ទីបំផុត អ៊ែល នីញ៉ូ មកដល់ហើយ! មានឱកាសខ្ពស់ដែលនឹងវិវត្តទៅរក «កម្រិតខ្លាំង»
(បរទេស)៖ ទិន្នន័យពីផ្កាយរណបសង្កេតបរិយាកាសផែនដីរបស់ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិនៃសហរដ្ឋអាមេរិក (NOAA) កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់ថា បាតុភូតកើនឡើងកម្តៅសកល អ៊ែល នីញ៉ូ (El Niño) បានមកដល់យ៉ាងពិតប្រាកដ ហើយប្រការនេះគឺដូចការសន្យាកាលពីដើមឆ្នាំ២០២៦ថា ទាល់តែដល់អំលុងខែ៦នេះ ទើបយើងអាចសន្មតថា El Niño កើតមានឡើងមែនឬមួយក៏អត់។ តែយ៉ាងណា សម្រាប់ការអាចឈានទៅកម្រិតខ្លាំងបំផុត (Super El Niño) ដែរឬមួយក៏អត់នោះ នៅត្រូវការការសង្កេតជាបន្តទៀត…។
ខណៈដែលមហាសមុទ្រនានាកំពុងកើនឡើងកម្តៅ ដោយសារតែសកម្មភាពរបស់មនុស្សលើផែនដី (ការបង្កការប្រែប្រួលអាកាសធាតុ) ស្រាប់ទៅហើយនោះ វត្តមានរបស់ El Niño នឹងដុតបញ្ឆេះបញ្ហានេះឲ្យកាន់តែក្តៅគគុកបន្ថែមទៀត។ ប្រការនេះមានន័យថា លំនាំនៃអាកាសធាតុអាចប្រែប្រួលទៅរកស្ថានភាពធ្ងន់ធ្ងរ ក្នុងនោះមានដូចជា គ្រោះរាំងស្ងួតកាន់តែអូសបន្លាយ, ទឹកជំនន់មានសភាពកាន់តែធ្ងន់ធ្ងរ និងភ្លើងឆេះព្រៃអាចនឹងមានសភាពធំធេងឡើងៗជាដើម។ តំបន់នានាលើលោក នឹងជួបមហន្តរាយផ្សេងៗគ្នាដូចជា ការបាត់បង់ផលដំណាំកសិកម្ម និងការធ្លាក់ចុះនៃផលនេសាទជាដើម។

ទោះបីជាសារព័ត៌មាន ឬអ្នកជំនាញផ្នែកអាកាសធាតុមួយចំនួន បាននិងកំពុងប្រើប្រាស់ពាក្យថា មហាបាតុភូត អ៊ែល នីញ៉ូ (Super El Niño) ក៏ដោយ តែស្ថាប័ន NOAA នៃសហរដ្ឋអាមេរិក ដែលកំពុងបន្តតាមដានយ៉ាងសកម្មចំពោះលទ្ធភាពដែលកើតឡើងនេះ មិនបានប្រើប្រាស់ពាក្យនេះមកបរិយាយនោះឡើយ ដោយខ្លួនត្រឹមប្រើកម្រិតសម្គាល់ពី ខ្សោយ (weak), មធ្យម (moderate), ខ្លាំង (strong) និងខ្លាំងណាស់ (very strong) ប៉ុណ្ណោះ ចំពោះបាតុភូត អ៊ែល នីញ៉ូ កន្លងមក។ សម្រាប់កម្រិតខ្លាំងណាស់ (very strong) គឺនឹងសម្តៅលើ Super El Niño នោះឯង។
ជុំវិញលទ្ធផលសង្កេតថ្មី នៅក្នុងខែមិថុនា ឆ្នាំ២០២៦នេះ លោក Ariel Cohen អ្នកជំនាញផ្នែកឧតុនិយមមកពីស្ថាប័នព្យាករណ៍អាកាសធាតុ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានលើកឡើងថា «ពេលនេះឱកាសកើតមានបាតុភូត អ៊ែល នីញ៉ូ រហូតដល់កម្រិតខ្លាំងណាស់ (Very Strong) កើនឡើងដល់ ៦៣% ហើយ ដោយគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ – ខែមករា ឆ្នាំ២០២៧។ អ៊ែល នីញ៉ូ លើកនេះអាចឈរនៅកម្រិតអាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រ បើយើងគិតចាប់ពីឆ្នាំ១៩៥០មក…»។
- តើ El Niño ជាអ្វី ហើយវិវត្តទៅជា Super El Niño ដូចម្តេច?
អែល នីញ៉ូ គឺជាបាតុភូតអាកាសធាតុ ដែលទាក់ទងនឹងសីតុណ្ហភាពផ្ទៃទឹកសមុទ្រ កើនឡើងកម្តៅលើសពីកម្រិតមធ្យមប្រចាំឆ្នាំ នៅត្រង់ខ្សែអេក្វាទ័រនៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយស្ថានភាពអាក្រក់ខ្លាំងបំផុតស្ថិតនៅត្រង់តំបន់ប៉ាស៊ីហ្វិកខាងកើត និងរាលដាលមកដល់តំបន់ប៉ាស៊ីហ្វិកកណ្តាល រហូតចុងកន្ទុយនៅភាគខាងលិច។ ពិតណាស់ មនុស្សលោកបានកត់សម្គាល់អំពីលំនាំបាតុភូត El Niño និង La Niña នេះអស់រាប់រយឆ្នាំមកហើយ ប៉ុន្តែឈានមកដល់សតវត្សរ៍ទី២១នេះ ការកើនឡើងកម្តៅភពផែនដីបានធ្វើឲ្យលំនាំបាតុភូតអាកាសធាតុ ដែលធ្លាប់មាននាមអាក្រក់ស្រាប់ទៅហើយនោះ កាន់តែអាក្រក់ខ្លាំងឡើងថែមទៀត។
សម្រាប់ការជម្រុញឲ្យកកើតទៅជា Super El Niño ដែលក្រុមអ្នកវិទ្យាសាស្ត្រផ្លូវការកំណត់ជា Very Strong El Niño នោះ គឺយោងទៅលើកម្រិតកើតឡើងកម្តៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ត្រង់តំបន់ដូចបានបញ្ជាក់ខាងលើនេះជាចម្បង។ ជាទូទៅឲ្យតែកម្រិតកើនកម្តៅ ០.៥អង្សាសេ លើសពីកម្រិតមធ្យម (average) នោះនឹងត្រូវចាត់ទុកថា ជាបាតុភូត El Niño កម្រិតខ្សោយមួយហើយ។ តែប្រសិនបើកម្រិតកើនឡើងកម្តៅមានរហូតដល់ ២អង្សាសេ លើសពីកម្រិតមធ្យម នោះគឺនឹងត្រូវចាស់ទុកជា Super El Niño (Very Strong El Niño) ជាក់ជាមិនខាន។
- តើឱកាសកើតមាន Super El Niño កើនឡើងដល់កម្រិតណាហើយ?
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ និងដោយយោងតាមទិន្នន័យចុងក្រោយពី NOAA ក៏ដូចជាអង្គការឧតុនិយមអន្តរជាតិ (WMO) ឱកាសដែលបាតុភូត El Niño វិវត្តឡើងទៅជាកម្រិត Very Strong El Niño (Super El Niño) នោះ ពេលនេះមានដល់ទៅ ៦៣% ហើយវាអាចនឹងកើតឡើងនៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧។ ដោយឡែកសម្រាប់ El Niño ពេលនេះវិញ វាមានកម្រិតដល់ទៅ ៩០% ដែលអាចអូសបន្លាយដល់ចុងឆ្នាំ២០២៦នេះ។
- WMO ចេញលទ្ធផលព្យាករណ៍ចំពោះផលប៉ះពាល់លើតំបន់អាស៊ីអាគ្នេយ៍ (កម្ពុជា)
ពិតណាស់! នៅដើមខែមិថុនា ឆ្នាំ២០២៦នេះ យើងកំពុងស្ថិតនៅក្នុងបាតុភូត El Niño កម្រិតខ្សោយមួយហើយ ដោយអង្គការ WMO បានព្យាករទៀតថា វានឹងវិវត្តទៅជាកម្រិតមធ្យម (moderate) ចាប់ពីខែមិថុនានេះ ដល់ខែសីហា ឆ្នាំ២០២៦។ សម្រាប់លទ្ធផលព្យាករណ៍របស់ WMO បង្ហាញថា បើទោះបីជាពិភពលោកមើលឃើញបាតុភូត El Niño កម្រិតខ្លាំង (Strong) ឬក៏ឈានដល់កម្រិតខ្លាំងណាស់ (Very Strong) ក៏ដោយ ក៏វានឹងមិនបង្កផលប៉ះពាល់អ្វីបន្ថែមខ្លាំង សម្រាប់តំបន់អាស៊ីអាគ្នេយ៍លើសពីបាតុភូត El Niño កម្រិតដូចពេលនេះដែលនឹងជះឥទ្ធិពលនោះដែរ។
លទ្ធផលព្យាករណ៍ពី WMO គឺតំបន់អាស៊ីអាគ្នេយ៍ទាំងមូល អាចនឹងទទួលរងអាកាសធាតុក្តៅលើសពីធម្មតា, គ្រោះរាំងស្ងួតកើតឡើងច្រើនកន្លែង និងមានព្យុះស៊ីក្លូនត្រូពិកតិចជាងធម្មតា។ សម្រាប់រដូវវស្សានៅតំបន់អាស៊ីអាគ្នេយ៍ នឹងកើតឡើងដូចធម្មតា លើកលែងតែប្រទេសឡាវ និងវៀតណាមដែលរដូវវស្សានឹងមកយឺតជាងរាល់ឆ្នាំបន្តិច។
យើងអាចមើលឃើញតាមរយៈតារាងព្យាករណ៍ពី WMO ខាងក្រោមនេះបាន ដែលជាការរៀបរាប់ពីកម្រិតទឹកភ្លៀងរដូវវស្សានៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះពណ៌នីមួយៗតំណាងឲ្យកម្រិតទឹកភ្លៀងដែលតាមតំបន់នឹងទទួលបានខុសៗគ្នាដូចតទៅ៖
- ពណ៌បៃតងចាស់៖ តំណាងឲ្យកម្រិតទឹកភ្លៀងធ្លាក់លើសពីកម្រិតធម្មតា
- ពណ៌បៃតងស្រាល៖ តំណាងឲ្យកម្រិតភ្លៀងធ្លាក់ពីកម្រិតធម្មតា ទៅលើសពីធម្មតា
- ពណ៌ប្រផេះ៖ តំណាងឲ្យកម្រិតភ្លៀងធ្លាក់ក្បែរកម្រិតធម្មតា
- ពណ៌ទឹកក្រូចស្រាល៖ តំណាងឲ្យកម្រិតភ្លៀងធ្លាក់កម្រិតក្រោមធម្មតា ទៅក្បែរធម្មតា
- ពណ៌ទឹកក្រូចដិត៖ តំណាងឲ្យកម្រិតភ្លៀងធ្លាក់ក្រោមធម្មតា

គួរបញ្ជាក់ថា ប្រទេសកម្ពុជាយើងនៅក្នុងតារាងព្យាករណ៍នេះ បានរំលេចពណ៌រហូតដល់ទៅ ៤ នោះគឺពណ៌ប្រផេះភាគច្រើន (នៅខេត្តភាគឦសាន និងពាយ័ព្យខ្លះ, ខាងជើង, ខាងកើត, និងខាងត្បូងខ្លះ), ពណ៌ទឹកក្រូចស្រាល (បណ្តាខេត្តជុំវិញបឹងទន្លេសាប) និងពណ៌បៃតងស្រាលផង-ចាស់ផង នៅបណ្តាខេត្តជាប់សមុទ្រ។ ពណ៌ទាំងអស់នេះបង្ហាញពីកម្រិតភ្លៀងធ្លាក់ដែលកម្ពុជាយើង អាចជួបប្រទះសម្រាប់រដូវវស្សាឆ្នាំ២០២៦នេះឯង៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NOAA / WMO (ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦)
