តំរុយថ្មី! យានអង្គការ NASA រកឃើញ «សមាសធាតុសរីរាង្គ» ដែលអាចជាតំរុយជីវិត កាលពីអតីតកាលលើភពអង្គារ

10,071

(អាមេរិក)៖ យានស្រាវជ្រាវ Curiosity របស់អង្គការ NASA ដែលស្ថិតនៅលើភពអង្គារជិត ១០ឆ្នាំទៅហើយនោះ ទើបតែបានរកឃើញសមាសធាតុសរីរាង្គ (organic compounds) ដែលអាចជាសញ្ញាបញ្ជាក់ អំពីវត្តមានជីវិតកាលពីអតីតកាល នៅលើភពក្រហមនោះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនៅតែត្រូវពេលវេលាបន្ថែម ដើម្បីពិសោធន៍រកការពិត។

កម្ទេចថ្មមួយចំនួនដែលយាន Curiosity បានជីក និងពិនិត្យនៅក្នុងរណ្តៅយក្ស Gale Crater អស់ជាច្រើនឆ្នាំមកនេះ ត្រូវបានរកឃើញថា មានផ្ទុកទៅដោយសមាសធាតុសរីរាង្គយ៉ាងច្រើន ដោយពួកវាស្ថិតនៅក្នុងជំពូកមួយ នៃពពួកសារធាតុកាបូនសរីរាង្គ (carbon) ដែលសម្រាប់នៅលើភពផែនដីរបស់យើងនេះ គឺសារធាតុដែលផ្សាភ្ជាប់ជាមួយ «ជីវិត»

ប៉ុន្តែសម្រាប់ភពអង្គារ គឺមានលក្ខណៈខុសពីនៅលើភពផែនដីរបស់យើង ហើយដំណើរដែលភពអង្គារ អាចផលិតសមាសធាតុសរីរាង្គទាំងនេះចេញមក ក៏ស្ថិតនៅក្នុងអាថ៌កំបាំងនៅឡើយដែរ។ ដូច្នេះវាដូចជាលឿនពេកហើយ នៅក្នុងការសន្មត់អំពីប្រភពដើម នៃសមាសធាតុសរីរាង្គទាំងអស់នោះ នៅពេលដែលការពិសោធន៍ជាក់លាក់ នៅត្រូវការពេលវេលាបន្ថែមទៀតនោះ។

លោក Paul Mahaffy សមាជិកនៃក្រុមអ្នកស្រាវជ្រាវគំរូតាង របស់បេសកកម្មយាន Curiosity នៃអង្គការ NASA បានលើកឡើងថា «យើងកំពុងមើលឃើញអ្វីមួយលើភពអង្គារ ដែលគួរឲ្យចាប់អារម្មណ៍ជាទីបំផុត… ប៉ុន្តែយើងនៅត្រូវការពេលវេលា និងភស្តុតាងបន្ថែមទៀត ដើម្បីបញ្ជាក់ឲ្យច្បាស់ថា យើងពិតជាបានរកឃើញ ភស្តុតាងនៃជីវិតមែន… ហើយយើងក៏កំពុងមើលលើអ្វីផ្សេងទៀត ដែលអាចនាំឲ្យមានការបន្សល់ដាន នៃសរីរាង្គកាបូន (លើភពអង្គារ) ផងដែរ ប្រសិនបើវាមិនមែនជាជីវិតនោះ»។

តំរុយថ្មី! យានអង្គការ NASA រកឃើញ «សមាសធាតុសរីរាង្គ» ដែលអាចជាតំរុយជីវិត កាលពីអតីតកាលលើភពអង្គារ

គួរបញ្ជាក់ថា រណ្តៅយក្ស Gale Crater មានមុខកាត់ ១៥៤គីឡូម៉ែត្រ ត្រូវបានចាត់ទុកថា ជាអតីតបឹងស្តុកទឹកដ៏ធំមួយ នៅលើភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន។ ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានអភិវឌ្ឍយាន Curiosity ឲ្យទៅចុះចត និងស្រាវជ្រាវដល់ទីនោះ កាលពីខែសីហា ឆ្នាំ២០១២ ដោយសារតែពួកគេសង្ស័យថា វាជាបឹងដែលធ្លាប់ផ្ទុកទៅដោយពពួកអតិសុខុមប្រាណ ឬមីក្រូជីវិត ព្រោះទឹកនៅតំបន់នោះបានរក្សាវត្តមាន នៅក្នុងរយៈពេលរាប់លានឆ្នាំឯណោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២)

480×240 Banner