អាវុធ​ដ៏​ខ្លាំងក្លា​ទាំង ១០ នេះហើយ ទើប​ធ្វើ​កូរ៉េខាងជើង ពើងទ្រូង​មិន​ខ្លាច​អន្តរជាតិ! ចុះបើ​ថែម​មី​ស៊ី​ល​ឆ្លង​ទ្វីប និង​នុយក្លេអ៊ែរ​ទៀត?

166

(ព្យុងយ៉ាង)៖ ថ្ងៃនេះ​យើង​នឹង​លើកយក​សព្វាវុធខ្លាំងៗទាំង១០មុខ ប្រចាំ​យោធា​កូរ៉េខាងជើង ជា​ប្រទេស​ដែល​កំពុង​លេចមុខ​លេច​មាត់ ខាង​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង ដោយ​មិន​ញញើត​កោតក្រែង​សហគមន៍​អន្តរជាតិ ហើយ​បច្ចុប្បន្នកំពុង​តែមាន​ភា​ព​តានតឹង​កាន់តែខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក។

ដំបូង​ឡើយ​វា​ហាក់បីដូចជា​រឿង​កំប្លែង ក៏ប៉ុន្តែ​យោធា​កូរ៉េខាងជើង គឺ​មិនមែនជា អ្វីដែល​ពិភពលោក​គួរ​មើលរំលង និង​មិន​ខ្វល់ខ្វាយ​នោះឡើយ​នា​សព្វថ្ងៃនេះ ទោះបីជា​សម្ភារៈ​របស់​ពួកគេ មកពី​សតវត្សរ៍​ណាក៏ដោយ។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​វែបសាយ Defencyclopedia.com នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១។

១៖ ប្រព័ន្ធ​កាំភ្លើង​ធំ​ចល័ត​ដោយ​ស្វ័យប្រវត្តិ Koksan M-1989៖ ពេលខ្លះ​សព្វាវុធ​ដ៏​សាហាវ និង​មាន​ប្រសិទ្ធភាព​បំផុត មិនចាំបាច់​តែមាន​បច្ចេកវិទ្យា​ទំនើប​នោះឡើយ។ Koksan M-1989 របស់​កូរ៉េខាងជើង អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​នៅក្នុង​សមរភូមិ ខណៈ​ការដែល​ពុំ​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ច្រើន ធ្វើ​ឲ្យ​វា​ធន់​នឹង​ការរំខាន ឬ​ធ្វើ​ឲ្យ​គាំង​ពី​សំណាក់​សត្រូវ ដូច្នេះ​ពួកវា​អាច​បន្ត​ដំណើរការបាន​ជាធម្មតា ទោះបី​នៅក្នុង​សមរភូមិ​នានា ដែលមាន​ការរំខាន​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​ខ្លាំង ក៏ដោយ។

២៖ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស និង​ប្រព័ន្ធ​កាំភ្លើង​ប្រឆាំង​យន្តហោះ៖ ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី SA-13 ដែល​កែច្នៃ​ពី​ប្រព័ន្ធ​ដើម​របស់​ប្រទេស​រុស្ស៊ី មាន​សមត្ថភាព​ទ្វេដង ដោយ​អាច​បាញ់​មី​ស៊ី​ល​បាន​ច្រើនជាង​មុន ដើម្បី​ការពារ​ការវាយប្រហារ​ផ្លូវអាកាស។ រីឯ​សម្រាប់​ប្រព័ន្ធ​កាំភ្លើង​ប្រឆាំង​យន្តហោះ​វិញ កូរ៉េខាងជើង​មាន​ដល់​ជិត ១០,០០០ប្រភេទ តែ​ប្រព័ន្ធ​ដែលមាន​សមត្ថភាព​ជាង​គេ គឺ Zsu-23-4 Schilika។

៣៖ នាវា​មី​ស៊ី​ល​ខ្នាតតូច​ប្រភេទ Nongo-class៖ ទ័ពជើងទឹក​កូរ៉េខាងជើង ពុំមាន​នាវាចម្បាំងខ្លាំងៗដំណើរការ​ឡើយ ហើយ​នៅក្នុង​ករណី​ដែលមាន​សង្គ្រាម​ផ្ទុះឡើង រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ គឺ​ត្រូវ​ប្រើប្រាស់​តែ​ក្រុម​នាវាមុជទឹក រួមទាំង​នាវា​មី​ស៊ី​ល​ខ្នាតតូច​របស់ខ្លួន។ យ៉ាងណាមិញ ពួក​នាវា​ខ្នាតតូច​នេះ អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន ៩២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​ងាយ​នឹងរង​ការវាយប្រហារ ពី​នាវាមុជទឹក​បានឡើយ។

៤៖ យន្តហោះ​ចម្បាំង MiG-29S៖ នេះ​គឺជា​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ជាងគេ​បំផុត នៅក្នុង​ជួរ​កងទ័ពអាកាស​រប​ស់​កូរ៉េខាងជើង។ ដោយឡែក​កូរ៉េខាងជើង​មាន​យន្តហោះ​ចម្បាំង​ធុន​នេះ​តែ ១៧គ្រឿង​ប៉ុណ្ណោះ ដែល​ទទួលបាន​ពី​អតីត​សហភាពសូវៀត កាលពី​ឆ្នាំ១៩៨៨ ហើយ​ក្រៅ​នេះ​កូរ៉េខាងជើង មាន​យន្តហោះ​ជំនាន់​ចាស់​ធុន MiG-21 និង MiG-23 ប្រមាណ ២០០គ្រឿង ដែល​ពុំ​សូវ​ជាមាន​អានុភាព​ប៉ុន្មាន​ឡើយ។

៥៖ ប្រព័ន្ធ​មី​ស៊ី​ល KN-09 MLRS៖ វា​គឺជា​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត ដែលមាន​បំពង់​រ៉ុក្កែត​ចំនួន ០៨ដើម និង​រយៈ​ចម្ងាយ ២០០គីឡូម៉ែត្រ។

៦៖ រថក្រោះ Pokpung-Ho III MBT៖ វា​គឺជា​រថក្រោះ​ជំនាន់​ក្រោយ​បំផុត របស់​កូរ៉េខាងជើង អាច​អំណោយផល​ជាខ្លាំង នៅក្នុង​ទីតាំង​ភូមិសាស្ត្រ​នៃ​ប្រទេស​នេះ។

៧៖ មី​ស៊ី​ល​ផ្លោង Rodong រយៈ​ចម្ងាយ​មធ្យម៖ វា​គឺជា​ជម្រើស​សព្វាវុធ​ដ៏​មាន​ប្រសិទ្ធភាព​ជាងគេ ដើម្បី​វាយប្រហារ​មកលើ​ប្រទេស​កូរ៉េខាងត្បូង ជា​មួយរយៈ​ចម្ងាយ ១,៥០០គីឡូម៉ែត្រ​របស់​វា។ មី​ស៊ី​ល​ផ្លោង Rodong អាច​ផ្ទុក​ក្បាល​គ្រាប់បែក​ទម្ងន់ ១,០០០គីឡូក្រាម ឬក៏​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន ហើយ​អ្នកជំនាញ​បាន​ប៉ាន់ប្រមាណ​ថា កូរ៉េខាងជើង មាន​មី​ស៊ី​ល​ប្រភេទ​នេះ​ចំនួន​ជាង ៣០០គ្រឿង។

៨៖ មី​ស៊ី​ល KN-06 Pongae-5៖ វា​គឺជា​ប្រព័ន្ធ​សព្វាវុធ​មួយទៀត ដែល​ទើប​ត្រូវបាន​អភិវឌ្ឍន៍ របស់​យោធា​កូរ៉េខាងជើង ដែល​ប្រើ​សម្រាប់​វាយប្រហារ​ពី​ផ្ទៃដី​ទៅកាន់​ផ្ទៃ​អាកាស។ មើល​ពី​ខាងក្រៅ ប្រព័ន្ធ​នេះ​មាន​រូបរាង​ស្រដៀង​នឹង​ប្រព័ន្ធ ការពារ​ដែនអាកាស S-300 របស់​រុស្ស៊ី និង​រយៈ​ចម្ងាយ​លើសពី ១៥០គីឡូម៉ែត្រ។

៩៖ នាវាមុជទឹក​ប្រភេទ Sinpo-class៖ វា​គឺជា​ប្រភេទ​នាវាមុជទឹក ដែលមាន​សមត្ថភាព​បា​ញ់​មី​ស៊ី​ល​ផ្លោង ចេញពី​ក្រោម​ផ្ទៃ​ទឹក ដំបូង​គេ​បំផុត​របស់​កូរ៉េខាងជើង។ មី​ស៊ី​ល​ផ្លោង SLBM ដែល​រចនា​ឡើង ដើម្បី​ប្រើប្រាស់​ក្នុង​នាវាមុជទឹក​ប្រភេទ​មួយ​នេះ គឺ Pukkuksong។

១០៖ មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប KN-08 ឬ Hwasong-13៖ ក្តី​ស្រមៃ​របស់​កូរ៉េខាងជើង គឺ​អភិវឌ្ឍន៍​ប្រព័ន្ធ​សព្វាវុធ ដែល​អាច​វាយប្រហារ​ទៅដល់​ទឹកដី​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​មី​ស៊ី​ល​ផ្លោង​ប្រភេទ​នេះ ពុំទាន់​អាច​ដំណើរការបាន​នៅឡើយ​ទេ។ បើតាម​របាយការណ៍​មិន​ផ្លូវការ មី​ស៊ី​ល​ផ្លោង Hwasong-13 មាន​រយៈ​ចម្ងាយ​ចន្លោះ​ពី ៨,០០០គីឡូម៉ែត្រ និង១០,០០០គីឡូម៉ែត្រ។

គួរ​បញ្ជាក់ថា របាយការណ៍​ខាងលើនេះ ដែល​ចេញផ្សាយ​កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៧ មិនបាន​រាប់បញ្ចូល​នូវ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប (ICBM) រយៈ​ចម្ងាយ​មធ្យម Hwasong-12 ឬ KN-17 រួមទាំង Hwasong-14 ឬ KN-20 ដែល​ទើប​ធ្វើតេស្ត​ថ្មី​កាលពី​ប៉ុន្មាន​ខែ​មុននេះ ក៏ដូចជា​មី​ស៊ី​ល​ផ្លោង ICBM រយៈ​ចម្ងាយ​ឆ្ងាយ Taepongdong-2 ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍន៍​នៅឡើយ នោះទេ៕

480×240 Banner