សហរដ្ឋអាមេរិកកំពុងសិក្សាពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា-ថៃ ខណៈខ្លួនមានតំបន់ផុយស្រួយមួយនោះគឺ San Andreas Fault (វីដេអូ)
(បរទេស)៖ ការសិក្សាថ្មីមួយបានបង្ហាញថា តំបន់ប្រេះស្រាំនៃសំបកផែនដី (Fault) ដូចជា សេន អាន់ឌ្រាស (San Andreas) ហាក់ដូចជាមិនបានបង្ហាញឥរិយាបថរបស់វាដូចកាលពីអតីតកាលនោះទេ ដោយប្រការនេះមានន័យថាការរញ្ជួយដីដ៏កក្រើកបន្ទាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃភាគនិរតីសហរដ្ឋអាមេរិកនោះ អាចនឹងមានកម្រិតធ្ងន់ធ្ងរខ្លាំងជាងអ្វី ដែលយើងធ្លាប់បានឃើញកាលពីអតីតកាលទៅទៀត។
ការយល់ដឹងថ្មីៗអំពីឥរិយាបថរបស់ San Andreas Fault នេះ គឺបានមកពីការសិក្សាលើគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសមីយ៉ាន់ម៉ា ដែលបានឆក់យកជីវិតមនុស្សជាង ៥,០០០នាក់ និងបំផ្លិចបំផ្លាញហេដ្ឋានរចនាសម្ព័ន្ធយ៉ាងច្រើនអនេក នៅចំកណ្តាលប្រទេសអាស៊ានមួយនេះតែម្តង។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា តំបន់ប្រេះបែកនៃសំបកផែនដី (Fault) ដែលប្រៀបដូចជា «ផ្លូវហាយវ៉េនៃគ្រោះរញ្ជួយដីដ៏វែងអន្លាយ» នោះគឺ សាហ្គេង (Sagaing Fault) បានកើតមានការប្រេះស្រាំដ៏ធំធេង នៅក្នុងកម្រិតមួយដែលគេមិនបានរំពឹងទុកសោះឡើយ បើធៀបនឹងព្រឹត្តការណ៍មុនៗ។

ឈ្មោះថា Fault នេះគឺចង់សម្តៅទៅលើការប្រេះស្រាំនៅក្នុងសំបកផែនដីនោះឯង។ សម្ពាធអាចកើតឡើងនៅតាមបណ្តោយរបស់តំបន់ប្រេះស្រាំនោះ ហើយនៅសុខៗវាក៏ប្រេះចេញពីគ្នាដែលបង្កទៅជាគ្រោះរញ្ជួយដីភ្លាមៗតែម្តង។ ដោយសារតំបន់ប្រេះស្រាំ Sagaing និង San Andreas មានលក្ខណៈស្រដៀងគ្នា ដូច្នេះអ្វីដែលបានកើតឡើងជាក់ស្តែងរួចហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងជួយឲ្យក្រុមអ្នកស្រាវជ្រាវឱ្យយល់កាន់តែច្បាស់ អំពីអ្វីដែលនឹងអាចកើតឡើងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបាន។
ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យា Caltech នៃរដ្ឋកាលីហ្វ័រញ៉ា បានព្រមានដោយយោងតាមលទ្ធផលសិក្សាថ្មីនេះថា «គ្រោះរញ្ជួយផែនដីនៅថ្ងៃអនាគត នឹងមិនដូចអ្វីដែលធ្លាប់បានកើតឡើងកាលពីអតីតកាលនោះទេ… ការបាក់បែកទៅលើស្នាមប្រេះស្រាំដែលមានស្រាប់នៅតំបន់ Sagaing ឬមួយក៏ San Andreas អាចមានឥទ្ធិពលកាន់តែខ្លាំង ហើយបញ្ចេញកម្លាំង (ញ័ររញ្ជួយ) ខ្លាំងជាងព្រឹត្តិការណ៍ពីមុន…»។ យ៉ាងណាក៏ដោយ ដោយសារតែគ្រោះរញ្ជួយដីជាអ្វីដែលពិបាកព្យាករទុកមុន ដូច្នេះកម្រិតដែលនឹងកើតឡើងនោះ ក៏ពិបាកឲ្យគេប៉ាន់ស្មានដូចគ្នាដែរ ប៉ុន្តែទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រនៃសហរដ្ឋអាមេរិក (USGS) ធ្លាប់បានព្យាករណ៍ថា វានឹងអាចកើតឡើងនៅមុនឆ្នាំ២០៣២...។

គួរបញ្ជាក់ថា តំបន់ប្រេះស្រាំស្រទាប់ផែនដី San Andreas Fault លាតសន្ធឹងប្រវែង ១,២០០km ពីតំបន់សមុទ្រ Salton Sea នៃភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ភាគខាងជើងដែលជាប់នឹងឆ្នេរសមុទ្រនៃតំបន់ Mendocino នៃរដ្ឋកាលីហ្វ័រញ៉ា។ កាលពីឆ្នាំ១៩០៦ ការរំកិលផ្នែកខាងជើងនៃតំបន់នេះ បានបង្កឲ្យមានគ្រោះរញ្ជួយដីកម្រិតខ្លាំងរហូតដល់ទៅ ៧.៩ (magnitude) ដែលបានបណ្តាលឲ្យមនុស្សជាង ៣,០០០នាក់ឯណោះបាត់បង់ជីវិត, នេះបើតាមទិន្នន័យពីទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រ នៃសហរដ្ឋអាមេរិក (USGS)។
ងាកមកកាន់តំបន់ Sagaing Fault របស់មីយ៉ាន់ម៉ាវិញ ក្រុមអ្នកវិទ្យាសាស្ត្របានរំពឹងថា វានឹងរំកិលស្របទៅនឹងស្នាមប្រេះរបស់វាដែលមានស្រាប់ ដោយពួកគេបានកំណត់ទីតាំងជាក់លាក់ថា ការរំកិល (ញ័ររញ្ជួយដី) នឹងកើតឡើងនៅទូទាំងតំបន់មានស្នាមប្រេះស្រាំក្នុងបណ្តោយប្រវែង ៣០០km ដែលមិនធ្លាប់មានគ្រោះរញ្ជួយដីធ្ងន់ធ្ងរឡើយ គិតចាប់តាំងពីឆ្នាំ១៨៣៩។ ការព្យាករណ៍នេះ គឺផ្អែកទៅលើសម្មតិកម្មនៃគម្លាតគ្រោះរញ្ជួយដី ដែលបានកើតមានកាលពីអតីតកាល ទៅនឹងថេរវេលានៃការជាប់គាំងទ្រឹងមិនមានរញ្ជួយដីយូរមកហើយនៅតំបន់ Sagaing Fault នោះ ហើយវានឹងរំកិលទៅរកកន្លែងដែលវាត្រូវទៅ។

សម្រាប់ករណីរញ្ជួយដីនៅតាមបណ្តោយតំបន់ប្រេះស្រាំសំបកផែនដី ឬជាចលនានៃស្រទាប់តិចតូនិច Sagaing នៅមីយ៉ាន់ម៉ា ដែលមានបណ្តោយសរុបរហូតដល់ទៅ ៥០០km នោះ គឺត្រូវបានក្រុមអ្នកជំនាញសង្កេតឃើញថា មានការប្រែប្រួលខ្លះ។ តាមរយៈការសង្កេតពីផ្កាយរណប ដោយប្រៀបធៀបស្ថានភាពពេលមុន និងក្រោយរញ្ជួយដីនៅមីយ៉ាន់ម៉ានោះ គេសង្កេតឃើញភាគខាងលិចនៃ Sagaing Fault រំកិលទៅខាងត្បូងប្រមាណ ៣ម៉ែត្រ បើធៀបនឹងភាគខាងលិច។ បើតាមអ្នកជំនាញ Caltech ការប្រៀបធៀបរូបភាពរបៀបនេះ នឹងធ្វើឲ្យគំរូនៃការព្យាករណ៍គ្រោះរញ្ជួយដីនៅថ្ងៃអនាគត មានភាពប្រសើរជាងមុន ហើយវាមានប្រយោជន៍ដល់ការសិក្សាលើតំបន់ San Andreas Fault នៃរដ្ឋកាលីហ្វ័រញ៉ា ដែលកំពុងប្រឈមមុខនឹងអនាគតដ៏ផុយស្រួយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ Live Science (ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥)
