ការដំឡើងពន្ធថ្នាំជក់ នឹងជួយសម្រាលបន្ទុករាជរដ្ឋាភិបាល កាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យមកនៅកម្រិតទាប
(កណ្តាល)៖ លោកស្រី សាន អរុណ អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ តំណាងលោកស្រី មាន សំអាន ប្រធានគណៈកម្មាការទី៨ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី វិធានការមានប្រសិទ្ធភាពកាត់បន្ថយហានីភ័យបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ដែលបានរៀបចំឡើងនៅមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែន ខេត្ដកណ្ដាល។
ពិធីនេះក៏មានការចូលរួមពីលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាព កម្ពុជា (CMH) រួមទាំងមានតំណាងអង្គការសុខភាពពិភពលោក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគរុនិស្សិតជាច្រើនរូបផងដែរ។
លោកស្រី សាន អរុណ បានថ្លែងដូចនេះថា ការដំឡើងពន្ធថ្នាំជក់នឹងជួយសម្រាលបន្ទុករាជរដ្ឋាភិបាល ជាពិសេសអាចកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យមកនៅ កម្រិតទាប ខណៈដែលការប្រើប្រាស់ថ្នាំជក់បង្កឱ្យខាត់បង់សេដ្ឋកិច្ច និងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលត្រូវដោះស្រាយ។
លោកស្រី សាន អរុណ បានបន្ថែមទៀតថា ការប្រើប្រាស់ថ្នាំជក់ អាចស្លាប់មុនអាយុ បង្ករឱ្យមានជំងឺមហារីក ជំងឺបេះដូង សរសៃឈាម ដាច់សរសៃឈាមខួរក្បាល និងជំងឺផ្លូវដង្ហើមរាំរ៉ៃ។ ក្នុងន័យនេះយើងទាំងអស់គ្នាត្រូវតែខិតខំបន្តទៀត ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងការពារយុវជនកុំឱ្យធ្លាក់ក្នុងអន្ទាក់ថ្នាំជក់។ ជាក់ស្តែង នៅកម្ពុជា មានប្រជនជាច្រើនរាប់ម៉ឺននាក់បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ និងខាតបង់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗផងដែរ។
ការប្រើប្រាស់ថ្នាំជក់បង្កឱ្យមានបញ្ហាសេដ្ឋកិច្ច និងសុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំកម្ពុជា ខាតបង់ថវិកា ប្រមាណ ៦៦៣លានដុលាអាមេរិក ស្មើនឹង៣% នៃ GDP ដោយសារតែការប្រើប្រាស់ថ្នាំជក់។ ប្រជាពលរដ្ឋប្រមាណ ១៥ ០០០ ស្លាប់ដោយសារតែជំងឺដែលបង្កពីការ ប្រើប្រាស់ថ្នាំជក់ រួមមានជំងឺដាច់សរសៃខួរក្បាល សរសៃឈាមបេះដូង ផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងទឹកនោមផ្អែម ជាអាទិ៍ (The Case for Investing in WHO FCTC Implementation in Cambodia, 2019)។
លោកស្រីបានបន្ថែមទៀតថា ជាវិធានការឈ្នះ-ឈ្នះ សម្រាប់សុខភាពសាធារណៈ និងសម្រាប់រាជរដ្ឋាភិបាល គឺការដំឡើងពន្ធលើផលិតផលថ្នាំជក់ ព្រោះការដំឡើងពន្ធ នឹងជួយឱ្យប្រជាពលរដ្ឋឈប់ចំណាយថវិកាទិញបារី ដែលជាផលិតផលមិនចាំបាច់ ហើយអាចកាត់បន្ថយយុវជនពីការចង់សាកល្បងប្រើប្រាស់បារី។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជា មានអត្រាពន្ធថ្នាំជក់ទាបគឺ ត្រឹមតែ ២៥% ទៅ ៣១% ធៀបតម្លៃលក់រាយ ខណៈដែលប្រទេស ថៃ ប្រុយណេ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពី ភូមា សុទ្ធតែមានអត្រាខ្ពស់ជាង ៥០%ធៀបតម្លៃលក់រាយ (SEATCA, 2021)៕