មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ គ្រឿងស្រវឹង និងគ្រឿងញៀន គឺជាបញ្ហាដ៏ធំរបស់កុមារ និងយុវជន

220

(ភ្នំពេញ)៖ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងបញ្ជាក់ថា
គ្រឿងស្រវឹង ឫគ្រឿងញៀន គឺជាបញ្ហាដ៏ធំរបស់កុមារ និងយុវជន ប្រសិនបើពួកគាត់បានបើប្រាស់ នឹងមានផលប៉ះពាល់ជាច្រើនដូចជា សុខភាពផ្លូវកាយ ផ្លូវចិត្ត ខ្សោយប្រាជ្ញា ស្មារតី វង្វេងវង្វាន់ អាចបង្កទៅជាវិកលចរិក គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សានិងចលាចលក្នុងគ្រួសារ សង្គម និងខ្ជះខ្ជាយថវិកាយ៉ាងច្រើន។

លោកស្រី ខៀវ បូរី បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសតំណាលលោក វង សូត ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ ដែលបានរៀបចំឡើងនៅក្រសួងសង្គមកិច្ច ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា, លោក Timothy Loke ប្រធានប្រចាំតំបន់អាស៊ី អាគ្នេយ៍ IOGT NTO Movernent Sweden រួមទាំងលោក លោកស្រីមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ខៀវ បូរី បានបន្ថែមថា ដើម្បីបង្ការ និងការពារដល់កុមារដែលរងផលប៉ះពាល់ពីគ្រឿងស្រវឹង ក្រសួងចំនួន០៣ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បាននិងកំពុងពិភាក្សាអំពីការកំណត់ អាយុអប្បបរមាសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹង ដែលមិនទាន់គ្រប់អាយុ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិត ផលគ្រឿងស្រវឹង។

លោកស្រី បានបន្ថែមថា ក្នុងការអនុវត្តលើគោលនយោបាយរបស់រាជរដ្ឋាភិបាលច្បាប់ជាតិ និងអន្តរជាតិ ក៏ដូចជាដើម្បីកាត់បន្ថយ ផលប៉ះពាល់ពីគ្រឿងស្រវឹង ក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ បានពន្លឿនក្នុងការអនុម័តសេចក្តីព្រាងច្បាប់នេះផងដែរ។

លោកស្រី ខៀវ បូរី បានបញ្ជាក់ទៀតថា ទន្ទឹមនឹងភាពរីកចម្រើនក្នុងការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ក៏កុមារកម្ពុជាមួយចំនួននៅតែជួបបញ្ហាប្រឈម នៅឡើយ ដូចជា កុមារបោះបង់ការសិក្សា កុមារបម្លាស់ទី អំពើហិង្សាលើកុមារ កុមារប្រើប្រាស់សារធាតុញៀន កុមារកង្វះអាហារូបត្ថម្ភ កុមារតាមម្តាយក្នុងពន្ធនាគារ ការរំលោភបំពាននិងកេងប្រវ័ញ្ចគ្រប់ទម្រង់លើកុមារ ជាពិសេសកុមារដែលរងផលប៉ះពាល់ដោយសារគ្រឿងស្រវឹង។ ដែលតម្រូវឲ្យក្រសួងស្ថាប័នអង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍ ឪពុកម្ដាយ និងអង្គភាពពាក់ព័ន្ធ រួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចំគោលដៅ។

សូមជម្រានដែរថា នៅក្នុងសិក្ខាសាលានេះ សមាជិកអង្គសិក្ខាសាលាបានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំដូចជា៖

១. ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមានឥទ្ធិពលទៅលើកុមារ និងយុវជន
២. កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យកុមារនិងយុវជនវ័យកេ្មង
៣. កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតិនៅទីកន្លែងដែលមិនទាក់ទាញអោយមានការចាប់អារម្មណ៍របស់កុមារ និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់កុមារ។
៤. ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុង វ័យកុមារ និងកាត់បន្ថយហានីភ័យលើកុមារ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។
៥. ក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់កុមារ និងបង្ការកុមារកុំអោយទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង៕

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ គ្រឿងស្រវឹង និងគ្រឿងញៀន គឺជាបញ្ហាដ៏ធំរបស់កុមារ និងយុវជន

480×240 Banner