តើបេសកកម្ម អាតេមីស-៣ (Artemis III) ជាអ្វី? (NASA ប្រកាសឈ្មោះអវកាសនិក៤រូប)

14

(បរទេស)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសពីឈ្មោះអវកាសយានិកចំនួន ៤រូបថ្មី ដែលត្រូវបានជ្រើសរើសជាផ្លូវការ ដើម្បីបំពេញបេសកកម្ម អាតេមីសទី៣ (Artemis III) ជាជណ្តើរឈានឆ្ពោះទៅបង្កើតមូលដ្ឋានស្នាក់នៅ និងធ្វើការរបស់មនុស្សលើប៉ូលខាងត្បូងព្រះចន្ទ នាពេលអនាគត។ សម្រាប់អវកាសយានិកទាំង៤រូបថ្មី ដែលនឹងទៅបំពេញបេសកកម្ម Artemis III នោះមានដូចតទៅ៖

១៖ លោក Randy Bresnik (ជាមេបញ្ជាការបេសកកម្ម) (ជនជាតិអាមេរិក / NASA)
២៖ លោក Luca Parmitano (ជាពីឡុតបញ្ជាការលើយាន) (ជនជាតិអ៊ីតាលី / ESA)
៣៖ លោក Andre Douglas (ជាអ្នកជំនាញខាងបេសកកម្ម) (ជនជាតិអាមេរិក / NASA)
៤៖ លោក Frank Rubio (ជាអ្នកជំនាញខាងបេសកកម្ម) (ជនជាតិអាមេរិក / NASA)

  • តើបេសកកម្ម Artemis III ជាអ្វី?

បេសកកម្ម Artemis III គឺជាការបន្តជំហានពី Artemis II ដែលអង្គការ NASA បានសម្រេចជោគជ័យកាលពីខែមេសា ឆ្នាំ២០២៦។ អវកាសយានិក Artemis III ដែលជាបុរសទាំង៤រូប នឹងជិះយាន Orion ផ្ទុកអវកាសយានិកចាកចេញពីភពផែនដីតាមរយៈប្រព័ន្ធរ៉ុក្កែត Space Launch System (SLS) ហើយទៅបំពេញបេសកកម្មនៅគន្លងគោចរកម្រិតទាប (Low Earth Orbit) ជុំវិញភពផែនដី ដែលមានរយៈកម្ពស់ខ្ទង់ ៤៦០ពីផ្ទៃដី ហើយអវកាសយានិកទាំងអស់នឹងស្នាក់នៅ ហើយបំពេញកិច្ចការងាររយៈពេល ២សប្តាហ៍ ហើយវានឹងកាន់តែស្វិតស្វាញជាង Artemis II ទៅទៀត។

  • តើតេស្តសំខាន់ៗអ្វីខ្លះដែល Artemis III ត្រូវបំពេញ?

សម្រាប់ការបោះជំហានសំខាន់បំផុតរបស់ Artemis III មានដូចជា៖ ការធានាឲ្យបាននូវសុវត្ថិភាពអាយុជីវិត របស់ក្រុមអវកាសយានិក, ការធ្វើទំនាក់ទំនងរវាងអវកាសយានិក និងក្រុមការងារលើផែនដី, ការសាកគោចរក្នុងគន្លងកម្រិតទាប (Low Earth Orbit) ដោយយាន Orion និងជាពិសេសបំផុតគឺការចូលចតរបស់យាន Orion ភ្ជាប់នឹងយានរបស់ក្រុម SpaceX (Starship HLS) និងយាន Blue Moon របស់ក្រុមហ៊ុន Blue Origin ពេលកំពុងស្ថិតក្នុងគន្លងគោចរ។

បន្ថែមពីនេះ អវកាសយានិកទាំង ៤រូបនឹងធ្វើតេស្តឈុតសម្លៀកបំពាក់អវកាសជំនាន់ថ្មីមានឈ្មោះថា Axiom Extravehicular Mobility Unit (AxEMU) នៅក្នុងបរិស្ថានដែលគ្មានទំនាញ។ សម្រាប់បេសកកម្ម Artemis ទី៣នេះដែរ គឺនឹងមិនធ្វើដំណើរទៅព្រះចន្ទដូច Artemis II នោះទេ ខណៈការចុះចតមនុស្សដំបូងលើព្រះចន្ទឡើងវិញ ដែលមិនធ្លាប់មានតាំងតែពីឆ្នាំ១៩៧២នោះ នឹងកើតឡើងនៅបេសកកម្ម Artemis IV ក្នុងឆ្នាំ២០២៨ ដែលជាកាលបរិច្ឆេទត្រូវបានកំណត់ចុងក្រោយ។

  • តើ Artemis III នឹងចេញដំណើរនៅពេលណា?

បើតាមកាលបរិច្ឆេទចុងក្រោយដែល NASA បានកំណត់នោះ បេសកកម្ម Artemis III នឹងចេញដំណើរនៅអំលុងចុងឆ្នាំ២០២៧ ឬបើគិតត្រឹមខែមិថុនា ឆ្នាំ២០២៦ គឺនៅសល់ពេលខ្ទង់ មួយឆ្នាំកន្លះទៀត។ តែយ៉ាងណា ការព្រួយបារម្ភជាច្រើនបានកើតមានឡើងក្រោយពីក្រុម SpaceX និង Blue Origin នៅមិនទាន់ឲ្យតំរុយជោគជ័យពេញលេញ លើការធ្វើតេស្តរ៉ុក្កែតខ្នាតយក្សរៀងៗខ្លួននោះ។

សម្រាប់ SpaceX ការធ្វើតេស្តធ្វើតេស្តប្រព័ន្ធដឹកជញ្ជូន Starship ដែលមានឈ្មោះថា Human Landing System (HLS) នៅមិនទាន់ទទួលបានជោគជ័យ ១០០% នៅឡើយទេ ខណៈការធ្វើតេស្តលើកទី ១២ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ទទួលបានចំណុចជោគជ័យ និងបរាជ័យលាយឡំគ្នា។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន SpaceX ធ្លាប់បង្ហាញក្តីរំពឹងថា ខ្លួននឹងដាក់ប្រព័ន្ធដឹកជញ្ជូន Starship នេះឲ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងត្រីមាសទី នៃឆ្នាំ២០២៦នេះ ដើម្បីឈានទៅបម្រើសេវាឲ្យ NASA នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ នោះគឺ Artemis III និង Artemis IV

ងាកមកកាន់ Blue Origin វិញ រ៉ុក្កែត New Glenn បានផ្ទុះទាំងមិនទាន់ហោះឡើងផង នៅអំលុងកាលធ្វើតេស្តលើកទី ៤ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ ក្រុមហ៊ុន Blue Origin កំពុងស៊ើបអង្កេតនៅឡើយសម្រាប់ករណីនេះ។ អ្វីដែលសំខាន់ រ៉ុក្កែត New Glenn ត្រូវបានអភិវឌ្ឍឡើងដើម្បីពាំនាំយាន Blue Moon ទៅកាន់ទីអវកាស ដូច្នេះការធ្វើតេស្តមិនទាន់សម្រេចពេលនេះ គឺជាក្តីព្រួយបារម្ភដ៏ធំមួយផងដែរ…៕

តើបេសកកម្ម អាតេមីស-៣ (Artemis III) ជាអ្វី? (NASA ប្រកាសឈ្មោះអវកាសនិក៤រូប)
អវកាសយានិកទាំង៤រូប ដែលនឹងបំពេញបេសកកម្ម Artemis III (Credit: NASA / Artemis Mission)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA / SPACE (ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦)

480×240 Banner