ហេតុអ្វីយើងមិនទាន់អាចបង្កើត «ស្ថានីយអវកាស» ឲ្យគោចរជុំវិញឋានព្រះចន្ទ? (មានវីដេអូ)

1,108

(បរទេស)៖ អ្វីដែលយើងគួរដឹងជាមុននោះ គឺស្ថានីយអវកាសគោចរជុំវិញឋានព្រះចន្ទ នឹងផ្តល់ប្រយោជន៍ធំធេង សម្រាប់បេសកកម្មរបស់ក្រុមអ្នកវិទ្យាសាស្ត្រ នៅថ្ងៃអនាគត ដោយវានឹងត្រូវប្រើប្រាស់ជាស្ថានីយសំចត បន្ទាប់ពីបេសកកម្មណាមួយចាកចេញពីផែនដី រួចទៅបន្តដំណើរពីស្ថានីយអវកាសជុំវិញព្រះចន្ទនោះ ទៅកាន់គោលដៅនានា ទាំងនៅក្នុងប្រព័ន្ធព្រះអាទិត្យ និងកាឡាក់ស៊ី Milky Way មួយនេះ។

ហេតុអ្វីយើងមិនទាន់អាចបង្កើត «ស្ថានីយអវកាស» ឲ្យគោចរជុំវិញឋានព្រះចន្ទ?

មូលហេតុចម្បងមួយ ដែលមនុស្សមិនទាន់បានកសាង ស្ថានីយអវកាសនៅឋានព្រះចន្ទនោះ ក៏ព្រោះតែយើងមិនទាន់អាចបញ្ជូនមនុស្ស ឲ្យទៅកាន់ទីនោះញឹកញាប់។ គិតចាប់តាំងពីឆ្នាំ១៩៦៩ មកទល់នឹងពេលនេះ បេសកកម្មនាំមនុស្សទៅឋានព្រះចន្ទ (Apollo Missions) បានកើតមានឡើងតែ ៦លើកប៉ុណ្ណោះ ហើយវាបានកើតមានឡើងតែអំលុងពេល ៣ឆ្នាំប៉ុណ្ណោះ គឺចាប់ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧២។

បេសកកម្ម អាប៉ូឡូ (Apollo Mission)

សម្រាប់គ្រាប់រ៉ុក្កែត ដែលបានដឹកនាំអវកាសយានិកទៅកាន់ឋានព្រះចន្ទ កាលពីអតីតកាលនោះមានឈ្មោះថា Saturn V ដែលជាគ្រាប់រ៉ុក្កែតខ្លាំងអស្ចារ្យជាទីបំផុត និងមិនត្រូវបានផលិតទៀតឡើយ។ ប្រការនេះមានន័យថា បច្ចុប្បន្នកាលនេះយើងគ្មានគ្រាប់រ៉ុក្កែតណាមួយ ដែលមានសមត្ថភាពអាចរុញច្រានយានដឹកមនុស្ស ទៅដល់ឋានព្រះចន្ទនោះឡើយ កុំថាឡើយទៅកសាងស្ថានីយអវកាស នៅឯឋានព្រះចន្ទនោះ។

រ៉ុក្កែត Saturn V

យើងកំពុងកសាងនូវគ្រាប់រ៉ុក្កែតដ៏ធំមហិមាម្តងទៀត។ ក្រុមហ៊ុនអវកាសឯកជន SpaceX របស់មហាសេដ្ឋី Elon Musk កំពុងតែអភិវឌ្ឍគ្រាប់រ៉ុក្កែតថ្មី និងធំជាងមុន ដែលអាចដឹកក្រុមអវកាសយានិក ទៅកាន់ឋានព្រះចន្ទ។ សម្រាប់អង្គការ NASA វិញ ក៏កំពុងមានផែនការថ្មី ដើម្បីដឹកនាំអវកាសយានិក ទៅកាន់ព្រះចន្ទផងដែរ។

យ៉ាងណាក៏ដោយ ការកសាងស្ថានីយអវកាសនៅឋានព្រះចន្ទ នឹងមិនសូវខុសពីការកសាង ស្ថានីយអវកាសអន្តរជាតិ (ISS) ដែលកំពុងគោចរជុំវិញភពផែនដីយើងនេះឡើយ នោះគឺការនាំយកបន្ទប់, ឧបករណ៍សំខាន់ៗ និងគ្រឿងបរិក្ខាជាច្រើន ទៅផ្គុំចេញជារូបរាងម្តងបន្តិចៗ។ ប៉ុន្តែអ្វីដែលនឹងខុសគ្នានោះ គឺចម្ងាយ និងការចំណាយ។ ស្ថានីយ ISS មានរយៈកម្ពស់តែ ៤០០គីឡូម៉ែត្រប៉ុណ្ណោះពីផ្ទៃផែនដី ខណៈឋានព្រះចន្ទវិញ មានគម្លាតជាមធ្យមជាង ៣៨០,០០០គីឡូម៉ែត្រពីផែនដីឯណោះ។

ការយកបរិក្ខាពីផែនដីទៅព្រះចន្ទ គឺត្រូវការពេលយ៉ាងហោចណាស់ ៣ថ្ងៃ ហើយឋាមពលដែលត្រូវសម្រាប់បម្រើវិស័យដឹកជញ្ជូននេះ គឺពិតជាធំធេងណាស់។ គំនិតដែលប្រសើរជាងនេះ គឺការផលិតគ្រឿងបរិក្ខាដែលអាចទៅរួច ដោយយកធនធានចេញពីព្រះចន្ទផ្ទាល់ ហើយមនុស្សលោកនៅលើភពផែនដី ក៏កំពុងសិក្សាស្រាវជ្រាវអំពីរឿងនេះផងដែរ ដូចជាការខួងយករ៉ែផ្សេងៗ បូករួមទាំងទឹក និងការផលិតអុកស៊ីសែនជាដើម។

* ប្រភពទឹក និងថាមពលពិតជាចាំបាច់ណាស់

ពេលមានស្ថានីយអវកាស គោចរនៅជុំវិញឋានព្រះចន្ទ យើងក៏នឹងត្រូវការអវកាសយានិក ឲ្យប្រចាំការនៅទីនោះផងដែរ ហើយពួកគេនឹងត្រូវការអ្វីៗគ្រប់យ៉ាង ដូចនៅលើ ISS ដែរ មានដូចជា ទឹក, អាហារ, អគ្គិសនី និងខ្យល់ដកដង្ហើមជាដើម។ សម្រាប់់អាហារវិញ អវកាសយានិកលើ ISS ជាច្រើនឆ្នាំមកនេះ បានសាកល្បងដាំបន្លែ និងរុក្ខជាតិផ្សេងៗទៀតតាមវិធីសាស្ត្រទំនើប នៅលើទីអវកាសប្រកបដោយជោគជ័យរួចមកហើយ។

ដោយឡែកសម្រាប់ការបង្កើតប្រភពថាមពល នៅលើព្រះចន្ទផ្ទាល់ គឺជារឿងស្មុគស្មាញនៅឡើយ ប៉ុន្តែគំនិតដែលអាចធ្វើទៅបានពេលនេះ គឺការស្រូបទុកថាមពលព្រះអាទិត្យ ដើម្បីប្រើប្រាស់នៅទីនោះផ្ទាល់។ តែយ៉ាងណា ដោយសារតែស្ថានីយអវកាស ដែលគោចរជុំវិញព្រះចន្ទ នឹងត្រូវជួបប្រទះភាពងងឹត ១៤ថ្ងៃ និងពន្លឺ ១៤ថ្ងៃនោះ ការស្រូបទុកពន្លឺព្រះអាទិត្យ នឹងត្រូវការឧបករណ៍ស្តុក (អាគុយ) ដែលមានទំហំធំ និងសមត្ថភាពខ្ពស់ ឬក៏វិធីសាស្ត្រស្មុគស្មាញជាងនេះ។

វិធីសាស្ត្រមួយដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវសាងសង់ស្ថានីយអវកាសនៅប៉ូលខាងជើង ឬខាងត្បូងនៃព្រះចន្ទ ហើយដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ពីលើផ្ទៃប៉ូលព្រះចន្ទផ្ទាល់។ បន្ទះទាំងនោះនឹងទទួលបានពន្លឺព្រះអាទិត្យជាប់ជានិច្ច ព្រោះថាពួកវានឹងអាចបង្វិលផ្លាស់ប្តូរទិសដៅ និងមិនត្រូវបានបិទបាំង ដោយស្រមោលភពផែនដីទាំងស្រុងនោះឡើយ។

ម៉្យាងវិញទៀត យើងប្រហែលជាមិនត្រូវការ មូលដ្ឋានលើផ្ទៃព្រះចន្ទទាល់តែសោះ។ ផ្ទុយទៅវិញ NASA គ្រោងនឹងបង្កើតផ្កាយរណប ដើម្បីគោចរជុំវិញព្រះចន្ទ។ គ្រាប់រ៉ុក្កែតដែលបាញ់ចេញពីផ្ទៃព្រះចន្ទ នឹងប្រើប្រាស់ឥន្ធនៈកាន់តែច្រើន ដើម្បីគេចចេញពីទំនាញរបស់ព្រះចន្ទ ប៉ុន្តែវាមិនពិបាកនោះទេ ក្នុងការបញ្ចូនវាចេញពីផ្កាយរណបវិញ។ សរុបមកវិញ ប្រការនេះមានន័យថា បើយើងត្រូវបង្កើនស្ថានីយច្រកទ្វារឋានព្រះចន្ទនោះ គួរតែបង្កើតជាស្ថានីយអវកាស ដែលគោចរជុំវិញព្រះចន្ទវិញ ប្រសើរជាងការកសាងមូលដ្ឋាននៅលើផ្ទៃព្រះចន្ទផ្ទាល់៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ The converstation/Space.com (ថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០២២)

480×240 Banner