ជាលើកដំបូងបំផុត! ក្រុមតារាវិទូសម្ងំរហូតមើលឃើញ «បន្ទុះសូពើណូវ៉ា ឬផ្កាយផ្ទុះ» (មានវីដេអូ)

2,137

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិបានអង្កេតឃើញបាតុភូត «បន្ទុះសូពើណូវ៉ា» (supernova) ឬជាភាសាសាមញ្ញយើងអាចហៅថា «ការផ្ទុះនៃផ្កាយ» មួយដួង ដែលមានម៉ាសធំជាងព្រះអាទិត្យយើង ១០ដង ស្ថិតនៅចម្ងាយ ១២០លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយទស្សនីយភាពនេះ គឺសាហាវលើសពីការរំពឹងទុកទៅទៀត។

ក្រុមតារាវិទូអន្តរជាតិបានចាប់ផ្តើមអង្កេតមើល តារាយក្សក្រហម ដែលមានឈ្មោះសម្គាល់ថា SN 2020tlf ស្ថិតនៅក្នុងកាឡាក់ស៊ី NGC 5731 ខាងលើនេះ នៅរយៈពេលជាង ១០០ថ្ងៃ មុនពេលវាផ្ទុះយ៉ាងកញ្ច្រោលរោលរាលបំផុត។ នេះបើតាមអត្ថបទដែលត្រូវបានចុះផ្សាយ ក្នុងកាសែត Astrophysical Journal កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

ក្រុមអ្នកតាមដានបានអះអាងថា ពួកគេបានមើលឃើញ ផ្កាយ SN 2020tlf ផ្ទុះបញ្ចេញពន្លឺឡើងយ៉ាងភ្លឺចិញ្ចាចចិញ្ចែង ដោយតែកំសួលនៃឧស្ម័នជុំវិញខ្លួនវា ពុះកញ្ជ្រោលឡើងពីផ្ទៃផ្កាយនោះតែម្តង។ នៅអំលុងនៃការអង្កេត អស់រយៈពេលជាង ១០០ថ្ងៃមុនការផ្ទុះនោះ ពួកគេមិនបានរំពឹងថា វានឹងផ្ទុះឡើងយ៉ាងសាហាវបែបនេះឡើយ។

ជុំវិញព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ សម្រាប់ក្រុមតារាវិទូខាងលើនេះ អ្នកដឹកនាំការស្រាវជ្រាវមួយរូបឈ្មោះ Wynn Jacobson-Galán មកពីសាកលវិទ្យាល័យ Berkeley រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានលើកឡើងថា «នេះគឺជារបកគំហើញថ្មីមួយ នៃការយល់ដឹងរបស់យើង ទៅលើដំណើរវិវឌ្ឍ ឬសកម្មភាពរបស់តារាយក្សនានា នៅមុនពេលពួកវាឈានទៅរកសេចក្តីស្លាប់។ វាជាលើកដំបូងបំផុតហើយ ដែលយើងបានទស្សនាតារាយក្សក្រហមមួយផ្ទុះ»។

ជាលើកដំបូងបំផុត! ក្រុមតារាវិទូសម្ងំរហូតមើលឃើញ «បន្ទុះសូពើណូវ៉ា ឬផ្កាយផ្ទុះ» (មានវីដេអូ)

គួរបញ្ជាក់ថា ក្រុមតារាវិទូអន្តរជាតិ បានប្រើប្រាស់តេឡេស្កូបលើដីចំនួនពីរ គឺ Pan-STARRS1 និង W. M. Keck Observatory ស្ថិតនៅលើភ្នំ Mauna Kea នៃរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។ ការសម្ងំអង្កេតបានកើតមានឡើងអស់រយៈពេល ១៣០ថ្ងៃ ហើយសម្រាប់ថ្ងៃទី ១៣០ នោះ តារាយក្សក្រហម SN 2020tlf ក៏បានផ្ទុះឡើងតែម្តង កាលពីអំលុងរដូវក្តៅឆ្នាំ២០២០

ក្រុមអ្នកតាមដានថែមទាំងបានមើលឃើញ បណ្តុំពពកធូលីនៅជុំវិញតារាយក្សខាងលើនេះ នៅពេលវាផ្ទុះផងដែរ ហើយពួកគេបានសន្និដ្ឋានទៀតថា នៅមុនការរលត់ជីវិតដោយបន្ទុះ supernova នេះ វាក៏ធ្លាប់ផ្ទុះយ៉ាងកញ្ជ្រោលប៉ុន្មានលើករួចមកហើយដែរ។ សម្រាប់រយៈចម្ងាយ ១២០លានឆ្នាំពន្លឺពីផែនដីបែបនេះ វាក៏មានន័យថា ពន្លឺនៃបន្ទុះស៊ូពើណូវ៉ានោះ បានចំណាយពេលរាប់រយលានឆ្នាំ ទើបអាចមកដល់ភពផែនដីយើងផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២)

480×240 Banner