NASA បញ្ចេញរូបភាពថតកៀកព្រះចន្ទបំផុត ដោយយានអវកាស Orion (មានរូបភាព)

608

(បរទេស)៖ នៅទីបំផុតរូបភាពថតកៀកផ្ទៃព្រះចន្ទបំផុត នៅក្នុងរយៈកម្ពស់ប្រមាណ ១៣០គីឡូម៉ែត្រ ដែលត្រូវបានធ្វើឡើងដោយយានអវកាស Orion របស់អង្គការ NASA កាលពីថ្ងៃទី២១ ខែវិច្ឆិកានោះ ត្រូវបានបញ្ចេញជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ (ពេលវេលានៅប្រទេសកម្ពុជា)។

រូបថតកៀកព្រះចន្ទបំផុត (រូបភាពពី NASA)

រូបភាពថតកៀក និងប្រកបដោយភាពលម្អិតមានពណ៌ស-ខ្មៅទាំងអស់នេះ ត្រូវបានថតនៅក្នុងថ្ងៃទី នៃបេសកកម្មសាកល្បង Artemis 1 របស់អង្គការ NASA តាមរយៈកាមេរ៉ាលើយាន Orion ដែលមានសរុបចំនួន ១៦គ្រឿង ហើយកាមេរ៉ាដែលថតរូបភាពកៀកព្រះចន្ទនេះ គឺជាកាមេរ៉ាចង្អុលទិសដៅ (optical navigation camera)។

ផែនដីរាបលិច (រូបភាពពី NASA)

នៅថ្ងៃទី២៥ ខែវិច្ឆិកា (ម៉ោងនៅអាមេរិក) យាន Orion នឹងចាប់ផ្តើមចល័តខ្លួន ទៅកាន់រយៈកម្ពស់ខ្ពស់មួយ នៃឋានព្រះចន្ទ ដើម្បីចាប់ផ្តើមដំណើរត្រលប់មកកាន់ភពផែនដីវិញ។ Orion គ្រោងនឹងមកដល់ភពផែនដី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ (ពេលវេលានៅអាមេរិក) ហើយទម្លាក់ខ្លួនចុះលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ជាប់នឹងរដ្ឋកាលីហ្វ័រញ៉ា

រូបភាព Pale Blue Dot ថ្មី (រូបភាពពី NASA)

គួរបញ្ជាក់ថា គិតចាប់តាំងពីដំណើរចាកចេញពីភពផែនដី រហូតដល់ការធ្វើដំណើរកៀកនឹងព្រះចន្ទនោះ Orion បានផ្តិតរូបភាពជាច្រើន និងសុទ្ធសឹងជារូបភាពអស្ចារ្យគួរឲ្យចងចាំទុកផងដែរ ជាពិសេសគឺរូបភាពផែនដីរាបលិច និង Pale Blue Dot ថ្មីជាដើម។

NASA បញ្ចេញរូបភាពថតកៀកព្រះចន្ទបំផុត ដោយយានអវកាស Orion (មានរូបភាព)
(រូបភាពពី NASA)

ការធ្វើតេស្តប្រព័ន្ធបាញ់បង្ហោះ SLS (Space Launch System) ដែលមានផ្ទុកយាន Orion នៅក្នុងនោះ និងត្រូវបានហៅជារួមថា Artemis 1 ពិតជាជំហានដ៏សំខាន់បំផុតសម្រាប់អង្គការ NASA ក្នុងការបំពេញមហិច្ឆតានាំមនុស្សទៅបោះ មូលដ្ឋានស្រាវជ្រាវជាអចិន្ត្រៃយ៍លើផ្ទៃព្រះចន្ទ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៤ ឆាប់ៗខាងមុខនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២)

480×240 Banner