ក្រុមសិស្ស និស្សិត បង្ហាញការគាំទ្រការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា
(ភ្នំពេញ)៖ លើកឡើងក្នុងកម្មវិធីនិយាយជាសាធារណៈស្ដីពី «ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែង ប្រកួតកីឡា» ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា មានក្រុមសិស្ស និងនិស្សិតជាច្រើនបានបង្ហាញការគាំទ្រឱ្យមានការហាមឃាត់ ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍ កីឡា។
កម្មវិធីនិយាយជាសាធារណៈ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម ក្រោមអធិបតី លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួងអប់រំយុវជន និងកីឡា ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា រួមទាំងលោក លោកស្រីមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ និងសិស្ស និស្សិតជាច្រើនរូប។
ក្រុមសិស្សនិស្សិត បានលើកឡើងថា ឧស្សាហកម្មគ្រឿងស្រវឹងបានប្រើយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនក្នុងការអូសទាញកុមារ និងយុវជន តាមរយៈការផ្សព្វផ្សាយ គ្រឿងស្រវឹង លើផ្ទាំងបដាឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាកឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹង (មួក ឆ័ត្រ អាវយឺត ផ្លិត …) ឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿង ស្រវឹង ដោយឥតគិតថ្លៃ ឬផ្ដល់រង្វាន់ផ្សេងៗ លេងល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗឱ្យផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា។
ក្រុមសិស្សនិស្សិត ក៏បានលើកឡើងបន្តថា សកម្មភាពរបស់ឧស្សាហកម្មគ្រឿងស្រវឹងកំពុងធ្វើនេះ បានជះឥទ្ធិពលអាក្រក់ជាច្រើនទៅលើកុមារនិងយុវជន។ កុមារ និងយុវជន ត្រូវបានជម្រុញអោយចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើនក្នុងវ័យក្មេងខ្ចី តាមរយៈសារនិងរូបភាពទាក់ទាញ ការធ្វើត្រាប់តាម អាយដល ផ្សាយស្រាបៀរ ការផ្តល់គ្រឿងស្រវឹងដោយឥតគិតថ្លៃ។
ជាលទ្ធផល កុមារ និងយុវជន ទទួលរងនូវការប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ការលូតលាស់មិនប្រក្រតីរបស់កុមារ ប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាល និងដល់ការសិក្សា។ មិនតែប៉ុណ្ណោះការផ្សាយពាណិជ្ជកម្មបំផ្លើសនៃគ្រឿងស្រវឹង ប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ និងសិទ្ធិទទួលបានសុខភាពល្អ ដែលមានចែងក្នុងសន្ធិសញ្ញាស្តីពីសិទ្ធិកុមារ។ អំពើហិង្សាដែលកើតមានក្នុងអំឡុងពេលមុនប្រកួត ពេលប្រកួត និងក្រោយប្រកួតកីឡា ដែលជម្រុញដោយការ សេពគ្រឿង ស្រវឹង ជះឥទ្ធិពលអាក្រក់ដល់កុមារ និងយុវជន។
គួរបញ្ជាក់ផងដែរថា បេក្ខជនឆ្នើមទាំង១០រូប ដែលបានប្រកួតគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនេះ ត្រូវបានជ្រើសរើសដោយគណៈកម្មការ ចេញពី យុវជនរាប់រយនាក់ ដែលបានផ្ញើអត្ថបទចូលរួមកម្មវិធីប្រកួតនេះ។ បេក្ខជនទាំង១០រូបនេះ មកពីវិទ្យាល័យជំនាន់ថ្មីគោកព្រីង ចំនួន៣រូប វិទ្យាល័យហ៊ុនសែន ប្រាសាទបាគង ១រូប វិទ្យាល័យដុនបូស្កូ ១រូប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១រូប សាកលវិទ្យាល័យស្វាយរៀង ១រូប សាកលវិទ្យាល័យអន្តរជាតិឌូវី ១រូប សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ១រូប និងអ្នកនិពន្ធឯករាជ្យ ១រូបផងដែរ៕