ត្រៀម! James Webb នឹងឆ្លុះមើលភព Trappist-1e ដែលគេសង្ស័យថា «លាក់ Alien» (មានវីដេអូ)
(បរទេស)៖ ទីបំផុតក្តីរំពឹងរបស់អ្នកតាមដានជាច្រើន ដែលចង់ដឹងឮព័ត៌មានបន្ថែមអំពីប្រព័ន្ធផ្កាយ ត្រាពីស ១ (Trappist-1) ដែលស្ថិតនៅចម្ងាយ ៤០ឆ្នាំពន្លឺ ពីភពផែនដីយើងនោះ ជិតក្លាយជាការពិតហើយ ដោយតេឡេស្កូបអវកាស James Webb នឹងឆ្លុះមើលបរិយាកាសរបស់ភព ១ ក្នុងចំណោមភពទាំង ៧ របស់ប្រព័ន្ធផ្កាយនោះ នៅក្នុងពេលឆាប់ៗខាងមុខ។ (បញ្ជាក់៖ ១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
ថ្វីត្បិតតែក្នុងចំណោមភព exoplanets ទាំង ៧ របស់ Trappist-1 អាចមានរហូតដល់ទៅ ៣ នៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ក៏ដោយ ក៏ភព Trappist-1e ដែលស្ថិតនៅលេខរៀងទី ៤ គឺត្រូវបានចាត់ទុកជា បេក្ខភាពល្អជាងគេបំផុត ព្រោះវាស្ថិតនៅចន្លោះនៃគន្លងគោចររបស់ភព Trappist-1d និងភព Trappist-1f ដែលជាបេក្ខភាពដ៏គួរឲ្យចាប់អារម្មណ៍ ២ ទៀត។
មូលហេតុដែលប្រព័ន្ធ Trappist-1 នេះពិសេសខ្លាំង នោះក៏ព្រោះតែតារាមួយនេះជាប្រភេទ M-dwarf (យើងអាចហៅថា Red dwarf ឬ M-type) ដែលជាលំដាប់ផ្កាយតូចជាងគេបំផុតនៅក្នុងចក្រវាលនេះ ហើយចំហេះរបស់វាទ្រទ្រង់ដោយអ៊ីដ្រូសែន។ M-dwarf star ភាគច្រើនមានម៉ាសចន្លោះពី ០.០៨ – ០.៦ ដងនៃម៉ាសព្រះអាទិត្យយើង ហើយវាក៏ជាប្រភេទតារាស្ងប់ ដែលមិនសូវមានជះចេញនូវអណ្តាតភ្លើង (flare) នោះដែរ។
មិនមានអ្វីត្រូវសង្ស័យច្រើននោះឡើយ ព្រោះរាល់ការរាប់បេក្ខភាពភពដែលអាចកំពុងលាក់ជីវិត (Alien) និងភពដែលអាចមានអំណោយផល ដល់ការកកើតជីវិតនោះ Trappist-1e តែងតែឈរនៅកំពូលតារាងជានិច្ច។ ហេតុដូច្នេះទើបតេឡេស្កូបអវកាស James Webb ដែលមានតម្លៃជិត ១០ពាន់លានដុល្លារ បាននិងកំពុងទទួលការជំរុញ ឲ្យឆ្លុះមើលភពនេះកាន់តែខ្លាំងឡើង។
តាមរយៈលទ្ធផលសិក្សានាប៉ុន្មានឆ្នាំចុងក្រោយនេះឲ្យដឹងថា ភព Trappist-1e និងភពផែនដីមានទំហំស្ទើរតែប៉ុនគ្នាទៅហើយ ប៉ុន្តែបើគិតទៅលើម៉ាស (mass) វិញនោះ Trappist-1e ស្ទើរជាងផែនដីរហូតដល់ទៅ ៤០%។ យោងតាមការវិភាគតាមកម្មវិធីកុំព្យូទ័រ (simulation) លើភព Trappist-1e នេះ ក្រុមអ្នកវិទ្យាសាស្ត្របានមើលឃើញអំពីកំណើននៃឧស្ម័នផ្ទះកញ្ចក់ (Greenhouse Gas) និងជាពិសេស គឺការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត នៅក្នុងលក្ខខណ្ឌអាកាសធាតុដ៏កញ្ជ្រោលខ្លាំង ព្រមទាំងអត្រានៃការប្រែប្រួលអាកាសធាតុផងដែរ ហេតុដូច្នេះទើបពួកគេប្រៀបធៀប Trappist-1e ទៅនឹងភពផែនដីតែម្តង។
ទោះជាបែបនេះក្តី សាស្ត្រាចារ្យ Assaf Hochman មកពីសាកលវិទ្យាល័យហ្សេរុយសាឡឹម (HU) ដែលជាអ្នកដឹកនាំកម្មវិធីស្រាវជ្រាវខាងលើនេះ បានលើកឡើងថា ភព Trappist-1e ទំនងជាមានបរិយាកាស ដែលពោពេញដោយឧស្ម័នផ្ទះកញ្ចក់ ខ្លាំងជាងភពផែនដីយើងទៅទៀត។ ប្រការនេះមានន័យថា លើភព Trappist-1e អាចមានការប្រែប្រួលអាកាសធាតុ រហ័សខ្លាំងជាងលើភពផែនដី ហើយវាក៏អាចមានន័យថា Trappist-1e ស្ថិតនៅក្នុងគន្លងគោចរបិទ (locked orbit) ដោយមួយចំហៀងបែររកផ្កាយវារហូត និងមួយចំហៀងទៀតងងឹតរហូត ខណៈភពផែនដីតែងវិលជុំវិញខ្លួនឯងផង និងគោចរជុំវិញព្រះអាទិត្យផង។
គួរបញ្ជាក់ថា អ្វីៗដែលបានរៀបរាប់ខាងលើនេះ ត្រឹមតែជាការសិក្សាតាមរយៈទិន្នន័យ បានមកពីតេឡេស្កូបលើដី និងតេឡេស្កូបអវកាសមុនៗប៉ុណ្ណោះ។ យើងដឹងហើយថា James Webb មានឧបករណ៍ចាប់យកពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ជាច្រើនទម្រង់ និងអាចឆ្លុះមើលដឹងអំពីធាតុផ្សំ នៅក្នុងបរិយាកាសរបស់ភព នៅប្រព័ន្ធផ្កាយដទៃទាំងនោះបាន។ មិនមែនចង់ឆ្លុះភ្លាមអាចធ្វើបានភ្លែតនោះឡើយ ព្រោះអ្វីៗអាចប្រព្រឹត្តទៅបាន ទៅតាមពេលវេលាសមគួរ ហើយ James Webb អាចនឹងបង្កភាពភ្ញាក់ផ្អើលដល់យើងគ្រប់គ្នា ឆាប់ៗនេះផងក៏ថាបាន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២)