែងយល់អំពីដំណើរវិវឌ្ឍ កាលពីអតីតកាលនៃទីអវកាស។ នៅពេលដែលវាឆ្លុះទៅកាន់ចម្ងាយ ចាប់ពីរាប់ឆ្នាំពន្លឺរហូតដល់រាប់រយឆ្នាំពន្លឺនោះ អតីតកាលជាច្រើនរឿងនឹងត្រូវវាលាតត្រដាង។ ឧបករណ៍សំខាន់ៗទាំង ៤ របស់ James Webb សុទ្ធតែត្រូវបានរចនាឡើង ដើម្បីចាប់យកពន្លឺ infrared នៅក្នុងទីអវកាស ដោយវាអាចឆ្លុះទម្លុះកម្ទេចធូលីនៃទីអវកាស ដើម្បីសិក្សាវត្ថុអវកាសឆ្ងាយៗ និងត្រជាក់ខ្លាំងបានផងដែរ។

បញ្ជាក់៖ ពន្លឺ អ៊ីនហ្វ្រា ឬ Infrared Light គឺជាវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច (electromagnetic radiation) ដែលមានប្រវែងរលកវែងជាងពន្លឺធម្មតា។ ពន្លឺធម្មជាតិ ឬ Light អាចឲ្យភ្នែកមនុស្សមើលឃើញ ប៉ុន្តែ Infrared Light គឺមនុស្សមិនអាចមើលឃើញឡើយ។ វត្ថុនានាក្នុងទីអវកាសដែលអាចបញ្ចេញកម្តៅ (heat) សុទ្ធតែមានបញ្ចេញនូវ Infrared Light ទោះបីជាមិនបញ្ចេញពន្លឺ (Light) ក៏ដោយ។

២៖ ការឆ្លុះរកមើលភពអេលៀន (Alien) ដើម្បីវិភាគរកភពដែលអាចលាក់ជីវិត

វាគឺជាគោលដៅធំមួយដែររបស់ James Webb នៅក្រោយការបាញ់បង្ហោះ និងគោចរនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី។ បណ្តុំកញ្ចក់ពណ៌មាសដែលមានមុខកាត់ ៦.៥ម៉ែត្រ, កាមេរ៉ាស្វ័យប្រវត្តិ និងឧបករណ៍ពិសេសមួយចំនួនទៀត នៅលើតេឡេស្កូបអវកាសនេះ សុទ្ធតែជាអំណាចដែលវាមាន ក្នុងការសិក្សាស្រាវជ្រាវទីអវកាស។ James Webb អាចឆ្លុះបានជម្រៅ ១០០លានឆ្នាំពន្លឺទៅក្នុងចក្រវាល បើធៀបនឹង Hubble ដែលបានត្រឹមតែជាង ៣លានឆ្នាំពន្លឺប៉ុណ្ណោះ។

James Webb ដែលមានទម្ងន់ ៦.៥តោន នឹងអាចឆ្លុះមើលដឹងអំពីធាតុផ្សំ នៅក្នុងបរិយាកាសភពនានា ដែលជាគោលដៅនៃការអង្កេត។ វាគឺជារឿងងាយបំផុត នៅក្នុងការស្វែងយល់អំពីចំណុចនេះ, ឧទាហរណ៍ប្រសិនបើ James Webb កំពុងតែគោចរនៅជុំវិញភព Proxima B នៃប្រព័ន្ធផ្កាយ Proxima Centaury ដែលមានចម្ងាយ ៤.២ឆ្នាំពន្លឺពីផែនដី ហើយវាតម្រង់កាណុងមកអង្កេតផែនដីយើងវិញនោះ វានឹងអាចប្រាប់ Alien នៅលើភព Proxima B នោះថា បរិយាកាសផែនដីយើង ផ្សំឡើងដោយសារធាតុគីមីអ្វីខ្លះ។

ការយល់ដឹងអំពីធាតុគីមីផ្សំ នៅក្នុងបរិយាកាសរបស់ភពមួយ គឺពិតជាសំខាន់ខ្លាំងបំផុត ដែលស្ទើរតែអាចឲ្យយើងធ្វើការសន្មត់តែម្តងថា ភពមួយនោះមានជីវិតរស់នៅដែរឬអត់។ James Webb ជាតេឡេស្កូបអវកាស ដែលនឹងមានភាពស្និទ្ធទៅនឹង ពន្លឺគ្រប់ទម្រង់នៅក្នុងទីអវកាស ហើយសម្រាប់ភពមួយ វាអាចចាប់សញ្ញាចេញពីប្រតិកម្មគីមី មិនប្រក្រតីក្នុងបរិយាកាស (atmospheric chemical disequilibrium) នៃភពនោះបាន។ James Webb អាចនឹងរកឃើញអុកស៊ីសែន (oxygen) ឬសារធាតុគីមីជំពូកជាមួយគ្នាគឺ អូហ្សូន (ozone) ដែលជាមធ្យោបាយសន្មត់ថា មានជីវិតក្នុងទម្រង់ណាមួយ នៅលើភពដែលវាអង្កេតនោះផងក៏បាននៅថ្ងៃអនាគត៕

ទស្សនាវីដេអូនៃរ៉ុក្កែតផ្ទុក James Webb ហោះឡើងពីផ្ទៃផែនដី និងការបញ្ចេញតេឡេស្កូបពីរ៉ុក្កែត (មានវីដេអូ)

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ NASA/BBC/Space.com (ថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១)

480×240 Banner