លោកបណ្ឌិត ឈឹម ឃិនដារ៉េត៖ ស្រោមអនាម័យជាកំផែងដ៏រឹងមាំ អាចការពារមិនឱ្យមេរោគអេដស៍ ឆ្លងចូលក្នុងខ្លួនបាន

225

(បាត់ដំបង)៖ លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងបញ្ជាក់ថា ស្រោមអនាម័យ គឺជាកំផែងដ៏រឹងមាំ ដែលអាចការពារមិនឱ្យមេរោគអេដស៍ឆ្លងចូលក្នុងខ្លួនបាន។

លោកបណ្ឌិត បានលើកឡើងដូចនេះក្នុងទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ ដែលរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ បានធ្វើឡើងនៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការអេដស៍ខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រួមទាំងមានអ្នកចូលរួមប្រមាណ ៤០០នាក់ទៀតផងដែរ។

(រូបភាពទាំងស្រុងពី AHF Cambodia)

លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានចាត់ទុកទិវាមួយនេះ ជាការរម្លឹកដល់អ្នកដែលប្រឈមជាមួយនឹងមេរោគអេដស៍ និងសម្រាប់បម្រើឱ្យសុខភាពសាធារណៈទូទៅ ក៏ដូចជាការពារជំងឺឆ្លង និងជាទិវាមួយដែលមានសារសំខាន់បំផុតនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ មេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោកផងដែរ ។ រាជរដ្ឋាភិបាលតែងតែគិតគួរជាចម្បងលើសុខភាពរបស់ប្រជាពលរដ្ឋ និងការអប់រំ នៅក្នុងគ្រប់វិស័យទាំងអស់ ហើយរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែជាអាទិភាពធំជាងគេមួយទៀត ដែលស្ថិតនៅក្នុងមុំទីមួយ គឺការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីសម្រេចចក្ខុវិស័យរបស់យើង ២០៣០, ២០៥០។

(រូបភាពទាំងស្រុងពី AHF Cambodia)

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងទៀតថា យោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង១ លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ចាប់តាំងពីឆ្នាំ១៩៩០ ដោយសារតែស្រោមអនាម័យដែលអាចជួយឲ្យចៀសផុតពីការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍។ នេះជាមូលហេតុដែលត្រូវរៀបចំក្នុងទិវាស្រោមអនាម័យអន្តរជាតិ និងលើសពីនេះពិភពលោកត្រូវតែចងចាំថា ស្រោមអនាម័យមានសុវត្ថិភាព និងសិចស៊ី និងចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងទៀតថា ទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤នេះ យើងជំរុញឱ្យមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកចងចាំថាស្រោមអនាម័យជួយសង្គ្រោះជីវិតមនុស្ស ហើយនៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការពារមេរោគអេដស៍ ជំងឺឆ្លងតាមការរួមភេទផ្សេងទៀត និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

សូមបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ក្នុង ៤៦ប្រទេសជុំវិញពិភពលោក មានដូចជា នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕

480×240 Banner