មានករណីធ្លាក់ដុំអាចម៍ផ្កាយលើប្រទេសថៃ កាលពីយប់ថ្ងៃទី៣ សីហា ២០២៥ (កុំច្រឡំថាផ្កាយដុះកន្ទុយ) (មានវីដេអូ)

14,877

(បរទេស)៖ បាតុភូតធម្មជាតិមួយនោះគឺ ការធ្លាក់ដុំថ្មអវកាស (meteoroid) ឬយើងអាចហៅឲ្យងាយយល់ថា «កម្ទេចអាចម៍ផ្កាយ» ដែលធ្លាក់ចុះមកប្រៀបបីដូចដុំបាល់ភ្លើង (fireball) ត្រូវបានប្រទះឃើញលើផ្ទៃមេយ នៃខេត្តមួយចំនួនរបស់ថៃ កាលពីជិតពាក់កណ្តាលយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ខណៈស្ថាប័នសង្គមតារាសាស្ត្ររបស់ថៃ ក៏បានប្រកាសអំពីការកើតមានបាតុភូតនេះរួចហើយដែរ ដើម្បីកុំឲ្យមហាជនមានការងឿងឆ្ងល់។

(សូមចុចទស្សនាផ្ទាល់ក្នុងឆាណែលយូធូប Cambo Space Edu)

ការធ្លាក់នៃដុំថ្មអវកាសខាងលើនេះក៏បានបង្កទៅជាការផ្ទុះផងដែរ ដោយវាមានពន្លឺពណ៌បៃតងយ៉ាងភ្លឺចិញ្ចាចនៅរយៈកម្ពស់ចាប់ពី ៨០km – ១២០km ពីលើផ្ទៃដី ហើយបាតុភូតបែបនេះគឺជារឿងធម្មតាប៉ុណ្ណោះ សម្រាប់ការធ្លាក់ដុំអាចម៍ផ្កាយតូចៗ មកលើផ្ទែផែនដី។ យោងតាមអង្គការ NASA យ៉ាងហោចណាស់ ដុំថ្មអវកាសនានាសរុបជិត ៥០តោនជាមធ្យម បានធ្លាក់មកលើផែនដីក្នុងមួយថ្ងៃៗ ហើយភាគច្រើនបំផុតគឺធ្លាក់ចូលក្នុងសមុទ្រ។

សូមបងប្អូន និងសារព័ត៌មានមួយចំនួនកុំយល់ច្រលំថា វាជាផ្កាយដុះកន្ទុយ (comet) ឲ្យសោះ ព្រោះផ្កាយដុះកន្ទុយមិនមែនបង្ហាញទម្រង់ដូចករណីខាងលើនេះឡើយ។ ផ្កាយដុះកន្ទុយជាដុំថ្មអវកាសបន្សល់ទុកពីការកកើតប្រព័ន្ធព្រះអាទិត្យ ដែលពួកវាមានទំហំធំចាប់ពីរាប់រយម៉ែត្រដល់រាប់រយគីឡូម៉ែត្រ និងគោចរជុំវិញព្រះអាទិត្យដែរ តែស្ថិតនៅឆ្ងាយចាប់ពីរាប់លានគីឡូម៉ែត្រពីផែនដីឡើងទៅ ហើយនៅពេលវាគោចរទៅជិតព្រះអាទិត្យ ទឹកកកជាប់ខ្លួនវាក៏រលាយ ហើយចំហាយនៃទឹកកករលាយនោះ ក៏រំសាយចេញពីខ្លួនវាប្រៀបបីដូចកន្ទុយ ពេលត្រូវនឹងពន្លឺព្រះអាទិត្យ។ សម្រាប់ពពួក meteoroid តូចៗវិញ ពេលពួកវាធ្លាក់ចុះបុកនឹងបរិយាកាសផែនដីទើបបញ្ចេញពន្លឺ ហើយនៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ករណីធ្លាក់ Meteoroid នៅប្រទេសថៃ យប់ថ្ងៃទី៣ សីហា ២០២៥ (រូបភាពពីបរទេស)

សម្រាប់ករណីធ្លាក់ដុំអាចម៍ផ្កាយខ្នាតតូច (មិនទាន់មានការកំណត់ទំហំជាក់លាក់) នៅថៃខាងលើនេះ ត្រូវបានក្រុមជំនាញអះអាងថា អាចជា meteoroid ដែលផ្ទុកដោយ នីកែល (nickel) ហើយគេហ៊ានអះអាងបែបនេះ ព្រោះតែពន្លឺបៃតងដែលបញ្ចេញមក ពេលវាធ្លាក់បុកបរិយាកាសផែនដីនោះឯង។ សម្រាប់ដុំថ្មអវកាសប្រភេទនេះ វាអាចធ្លាក់ចុះមកក្នុងល្បឿនចាប់ពី ១១km – ៧២km ក្នុង១វិនាទី ដោយអាស្រ័យលើទំហំ មុននឹងវាកើនកម្តៅដល់កម្រិតអតិបរមា រួចក៏ផ្ទុះបែកក្នុងបរិយាកាសផែនដី (ពេលខ្លះក៏ខ្ទេចខ្ទីក្លាយជាកម្ទេចធូលីអស់ តែពេលខ្លះក៏សល់ជាដុំៗធ្លាក់លើដី)។

មានករណីធ្លាក់ដុំអាចម៍ផ្កាយលើប្រទេសថៃ កាលពីយប់ថ្ងៃទី៣ សីហា ២០២៥ (កុំច្រឡំថាផ្កាយដុះកន្ទុយ) (មានវីដេអូ)
ទិដ្ឋភាពនៃការធ្លាក់ Meteoroid (រូបភាពតំំណាង) (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ខេត្តក្រុងមួយចំនួនរបស់ថៃ ដែលមានប្រជាជនរាយការណ៍ថា បានប្រទះឃើញបាតុភូតដូចខាងលើនេះមានដូចជា ទីក្រុងបាងកក, អាយុទ្យា, ឈុនបុរី, ខនកែន និងតំបន់មួយចំនួនទៀត នៅភាគកណ្តាលប្រទេសតែម្តង សរុបជិត ២០ខេត្ត-ក្រុង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ The Straits Times (ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥)

480×240 Banner