រកឃើញ Black Hole កំណាចនៅឆ្ងាយបំផុត តែអាចជះឥទ្ធិពលដល់ផែនដី, តែ១ឆ្នាំវាអាចលេបព្រះអាទិត្យ…

1,440

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រទើបតែអង្កេតដឹង អំពីវត្តមានរបស់ប្រហោងខ្មៅ (Black Hole) ស្ថិតនៅឆ្ងាយបំផុតមួយ តាមរយៈសកម្មភាពកម្ទេចផ្កាយមួយដួង ដែលបានបញ្ចេញនូវរលកសញ្ញាដោយផ្ទាល់ មកដល់ភពផែនដីយើងនេះតែម្តង។

ព្រោះតែការជះចេញនូវកំសួលថាមពល (jet) ឆ្ពោះមកកាន់ភពផែនដី តាមរយៈការស្រូបកម្ទេចតារាមួយដួងដោយ Black Hole មួយនោះហើយ ទើបក្រុមតារាវិទូអាចអង្កេតដឹង។ បាតុភូតបែបនេះយើងតែងហៅថា ព្រឹត្តិការណ៍រំខានដោយជំនោរ (tidal disruption event ឬ TDE) ហើយវាគឺជាពន្លឺ (visible light) ដែលអាចឲ្យក្រុមតារាវិទូចាប់បានផងដែរ។

រកឃើញ Black Hole កំណាចនៅឆ្ងាយបំផុត តែអាចជះឥទ្ធិពលដល់ផែនដី, តែ១ឆ្នាំវាអាចលេបព្រះអាទិត្យ…
ដំណើរ Black Hole លេបត្របាក់ (ហែក) ផ្កាយមួយ (រូបភាពពី Zwicky Transient Facility/R.Hurt)

ការអង្កេតឃើញ Black Hole ដែលស្ថិតនៅឆ្ងាយសែនឆ្ងាយខាងលើនេះ ក៏ជាការត្រួសត្រាយផ្លូវឲ្យក្រុមអ្នកវិទ្យាសាស្ត្រស្វែងយល់បន្ថែមទៀត អំពីព្រឹត្តិការណ៍កញ្ជ្រោលៗឥតឧបមានៅក្នុងចក្រវាលយើងនេះ ដែលជាធម្មតាយើងអាចរកឃើញតាមរយៈ ពន្លឺប្រកបដោយថាមពលដូចជា កាំរស្មី ហ្គាំម៉ា (gamma-rays) និង កាំរស្មីអ៊ីច (X-rays) នោះ។

ព្រឹត្តិការណ៍ TDE មួយអាចកើតឡើងទៅបាន គឺនៅពេលដែលតារាមួយដួង ចល័តទៅកៀកនឹង Black Hole ខ្លាំងពេក ដែលនាំឲ្យ Black Hole នោះអាចពុះហែកតារានោះឲ្យខ្ទេចខ្ទីបាន ដោយកម្លាំងជំនោរដ៏មហាសាល ដែលត្រូវបានបង្កើតឡើងដោយកម្លាំងទំនាញដ៏មានឥទ្ធិពលនោះ។ ប្រមាណ ១% នៃព្រឹត្តិការណ៍ TDE ដែលត្រូវបានគេអង្កេតដឹងកន្លងមក សុទ្ធតែបានជះចេញនូវកំសួលថាមពល (jets) នៃធាតុផ្លាស្មា (plasma) និងវិទ្យុសកម្ម (radiation) ចេញពីប៉ូលនៃ Black Hole ទាំងនោះ។

ការជះចេញនូវកំសួលថាមពល (jet) ពី Black Hole (រូបភាពពី Zwicky Transient Facility/R.Hurt)

បើតាមក្រុមអ្នកជំនាញមកពី មន្ទីរអង្កេតតារាភាគខាងត្បូងរបស់អឺរ៉ុប (ESO) បានអះអាងថា ពួកគេបានប្រទះឃើញព្រឹត្តិការណ៍កម្រ TDEs មួយចំនួនដែរ ប៉ុន្តែពួកវានៅតែបង្កភាពស្រពិចស្រពិល និងពិបាកឲ្យយល់។ ក្រុមអ្នកតាមដាននៅតែបន្តស្វែងយល់ថា តើ Jet ត្រូវបានបង្កើតឡើងដោយរបៀបណាឲ្យប្រាកដ និងហេតុអ្វីបានជាព្រឹត្តការណ៍ TDE ភាគតិចបំផុតដែលអាចបង្កើត Jet នេះ។

សម្រាប់ព្រឹត្តិការណ៍ TDE ថ្មីខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា AT2022cmc។ ក្រុមអ្នកតារាវិទូបានចាប់សញ្ញារបស់វាកាលពីអំលុងខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈតេឡេស្កូបមួយនៅរដ្ឋ កាលីហ្វ័រញ៉ា ឈ្មោះ ZTF (Zwicky Transient Facility) ហើយក្រោយមកទើបបណ្តាញតេឡេស្កូប VLT នៅប្រទេសឈីលី ជាអ្នកអង្កេតបន្ត ទើបគេដឹងថា ជាការជះចេញនូវកំសួលថាមពល និងពន្លឺត្រង់មកកាន់តែផែនដីតែម្តង ដោយមានអានុភាពខ្លាំង និងរយៈពេលខ្លីប៉ុណ្ណោះ។

បណ្តាញតេឡេស្កូប VLT នៅឈីលី (រូបភាពពី ESO)

បើតាមការគណនាពីក្រុមអ្នកវិទ្យាសាស្ត្រ ព្រឹត្តិការណ៍ Black Hole ហែកផ្កាយហៅថា «AT2022cmc» នោះមានចម្ងាយរហូតដល់ ៨.៥ពាន់លានឆ្នាំពន្លឺឯណោះពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដូច្នេះវាមានន័យថា វាបានកើតមានឡើងតាំងពីចក្រវាលទើបមានអាយុកាល ៥.៣ពាន់លានឆ្នាំ។ កម្លាំងរបស់ AT2022cmc គឺខ្លាំងជាងការផ្ទុះជះកាំរស្មីហ្គាំម៉ា (gamma-ray) ខ្លាំងបំផុតក្នុងទីអវកាស រហូតដល់ទៅ ១០០ដងឯណោះ ហើយកម្លាំងនៃ Black Hole នោះត្រូវបានគេគណនាថា អាចលេបព្រះអាទិត្យយើងបានពាក់កណ្តាលក្នុង ១ឆ្នាំ

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២)

480×240 Banner