អាចម៍ផ្កាយមួយដុំមានមុខកាត់ជាង «១គីឡូម៉ែត្រ» នឹងហោះមកកៀកផែនដី នៅសប្តាហ៍ក្រោយ! តែសូមកុំភ័យ…

1,853

(វ៉ាស៊ីនតោន)៖ នៅវេលាម៉ោង ៤៖៥១ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន ត្រូវនឹងម៉ោង ៤៖៥១ព្រឹកព្រហាមថ្ងៃទី១៩ ខែមករា ម៉ោងនៅភ្នំពេញ) អាចម៍ផ្កាយមួយដុំដែលមានមុខកាត់ជាង ១គីឡូម៉ែត្រ មានលេខសម្គាល់ 7482 (1994 PC1) នឹងហោះមកចំណុចកៀកនឹងផែនដីបំផុត នៅក្នុងគម្លាតជាង ២លានគីឡូម៉ែត្រ ប៉ុន្តែអង្គការ NASA បានប្រកាសប្រាប់ជាមុនថា មិនមានអ្វីដែលត្រូវឲ្យគ្រប់គ្នាភ័យព្រួយនោះឡើយ។

យោងតាមកម្មវិធីសិក្សាវត្ថុអវកាសជិតៗផែនដី (CNEOS) របស់អង្គការ NASA អាចម៍ផ្កាយទាំងឡាយណា ដែលមានទំហំមុខកាត់ចាប់ពីរាប់រយម៉ែត្រឡើងទៅ និងត្រូវបានគេគណនាថា នឹងហោះមកក្បែរភពរបស់យើង ចាប់ពីគម្លាត ៧.៥លានគីឡូម៉ែត្រចុះក្រោមនោះ នឹងត្រូវចាត់ទុកថា «អាចមានឱកាសគំរាមកំហែង ដល់សន្តិសុខភពផែនដី»។ ហេតុដូច្នេះទើប អាចម៍ផ្កាយ 7482 ស្ថិតចំពោះមុខប្រព័ន្ធរ៉ាដាតាមដាន។

គួរបញ្ជាក់ថា 7482 (1994 PC1) នឹងហោះឆ្លងកាត់ភពផែនដីនៅក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយវិនាទី។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រ អាចម៍ផ្កាយមួយនេះ នឹងហោះមកកៀកផែនដីម្តងទៀត នៅក្នុងរយៈពេល ២០០ឆ្នាំក្រោយ។ កាលពីឆ្នាំ២០២១ អង្គការ NASA បានបាញ់បង្ហោះយានអវកាសមួយ ស្ថិតក្នុងបេសកកម្ម DART ដែលមានគោលដៅបង្វែទិសដៅអាចម៍ផ្កាយធំៗ នៅពេលពួកវាមានមុខព្រួញមករកផែនដី ហើយបេសកកម្មសាកល្បងនេះ នឹងកើតឡើងនៅចុងឆ្នាំ២០២២ នេះហើយ៕

អាចម៍ផ្កាយមួយដុំមានមុខកាត់ជាង «១គីឡូម៉ែត្រ» នឹងហោះមកកៀកផែនដី នៅសប្តាហ៍ក្រោយ! តែសូមកុំភ័យ…

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២)

480×240 Banner