មេរោគ Zombie? ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ កំពុងសិក្សាមេរោគ ដែលកកក្នុងដីជិត ៥០,០០០ឆ្នាំ
(សាយប៊ែរា)៖ ក្រុមអ្នកវិទ្យាសាស្ត្រដែលកំពុងសិក្សាអំពីមេរោគចាស់ៗ និងផលប៉ះពាល់នៃការកើនឡើងកម្តៅសកល ដែលនឹងនាំឲ្យមេរោគកប់ទុកជាយូរឆ្នាំនៅតំបន់ទឹកកក ឬតំបន់ជុំវិញប៉ូលភពផែនដី ត្រូវពន្លែងចេញមកវិញនោះ ទើបតែបានអះអាងពីការរកឃើញប្រភេទមេរោគហ្សំប៊ី (Zombie Viruses) ដែលត្រូវបានកប់ទុកក្នុងទឹកកកជិត ៥០,០០០ឆ្នាំមកហើយ។
យោងតាមការចុះផ្សាយដោយកាសែត bioRxiv និងត្រូវបានដកស្រង់ដោយសារព័ត៌មាន Fox News របស់សហរដ្ឋអាមេរិកបានឲ្យដឹងនៅចុងខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ក្រុមអ្នកស្រាវជ្រាវរបស់រុស្ស៊ី បារាំង និងអាល្លឺម៉ង់ ដែលបាននិងកំពុងធ្វើការងារខាងលើនេះ នៅតែត្រូវការការត្រួតពិនិត្យឯកសារបន្ថែមទៀត មុននឹងចេញផ្សាយលទ្ធផលសិក្សារបស់ពួកគេជាផ្លូវការ។
ជាបឋមយើងអាចដឹងត្រឹមថា មេរោគ Zombie ថ្មីៗចំនួន ១៣ ត្រូវបានរកឃើញនៅក្នុងគំរូតាងនៃដីកក (permafrost samples) នៃតំបន់ សាយប៊ែរា (Siberia) របស់រុស្សី ខណៈមួយក្នុងចំណោមនោះ បានកប់ក្នុងស្រទាប់ដីកកអស់រយៈកាលជិ ៤៨,៥០០ឆ្នាំមកហើយ។ ក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះបានអះអាងថា «វីរុសមួយចំនួននៅតែមានសមត្ថភាពអាចបង្ករោគ បើទោះបីជាពួកវាត្រូវបានបង្កកទុករាប់សែនមកហើយក្តី»។
បើតាមកាសែត bioRxiv មេរោគនីមួយៗតម្រូវឲ្យមានការសិក្សា និងផលិតវ៉ាក់សាំងដើម្បីទប់ទល់ឥទ្ធិពលរបស់វា ហេតុដូច្នេះវាជាភាពទទួលខុសត្រូវមួយសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត នៅពេលរកឃើញវីរុសថ្មីៗ ដែលត្រូវបានបន្សល់ទុកពីបុរាណ។ ហើយវាក៏ភាពខុសប្លែកគ្នាទាំងស្រុងផងដែរ រវាងការរកឃើញមេរោគនៅក្នុងស្រទាប់ដីកក (permafrost) និងមេរោគដែលមានក្នុង សាកសពសត្វនានាដែលបានកកក្នុងទឹកកក ព្រោះពពួកមេរោគនៅក្នុង permafrost មិនឲ្យអាចយើងធ្វេសប្រហែសជាដាច់ខាត។
យ៉ាងណាក៏ដោយ ចំពោះសំនួរថាតើវីរុសដែលទើបត្រូវបានរកឃើញនោះ អាចបង្កគ្រោះថ្នាក់ដល់មនុស្សឬទេ ឬក៏ពួកវាអាចតស៊ូបានយូរកម្រិតណា នៅពេលប៉ះត្រូវពន្លឺ UV, អុកស៊ីសែន និង កម្តៅនោះ គឺនៅតែត្រូវការពេលវេលា ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រអង្កេតបន្តទៀត។ នេះជាការស្រាវជ្រាវទុកមុនឲ្យហើយ ព្រោះឥទ្ធិពលនៃការកើនឡើងកម្តៅភពផែនដី នឹងជំរុញឲ្យមនុស្សម្នាលើផែនដី បង្កើនវត្តមានទៅកាន់តំបន់ក្បែរមហាសមុទ្រទឹកកក អាកទិក (Arctic) ហើយការរលំរលាយនៃស្រទាប់ permafrost គឺជាភាពគ្រោះថ្នាក់មួយទៀត ដល់បរិស្ថានផែនដី។
* តើអ្វីទៅជា វីរុស ហ្សំប៊ី (Zombie Virus)? គ្មានចំណុចណាមួយដែលបញ្ជាក់ថា Zombie Virus ជាមេរោគដែលអាចចម្លង និងបង្កឲ្យមនុស្សក្លាយជាបិសាច Zombie ដូចក្នុងភាពយន្ត ដូចដែលសារព័ត៌មានមួយចំនួនមានចេតនាចង់បំផុសបំផុលដើម្បីបង្កើនចំណាប់អារម្មណ៍នោះនៅឡើយទេ។
ពាក្យថា Zombie Virus នេះត្រឹមតែជារហស្សនាម ដែលគេដាក់ឲ្យពពួកមេរោគ ដែលស្ថិតកកទុកក្នុងស្រទាប់ដីកក (permafrost) ហើយពួកវាអាចលេចរូបរាងចេញមកបាន នៅពេលដែលផែនដីកើនឡើងកម្តៅ (Global Warming)។ ពេលផែនដីកើនឡើងកម្តៅ ផ្ទាំងទឹកកក និងស្រទាប់ដីកកកមួយចំនួនចាប់ផ្តើមរលាយ ពពួកមីក្រុប (microbes) (ដែលគេដាក់រហស្សនាមឲ្យថា Zombie Virus) ដែលកប់នៅក្នុងទីកន្លែងកក អស់រាប់សិបសតវត្សរ៍ទាំងនោះ អាចចេញមកបរិយាកាសខាងក្រៅបាន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ bioRxiv/Fox News (ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២)