ការប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងចំណោមមនុស្សវ័យជំទង់ និងកុមារ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល
(ភ្នំពេញ)៖ ការប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងចំណោមមនុស្សវ័យជំទង់ និងកុមារមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាក រយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ការចងចាំការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ នេះជាការលើកឡើងរបស់លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លើកឡើងក្នុងឱកាសអញ្ជើញជាអធិតីបើកសិក្ខាសាលាស្តីពីការរឹតបន្តឹងការហាមឃាត់ ការប្រើប្រាស់ការនាំចូលនិងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផល អេចឆ៍ ធី ភី (HTP) លោក មាស វីរិទ្ធ បានបញ្ជាក់ទៀតថា ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យក្រុមមនុស្សវ័យជំទង់ និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។ បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅពេលប្រើប្រាស់បារីអេឡិចត្រូនិក សារធាតុគីមីនិងជាតិនីកូទីន ត្រូវបានស្រូបចូលទៅក្នុងរាង្គកាយ ហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់ផងដែរ។
សិក្សាសាលានេះដែររៀបចំឡើងនៅអគារសាលាមធ្យមសិក្សាវិចិត្រសិល្បះ ភ្នំពេញថ្មី ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) , តំណាងស្ថាប័ន អង្គភាព គយនិងរដ្ឋាករកម្ពុជា នគរបាលប្រឆាំងគ្រឿងញៀន នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នគរបាលអន្តោប្រវេសន៍ កម្មាធិការជាតិប្រឆាំងផលិតផលក្លែងក្លាយ រួមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។
លោក មាស វីរិទ្ធ បានបន្ថែមទៀតថា មានភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាពបណ្ដាលឲ្យញៀន បង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ ការប៉ះពាល់ដល់សុខភាពក្រុមមនុស្សវ័យជំទង់ និងកុមារនេះវាជាការប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានមនុស្សរបស់ កម្ពុជា ដែលពួកគេទាំងនោះគឺជាមនុស្សបន្តវេនក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជានាថ្ងៃខាងមុខ។
លោក មាស វីរិទ្ធ ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តការចាត់វិធានការឱ្យបានម៉ឺនម៉ាត់លើការប្រើប្រាស់ការផ្សព្វផ្សាយលក់ តាមរយៈបណ្តាញព័ត៌មាន សង្គមគ្រប់ទម្រង់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់រូបភាព និងត្រូវកំណត់ទីតាំងចែកចាយ និងកំណត់មុខសញ្ញាអ្នកផ្សព្វផ្សាយ លក់តាមទំព័រផ្សេងៗ ដើម្បីមានវិធានការរឹបអូសផលិតផលទាំងនេះ និងព្រមានម្ចាស់ទំនិញទាំងនេះឱ្យបញ្ឈប់សកម្មភាពនេះផងដែរ៕