ស្វែងយល់៖ James Webb នឹងជីកកកាយឲ្យដល់ «ខណៈពេលដំបូងៗ» នៃការកកើតចក្រវាល! ទ្រាំចាំ៦ខែទៀត (មានវីដេអូ)

3,353

(បរទេស)៖ តេឡេស្កូបឆ្លុះចក្រវាល James Webb ដែលមានតម្លៃអភិវឌ្ឍសរុបជិត ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានបាញ់បង្ហោះចេញពីភពផែនដីហើយ កាលពីថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។ វាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំបំផុតមួយ សម្រាប់ឆ្នាំ២០២១ នេះ ព្រោះតែតេឡេស្កូបអវកាស ដែលដឹកនាំការផលិតដោយអង្គការ NASA នៃសហរដ្ឋអាមេរិក សហការជាមួយអង្គការអវកាសអឺរ៉ុប (ESA) និងអង្គការអវកាសកាណាដា (CSA) ត្រូវបានពន្យារពេលបាញ់បង្ហោះអស់ជាង ១ទសវត្សរ៍មកហើយ។

យោងតាមអង្គការ NASA, បេសកកម្ម James Webb នឹងស្រាវជ្រាវគ្រប់ដំណាក់កាល នៃការវិវឌ្ឍរបស់ចក្រវាល និងអវកាស គិតចាប់ពីក្នុងប្រព័ន្ធព្រះអាទិត្យយើងផ្ទាល់ រហូតដល់កាឡាក់ស៊ីឆ្ងាយៗបំផុត ដែលជាពេលចាប់ផ្តើមដំបូងៗ នៃការកកើតចក្រវាលមួយនេះ។ ជុំវិញបេសកកម្មនេះ, លោក Stephane Israel នាយកប្រតិបត្តិនៃក្រុមហ៊ុន Arianespace ដែលទទួលបន្ទុកក្នុងការបាញ់បង្ហោះ James Webb បានលើកឡើងនាប៉ុន្មាននាទីមុនការបាញ់បង្ហោះថា «យើងនឹងបាញ់បង្ហោះ (James Webb) ដើម្បីមនុស្សជាតិ… បន្ទាប់ពី Webb ចាប់ដំណើរការ យើងនឹងមិនមើលឃើញផ្ទៃមេឃ ដូចពីមុនទៀតនោះឡើយ…»។

១៖ ដំណើរប្រកបដោយហានិភ័យ និងវែងឆ្ងាយរបស់ James Webb

James Webb ត្រូវបានគ្រាប់រ៉ុក្កែត Ariane 5 របស់ ESA រុញច្រានចេញពីដែនដីបារាំង Guiana ស្ថិតនៅភាគឦសានទ្វីបអាមេរិកខាងត្បូង ឡើងទៅកាន់ទីអវកាសនៅវេលាម៉ោង ៧៖២០នាទីល្ងាចថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ (ពេលវេលានៅកម្ពុជា) ហើយក្រោយពីការដកខ្លួនចេញពីក្បាលគ្រាប់រ៉ុក្កែត នៅរយៈពេលកំលុង ១ម៉ោងក្រោយការបាញ់បង្ហោះ, James Webb នឹងត្រូវការពេល ២៩ថ្ងៃទៀត ដើម្បីចល័តទៅកាន់គន្លងគោចរមួយហៅថា «L2» ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី, វាជាគន្លងគោចរដែលមានព្រះចន្ទស្ថិតនៅចន្លោះ រវាងភពផែនដី និង James Webb។

នៅពេលទៅដល់ទីតាំងនោះហើយទើប James Webb អាចប្រើប្រាស់បណ្តុំបន្ទះដូចកញ្ចក់ពណ៌មាស ដែលមានមុខកាត់សរុប ៦.៥ម៉ែត្រ ព្រមទាំងកែវភ្នែកនៃពន្លឺ infrared របស់វា ដើម្បីឆ្លុះមើលទៅកាន់ទីអវកាស គ្រប់កន្លុកកន្លៀតដែលវាចង់មើល រួមទាំងទៅលើបរិស្ថាន និងភព ឬព្រះចន្ទនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងផ្ទាល់ផងដែរ។

ឧបករណ៍សំខាន់ៗរបស់ James Webb ត្រូវបានការពារដោយ ស្រទាប់ការពារកម្តៅថ្ងៃរហូតដល់ទៅ ៥ស្រទាប់ ដែលពិតជាសំខាន់ក្នុងការរក្សាសុវត្ថិភាព កញ្ចក់ស្រូបពន្លឺ និងឧបករណ៍ចាប់រលកសញ្ញា infrared ឲ្យស្ថិតនៅក្នុងសីតុណ្ហភាពទាបបំផុត។ ជាមួយនឹងទំហំ ២១ម៉ែត្រ គុណនឹង ១៤ម៉ែត្រ, James Webb អាចដាក់តម្កល់ពេញលើតារាងវាយ tennis មួយបាន។

នៅក្រោយការបាញ់បង្ហោះជោគជ័យ ៣ថ្ងៃ ខែលការពារកម្តៅថ្ងៃនឹងត្រូវត្រដាងចេញមក ដែលដំណើរការនេះនឹងត្រូវប្រើប្រាស់រយៈពេល ៥ថ្ងៃ។ បន្ទាប់មកទៀត គឺផ្នែកកញ្ចក់ ដែលនឹងត្រូវបើកចេញនៅលើតារាង ដោយនឹងត្រូវប្រើប្រាស់ពេលសរុប ១២ថ្ងៃ នៅអំលុងពេលដែល James Webb កំពុងចល័តទៅរកគន្លងគោចរ L2 នោះតែម្តង។

សរុបមក យន្តការដែលត្រូវបានដាក់ចេញសរុបរាប់់រយដំណាក់កាល ត្រូវតែសម្រេចឲ្យបានយ៉ាងល្អឥតខ្ចោះ នោះទើបតេឡេស្កូបអវកាសនេះ អាចទទួលជោគជ័យនៅក្នុងដំណើរការវាបាន។ ជុំវិញបញ្ហានេះ, លោក Greg Robinson នាយកគ្រប់គ្រងកម្មវិធីរបស់អង្គការ NASA បានលើកឡើងថា «វាដូចជាអ្វីមួយ ដែលយើងមិនធ្លាប់់បានធ្វើឡើយពីមុនមក»។

២៖ James Webb ជាអ្នកស្នងដំណែងដ៏អស្ចារ្យពី Hubble

ទោះបីកែវយឺតអវកាស Hubble (HST) ដែលមានអាយុកាល ៣២ឆ្នាំមកហើយនេះ នៅតែអាចដំណើរការពិតមែន តែ James Webb (JWST) ត្រូវបានអភិវឌ្ឍឡើង ដើម្បីបន្តដំណែងពីវាយ៉ាងពិតប្រាកដ។ James Webb ដែលមានទម្ងន់សរុប ៧តោន ត្រូវបានអភិវឌ្ឍឡើងដោយ NASA, ESA និង CSA ហើយមនុស្សរាប់ពាន់នាក់បានចូលរួមក្នុង កិច្ចការងារអភិវឌ្ឍ និងផលិតវាចេញមក គិតចាប់តាំងពីអំលុងទសវត្សរ៍ ១៩៩០ មកម្ល៉េះ។

បើគិតពីគុណសម្បត្តិវិញ James Webb នឹងខ្លាំងជាង Hubble រហូតដល់ទៅ ១០០ដង ដោយវានឹងអាចបំប្លែងការយល់ដឹងរបស់ក្រុមអ្នកវិទ្យាសាស្ត្រ អំពីចក្រវាល និងទីកន្លែងដែលយើងកំពុងស្ថិតនៅ។ James Webb នឹងសម្លឹងមើលជាចម្បងទៅក្នុងទីអវកាស ទៅរកវិសាលគមអ៊ីនហ្វ្រារ៉េដ (infrared spectrum) ដែលអនុញ្ញាតឲ្យវាអាចមើលធ្លុះបណ្តុំពពកនៃធូលី និងឧស្ម័ន ដែលជាទីកន្លែងតារានានាបានកំពុងចាប់កំណើត ខណៈដែល Hubble វិញបានដំណើរការជាចម្បង ដោយពិនិត្យមើលរលកចម្ងាយនៃពន្លឺ អ៊ុលត្រាវ៉ាយអូឡេត និង អុបទិក (optical and ultraviolet wavelengths) ប៉ុណ្ណោះ។

កន្លងមកនេះ Hubble អាចឲ្យមនុស្សលោកលើភពផែនដី ស្វែងយល់ត្រួសៗអំពីការកកើតចក្រវាល រហូតដល់រយៈពេល ១៣.៤ពាន់លានឆ្នាំមុន។ ហើយឆាប់ៗខាងមុខនេះ យើងនឹងត្រូវពឹងលើ James Webb វិញម្តង ដែលអាចសម្លឹងមើលទៅបានកាន់តែឆ្ងាយ រហូតដល់ក្បែរព្រឹត្តិការណ៍នៃបន្ទុះ Big Bang, ជាបន្ទុះដែលក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា បានបង្កើតចក្រវាលទាំងមូលនេះចេញមក កាលពី ១៣.៨ពាន់លានឆ្នាំមុន។

តារាវិទូចូលនិវត្តន៍មួយរូប គឺលោក Steven Hawley ដែលបច្ចុប្បន្នជាសាស្ត្រាចារ្យនៅ សាកលវិទ្យាល័យរដ្ឋ Kansas សហរដ្ឋអាមេរិក បានរំលឹកឡើងវិញថា នៅពេលលោកពន្លែង Hubble ទៅកាន់គន្លងគោចរ លោកមិនបានរំពឹងផងថា វានឹងអាចដំណើរការយ៉ាងរឹងមាំរហូតដល់ ៣២ឆ្នាំបែបនេះ។ លោក Hawley ក៏រំពឹងផងដែរថា ៣២ឆ្នាំក្រោយមកទៀត យើងនឹងអាចនិយាយបែបនេះទៅកាន់ James Webb ដូចគ្នា។

យ៉ាងណាក៏ដោយ អង្គការ NASA រំពឹងថា James Webb នឹងអាចដំណើរការបាន យ៉ាងហោចណាស់ក៏ ១០ឆ្នាំដែរ។ ក្រុមវិស្វករបានត្រៀមទុកធុងឥន្ធនៈបម្រុងមួយ ដោយចេតនា ដើម្បីឲ្យយាននៅថ្ងៃអនាគតណាមួយ អាចធ្វើទស្សនៈកិច្ចទៅកាន់ James Webb និងចាក់បំពេញថាមពលឲ្យកែវយឺតអវកាសនេះ អាចបន្តជីវិតលើសពីផែនការ នៅពេលដែលបច្ចេកវិទ្យាបែបនេះ ទៅថ្ងៃមុខអាចត្រូវបានបង្កើតឡើង។

៣៖ James Webb ជាម៉ាស៊ីននៃពេលវេលា (time machine) ដែលនឹងបើកសករាជថ្មីនៃវិស័យតារាសាស្ត្រ

ប្រធានអង្គការ NASA លោក Bill Nelson បានហៅថា James Webb ថាជា «ម៉ាស៊ីននៃពេលវេលា ដែលវានឹងជួយយើងឲ្យយល់ដឹងកាន់តែប្រសើរឡើង ចំពោះចក្រវាល និងកន្លែងដែលយើងកំពុងស្ថិតនៅ… យើងគឺជានរណា, យើងគឺជាអ្វី… ហើយដែលជាការស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយតាមដែលអាចធ្វើទៅបាន… យើងនឹងរកឃើញរឿងអស្ចារ្យជាច្រើន ដែលយើងនឹកស្មានមិនដល់»។

កញ្ចក់ពណ៌មាសរាងឆកោនចំនួន ១៨បន្ទះរបស់ James Webb មានសមត្ថភាពស្រូបពន្លឺបានខ្ពស់ ទៅលើតំបន់ដ៏ធំធេង, អង្កេតមើលវត្ថុអវកាស ស្ថិតនៅចម្ងាយកាន់តែឆ្ងាយ និងត្រលប់ទៅមើលអតីតកាល បានកាន់តែយូរជាង Hubble និងកែវយឺតដទៃៗទៀតកន្លងមក។

តារាវិទូអន្តរជាតិធ្លាប់បានលើកឡើងថា James Webb នឹងឲ្យយើងមើលឃើញទិដ្ឋភាពនៃទីអវកាស នៅក្រោយរយៈពេល ១០០លានឆ្នាំនៃបន្ទុះ Big Bang។ បន្ទុះ Big Bang ដែលត្រូវបានចាត់ទុកថា បានកើតមានឡើងកាលពី ១៣.៨ពាន់លានឆ្នាំមុន បានក្លាយជាចំណុចចាប់ផ្តើមនៃអ្វីៗគ្រប់យ៉ាង នៅក្នុងចក្រវាលមួយនេះ។ កន្លងមកនេះ កែវយឺតអវកាស Hubble អាចសម្លឹងទៅមើលបានតែរយៈពេល ៤០០លានឆ្នាំ នៅក្រោយបន្ទុះ Big Bang ប៉ុណ្ណោះ ដែលជាពេលកាឡាក់ស៊ីមួយចំនួនតូច ទើបបានកកើតឡើង ស្របពេលកញ្ចុំតារា និងវត្ថុអវកាសនានា កំពុងប្រមូលផ្តុំរូបរាង។

ដោយឡែកពីការព្យាយាមសិក្សា អំពីការកកើតតារា និងកាឡាក់ស៊ីដំបូងៗ នៅក្នុងចក្រវាល, ក្រុមតារាវិទូកំពុងអន្ទះសាក្នុងការសិក្សា អំពីវត្តមាននៃពពួកប្រហោងខ្មៅមហាយក្ស (super-massive black holes) ដែលត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅចំំណុចកណ្តាល នៃកាឡាក់ស៊ីឆ្ងាយៗទាំងនោះផងដែរ។

៤៖ ឱកាសនៃការស្វែងរកភពអេលៀនតាមរយៈ James Webb

អ្វីដែលមនុស្សលោកលើផែនដី ចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺទំនងជាការស្វែងរកជីវិតភពផ្សេង ឬអេលៀន (Alien)។ ឧបករណ៍នៅលើខ្លួន James Webb អាចចោលមុខព្រួញទៅរកភពគួរឲ្យសង្ស័យនានា ដែលតេឡេស្កូបមុនៗដូចជា Kepler និង TESS ជាដើមបានរកឃើញថា អាចកំពុងលាក់ជីវិត។ James Webb នឹងអាចអង្កេតអំពីធាតុផ្សំ នៅក្នុងបរិយាកាសភពទាំងនោះ ដែលជាគន្លឹះដ៏សំខាន់ក្នុងការគណនាដឹងថា ភពនោះមានលាក់ជីវិត ឬមួយក៏អត់។ James Webb ក៏អាចចោលក្រសែភ្នែកទៅរកភពអង្គារ និងព្រះចន្ទ ទីតាន (Titan) នៃភពសៅរ៍ ដើម្បីសិក្សាអំពីធាតុផ្សំក្នុងបរិយាកាសរបស់ពួកវា ធ្វើជាឧទាហរណ៍ផងដែរ។

គួរបញ្ជាក់ថា ប្រតិបត្តិការរបស់ James Webb នឹងចាប់ផ្តើមនៅរដូវក្តៅឆ្នាំ២០២២ ឬស្មើនឹងរយៈពេល «៦ខែ» បន្ទាប់ពីការបាញ់បង្ហោះ និងរៀបត្រួតពិនិត្យដំណើរការគ្រប់យ៉ាងនៅលើ James Webb ឲ្យបានរួចរាល់ជាស្ថាពរ។ វាក៏នឹងក្លាយជាពេលដែលអង្គការ NASA បញ្ចេញរូបភាពដំបូងៗដែល James Webb ផ្តិតបាន ឲ្យមនុស្សលើពិភពលោកទាំងមូលបានឃើញផងដែរ៕

ស្វែងយល់៖ James Webb នឹងជីកកកាយឲ្យដល់ «ខណៈពេលដំបូងៗ» នៃការកកើតចក្រវាល! ទ្រាំចាំ៦ខែទៀត…

បកប្រែ និងរៀបរៀង៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ NASA/CGTN (ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១)

480×240 Banner