ភពសុក្រក្តៅខ្លាំង? សូមមើលភពមួយនេះវិញ, ចម្ងាយ ៤០ឆ្នាំពន្លឺពីផែនដី, វាចម្លែក…
(បរទេស)៖ មនុស្សមួយចំនួនតែងគិតថា គ្មានភពណាអាចក្តៅជាងភពសុក្រ (Venus) របស់យើងនោះឡើយ ប៉ុន្តែកម្តៅជាមធ្យមលើភពសុក្រគឺតែជាង ៤៦០អង្សាសេប៉ុណ្ណោះ ប៉ុន្តែភពដ៏ចម្លែកមួយដែលកំពុងគោចរជុំវិញផ្កាយមួយដួង ស្ថិតនៅចម្ងាយខ្ទង់ ៤០ឆ្នាំពន្លឺពីភពផែនដីនោះមានកម្តៅក្តៅលើស Venus ជាង ៤ដងឯណោះ។ តើភាពចម្លែករបស់ភពនោះមានអ្វីខ្លះ?
ភពក្តៅគគុកខាងលើនេះមានឈ្មោះថា 55 Cancri e ឬដែលយើងអាចហៅឈ្មោះផ្លូវការរបស់វាមួយទៀតថា ចេនសិន (Janssen) គោចរជុំវិញផ្កាយមួយដួងឈ្មោះ 55 Cancri ឬ Coperncus តែក្នុងគម្លាត ២.៤លានគីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ ដែលនាំឲ្យមួយឆ្នាំរបស់ភពនេះស្មើតែ ១៨ម៉ោងប៉ុណ្ណោះ នៃពេលវេលាលើភពផែនដី។ ជាការប្រៀបធៀប ភពពុធ (Mercury) ដែលស្ថិតនៅកៀកព្រះអាទិត្យជាងគេនោះ មានគម្លាតជាមធ្យម ៥៨លានគីឡូម៉ែត្រ ពីព្រះអាទិត្យ។

ភព Janssen ដ៏ក្តៅគគុកនេះ មានម៉ាសធ្ងន់ជាងម៉ាសផែនដីយើងរហូតដល់ទៅ ៨ដង ហើយវាជាប្រភេទភពថ្ម (Rocky Planet)។ ការគោចរកៀកនឹងផ្កាយមេរបស់វា បាននាំឲ្យកម្តៅលើភពនេះ មានកម្រិតខ្ពស់ដល់ទៅ ២,០០០អង្សាសេ។ លក្ខណៈបែបនេះហើយ អាចនាំឲ្យផ្ទៃស្រទាប់លើរបស់ Janssen គ្របដណ្តប់ដោយ «សមុទ្រនៃកម្អែលភ្លើង» និង «ផ្ទៃក្នុងរបស់វាអាចពោពេញដោយពេជ្រ (diamonds)»។
ដោយសារតែ Janssen គោចរកៀកផ្កាយវាបែបនេះហើយ ទើបក្រុមតារាវិទូពិបាក នៅក្នុងការអង្កេតភពភពនេះ។ ប៉ុន្តែតាមរយៈឧបករណ៍អង្កេតថ្មីមួយមានឈ្មោះថា EXPRES នៅជាប់តេឡេស្កូប Discovery ក្នុងមន្ទីរអង្កេតតារា Lowell នៃរដ្ឋ Arizona សហរដ្ឋអាមេរិក ក្រុមតារាវិទូអាចកំណត់បាននូវដំណើរគោចររបស់ Janssen ជុំវិញផ្កាយរបស់វា ហើយប្រការនេះក៏កំពុងជះឥទ្ធិពលដល់ ការវិភាគអំពីធម្មជាតិដ៏ចម្លែក នៃភពដ៏ក្តៅគគុកនេះដែរ។

សម្រាប់លក្ខណៈចម្លែកនោះ គឺវាមិនដូចភពផ្សេងៗទៀត នៅក្នុងប្រព័ន្ធផ្កាយ 55 Cancri នោះឡើយ ដោយភព Janssen នេះគោចរជុំវិញតំបន់អេក្វាទ័ររបស់ផ្កាយមេវាតែម្តង។ ក្រុមអ្នកស្រាវជ្រាវក៏ជឿជាក់ផងដែរថា Janssen ពីដំបូងឡើងត្រូវបានកកើតឡើង នៅឆ្ងាយពីផ្កាយ 55 Cancri ហើយនៅលើផ្ទៃរបស់វា ក៏ត្រជាក់ជាងនេះដែរ ប៉ុន្តែបន្តិចម្តងៗ ភពនេះបានគោចរទៅកាន់តែកៀក 55 Cancri ដោយសារតែកម្លាំងទំនាញរបស់ផ្កាយនេះ។
តារាវិទូ Lily Zhao មកពីវិទ្យាស្ថាន Flatiron រដ្ឋ New York ដែលកំពុងដឹកនាំការសិក្សាខាងលើនេះបានអះអាងថា «យើងកំពុងសិក្សាលើប្រព័ន្ធមួយនេះ ដើម្បីស្វែងយល់ថា តើហេតុអ្វីបានជាស្ថានភាពរបស់វា ឈានមកដល់ចំណុចដូចបច្ចុប្បន្ននេះ»។ បើតាមអ្នកជំនាញដដែល ប្រសិនបើការសិក្សានេះជោគជ័យ វានឹងមានប្រយោជន៍ដល់ការសិក្សា ទៅលើភពចម្លែកៗ នៅប្រព័ន្ធផ្កាយផ្សេងៗទៀត នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ។

គួរបញ្ជាក់ថា ភព Janssen ឬ 55 Cancri e នេះ ត្រូវបានក្រុមតារាវិទូរកឃើញជាលើកដំបូង កាលពីឆ្នាំខែសីហា ឆ្នាំ២០០៤ ខណៈការអះអាងថា ភពនេះអាចមានបង្កប់ពេជ្រនោះ គឺបានកើតមានឡើងកាលពីឆ្នាំ២០១២។ គិតត្រឹមពេលនេះ គេបានរកឃើញភពចំនួន ៥ ហើយនៅជុំវិញផ្កាយ 55 Cancri ខណៈក្រុមតារាវិទូជឿជាក់ថា នឹងអាចមានទៀត។

នៅក្នុងចំណោមភពទាំង ៥ ខាងលើនេះ ភព 55 Cancri f ត្រូវបានគេជឿជាក់ថា គោចរនៅក្នុងតំបន់ Habitable Zone (តំបន់អំណោយផលដល់ការកកើតជីវិត) ប៉ុន្តែដោយសារតែទំហំរបស់វា ធំប្រហាក់ប្រហែលភពសៅរ៍ (Saturn) នោះ ទើបក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានជាបឋមថា វាអាចជាភពឧស្ម័នយក្ស ឬជាភពពោពេញដោយទឹក និងគ្មានផ្ទៃរឹងសម្រាប់ឲ្យយើងជាន់នោះឡើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/Nature Astronomy (ថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២)
