ក្រុមតារាវិទូអង្កេតភពចម្លែកមួយ និងរកឃើញមាន «ស្រទាប់បរិយាកាស» ដូចផែនដី, ប៉ុន្តែធាតុពិត គឺផ្ទុយគ្នា (មានវីដេអូ)

1,421

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ទើបតែបានអង្កេតឃើញភពអេលៀនមួយ ដែលមានបរិយាកាសចែកជាស្រទាប់ៗ ដូចជាបរិយាកាសរបស់ផែនដីយើងដែរ ប៉ុន្តែអ្វីដែលខុសប្លែកគ្នាខ្លាំងបំផុតនោះ គឺចំហាយក្នុងបរិយាកាសរបស់ភពនោះ ដែលផ្ទុយពីចំហាយក្នុងបរិយាកាសភពយើងនេះ ទាំងស្រុងតែម្តង។

តាមការពិត ភពដែលមានឈ្មោះសម្គាល់ថា WASP-189b ខាងលើនេះ មិនមែនជាការរកឃើញថ្មីនោះឡើយ ប៉ុន្តែការសិក្សាដឹងអំពីលក្ខណៈ នៃបរិយាកាសរបស់វានោះ ទើបជារឿងថ្មីបំផុត។ វាស្ថិតនៅចម្ងាយ ៣២២ឆ្នាំពន្លឺ ពីភពផែនដីរបស់យើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលាន ឬពាន់ពាន់លានគីឡូម៉ែត្រ) ហើយបើយើងគិតអំពីភាពធំធេងនៃចក្រវាលនេះ ចម្ងាយនេះគឺមិនជាឆ្ងាយប៉ុន្មាននោះឡើយ។

ក្រុមតារាវិទូអង្កេតភពពិសេសមួយ និងរកឃើញមាន «ស្រទាប់បរិយាកាស» ដូចផែនដី, ប៉ុន្តែធាតុពិត គឺផ្ទុយគ្នាទាំងស្រុង…

WASP-189b គឺជាភពឧស្ម័នយក្ស ដែលគោចរកៀកនឹងផ្កាយមេរបស់វា ២០ដង បើធៀបនឹងគម្លាតរវាងភពផែនដី និងព្រះអាទិត្យ (ផែនដីមានគម្លាតពីព្រះអាទិត្យ ១៥០លានគីឡូម៉ែត្រ)។ ហេតុដូច្នេះភពមួយនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ជាភពដ៏ក្តៅគគុកបំផុត។ ការសិក្សាថ្មីបានបង្ហាញថា ស្រទាប់បរិយាកាសរបស់ WASP-189b គឺមានភាពស្មុគស្មាញ ឬបែងចែកជាស្រទាប់ៗ ដូចជាភពផែនដីយើងដែរ។

ជុំវិញរបកគំហើញខាងលើនេះ តារាវិទូមួយរូបឈ្មោះ Jens Hoeijmakers មកពីមន្ទីរពិសោធន៍ Lund Observatory នៅក្នុងប្រទេសស៊ុយអែត ដែលជាសហអ្នកដឹកនាំការសិក្សាអំពីភព exoplanet ខាងលើនេះ បានលើកឡើងថា «កាលពីមុន ក្រុមតារាវិទូធ្លាប់បានសន្មត់ថា បរិយាកាសនៃភព exoplanets នានា គឺមានតែមួយស្រទាប់ ស្រោបពីក្រៅភពទាំងនោះតែប៉ុណ្ណោះ… ប៉ុន្តែនៅក្រោយការសិក្សាថ្មីនេះ ពួកយើងបានរកឃើញថា សូម្បីតែបរិយាកាសនៃភពឧស្ម័នយក្សដ៏ក្តៅគគុក ក៏អាចមានបរិយាកាសស្មុគស្មាញ រហូតដល់ទៅ ៣ស្រទាប់ដែរ»។

ភព WASP-189b គោចរជុំវិញផ្កាយពណ៌ខៀវ WASP-189

អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ គឺក្រោយការសិក្សាដោយមើលទៅលើ ទម្រង់នៃពន្លឺរបស់ផ្កាយខៀវ WASP-189 ក្រោយភពរបស់វាគឺ WASP-189b គោចរកាត់ពីមុខចំនួន ៣ដង ដោយប្រើប្រាស់ឧបករណ៍អង្កេតល្បឿនរ៉ាឌីកាល់ភព ប្រកបដោយភាពត្រឹមត្រូវហៅកាត់ថា HARPS ស្ថិតនៅមន្ទីរពិសោធន៍ La Silla Observatory នៅប្រទេសឈីលី បាននាំឲ្យក្រុមតារាវិទូអាចគណនាបានថា «ភព WASP-189b មានស្រទាប់បរិយាកាសប្លែកៗពីគ្នា»។

ក្នុងចំណោមធាតុគីមីផ្សំសំខាន់ៗ ក្នុងបរិយាកាសរបស់ WASP-189b ក្រុមអ្នកស្រាវជ្រាវបានចាប់អារម្មណ៍ចំពោះ ទីតាញ៉ូមអុកស៊ីត (titanium oxide) ព្រោះពួកគេជឿជាក់ថា ស្រទាប់បរិយាកាសដែលមានធាតុគីមីនេះ គឺអាចស្រូបយកពន្លឺដែលមានរលកចម្លាយខ្លី (short-wavelength light) ដូចអ្វីដែលស្រទាប់អូហ្សូនរបស់ភពផែនដី បានធ្វើផងដែរ។

យោងតាមការសិក្សាថ្មីខាងលើនេះ គេក៏បានរកឃើញសារធាតុ ផ្សេងៗទៀតដូចជា ដែក (iron), ក្រូនីញ៉ូម (chromium), ម៉ាញេស្យ៉ូម (magnesium) និង វ៉ាណាដ្យូម (vanadium) ផងដែរ។ នៅលើផែនដី យើងមិនដែលគិតថាសារធាតុទាំងអស់់នេះ អាចក្លាយជាចំហាយ ឬឧស្ម័ននោះឡើយ ប៉ុន្តែបើយើងមើលទៅលើសីតុណ្ហភាពដ៏ក្តៅគគុក នៃភព WASP-189b នោះវាក៏មិនមែនជារឿងអ្វី ដែលគួរឲ្យភ្ញាក់ផ្អើលនោះដែរ៕

មន្ទីរពិសោធន៍ Lund (Sweden)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Nature Astronomy/Space.com (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២)

480×240 Banner