NASA ថាទណ្ឌកម្មយ៉ាងគំហុកលើរុស្ស៊ី នឹងមិនប៉ះពាល់ដល់ដំណើរការនៃ ISS ឡើយ, រុស្ស៊ីព្រមានពីហានិភ័យ បើគ្មានវត្តមានខ្លួននៅលើ ISS
(អាមេរិក)៖ អង្គការអវកាសអាមេរិក NASA បានប្រកាសថា ស្ថានីយអវកាសអន្តរជាតិ (ISS) នៅតែបន្តប្រតិបត្តិការរបស់ខ្លួនជាធម្មតា បើទោះបីជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងសម្រុកដាក់ទណ្ឌកម្មស្ទើរគ្រប់វិស័យ ទៅលើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបនឹងការឈ្លានពានប្រទេសអ៊ុយក្រែននោះក៏ដោយ។
ខណៈដែលអវកាសយានិកអន្តរជាតិ ក្នុងនោះក៏រួមមានទាំង អវកាសយានិកជនជាតិរុស្ស៊ីផងដែរ កំពុងស្ថិតនៅលើ ISS នោះ, អង្គការ NASA បានគូសបញ្ជាក់នៅថ្ងៃទី២៤ ខែកុម្ភៈ (ម៉ោងនៅអាមេរិក) ថា ប្រតិបត្តិស៊ីវិលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅលើ ISS នឹងបន្តទៅមុខ។
សេចក្តីថ្លែងការណ៍ពី NASA បានគូសបញ្ជាក់ថា «NASA នៅតែបន្តធ្វើការងារជាមួយដៃគូអន្តរជាតិទាំងអស់ រួមទាំងអង្គការអវកាសរដ្ឋរុស្ស៊ី Roscosmos ផងដែរ ដើម្បីធ្វើប្រតិបត្តិការស្ថានីយអវកាសអន្តរជាតិ ប្រកបដោយសុវត្ថិភាព។ ដំណោះស្រាយលើការគ្រប់គ្រងការនាំចេញថ្មី នឹងបន្តអនុញ្ញាតឲ្យអាមេរិក និងរុស្ស៊ីធ្វើកិច្ចសហប្រតិបត្តិការ ផ្នែកអវកាសស៊ីវិលដដែល។ គ្មានការផ្លាស់ប្តូរណាមួយ ចំពោះការគាំទ្រពីសំណាក់ NASA ចំពោះប្រតិបត្តិការនានាដែលមានស្រាប់លើ ISS នោះឡើយ»។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានលើកឡើងអំពីការដាក់កំហិត លើការនាំចេញបច្ចេកវិទ្យាចម្បងៗ (high-tech) ប្រមាណពាក់កណ្តាល ទៅកាន់ប្រទេសរុស្ស៊ីផងដែរ ដើម្បីធ្វើឲ្យរុស្ស៊ីចុះទន់ខ្សោយខាងផ្នែកបច្ចេកវិទ្យាយោធា ហើយឧស្សាហកម្មអវកាស និងកម្មវិធីអភិវឌ្ឍអវកាសរបស់រុស្ស៊ី នឹងរងផលប៉ះពាល់។
យ៉ាងណាក៏ដោយ ខាងអង្គការអវកាសរុស្ស៊ី Roscosmos បានឆ្លើយតបទៅលោក ចូ បៃដិន វិញថា គម្រោងដាក់ទណ្ឌកម្មនេះ នឹងក្លាយជាការលូកលាន់ចូលក្នុង កិច្ចសហប្រតិបត្តិការស៊ីវិលផ្នែកអវកាស រវាងប្រទេសទាំងពីរ។ ប្រធាន Roscosmos លោក Dmitry Rogozin ថែមទាំងបានព្រមានទៀតថា «ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដើម្បីគ្រប់គ្រងការចល័តនៃ ISS ទេ តើនរណាជារ៉ាប់រងមិនឲ្យសំណង់ទម្ងន់ ៥០០តោននេះ ធ្លាក់ទៅលើសហរដ្ឋអាមេរិក, អឺរ៉ុប, ឥណ្ឌា ឬក៏ចិននោះ? ISS មិនបានហោះពីលើរុស្ស៊ីទេ ដូច្នេះបើវាធ្លាក់នោះ គឺអ្នកទាំងអស់គ្នានោះហើយជាអ្នករងហានិភ័យ។ តើអ្នកត្រៀមខ្លួនសម្រាប់វាហើយឬនៅ?»៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២)