ប្រទះឃើញ «វត្ថុអវកាសដ៏គួរសង្ស័យ» ដែលអាចជា «លើកទី៣» សម្រាប់វត្ថុមកពីក្រៅប្រព័ន្ធព្រះអាទិត្យ! (មានវីដេអូ)
(បរទេស)៖ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានប្រកាសនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះថា ខ្លួនទើបតែបានប្រទះឃើញវត្ថុអវកាសថ្មីមួយ ដែលគេមិនអាចកំណត់ប្រភេទបាននៅឡើយទេ ប៉ុន្តែគេកំពុងសង្ស័យថា វាអាចមានប្រភពមកពីតំបន់អន្តរលំហអវកាស (Interstellar Object) ហើយប្រសិនបើបែបនេះមែន វានឹងក្លាយជាវត្ថុអវកាសប្រភេទនេះទី ៣ ហើយដែលបាននិងកំពុងធ្វើទស្សនកិច្ចមកកាន់ប្រព័ន្ធព្រះអាទិត្យយើង គិតចាប់តាំងពីមនុស្សលោកមានសមត្ថភាព ក្នុងការសង្កេតរកវត្ថុបែបនេះក្នុងទីអវកាសមក។
យោងតាមប្រធានក្រុមការងារសង្កេត និងការពារសន្តិសុខភពផែនដីពីវត្ថុអវកាសរបស់ ESA គឺលោក រីឆាដ ម៉យសល (Richard Moissl) បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា វត្ថុដ៏គួរឲ្យសង្ស័យខាងលើនេះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា «A11pl3Z» ហើយបើធៀបនឹងវត្ថុមុនៗ គឺវាមានទំហំធំជាងឆ្ងាយណាស់។ យោងតាមការសង្កេតបឋម វានឹងមិនបង្កការគំរាមកំហែងអ្វីចំពោះភពផែនដីយើងឡើយ ព្រោះវានឹងចល័តមកកាត់គន្លងគោចររបស់ភពអង្គារ (Mars) ប៉ុណ្ណោះ (ក្នុងគម្លាតប្រមាណ ៧០លានkm ពីភពអង្គារនៅអំលុងដើមខែតុលា ឆ្នាំ២០២៥) ហើយវាក៏នឹងមិនបង្កគ្រោះថ្នាក់ដល់ភពអង្គារនោះដែរ។

បើតាមលោក Moissl ដដែលបានឲ្យដឹងទៀតថា ក្រុមការងារ ESA នៅមិនទាន់អាចដឹងអំពីរូបរាង និងប្រភេទនៃវត្ថុអវកាសថ្មីនេះឡើយ គ្រាន់តែគេអាចគណនាដឹងថា មានកំពុងចល័តក្នុងល្បឿន ៦០km ក្នុង១វិនាទី ហើយប្រាកដណាស់ថាវាមិនមែនកំពុងរុញច្រានដោយទំនាញព្រះអាទិត្យ ដូចជាពពួកផ្កាយដុះកន្ទុយ (comets) នៅក្នុងប្រព័ន្ធរបស់យើងនេះឡើយ។ លោក Moissl បានគូសបញ្ជាក់បែបនេះថា «ទម្រង់នៃដំណើរជ្រៀតចូលក្នុងប្រព័ន្ធផ្កាយយើងរបស់ A11pl3Z ក៏បង្ហាញយ៉ាងច្បាស់ផងដែរថា វាមិនមែនជាវត្ថុក្នុងប្រព័ន្ធយើងទេ តែគឺមកពីតំបន់អន្តរលំហអវកាស (interstellar space) ហើយវានឹងចាកចេញទៅរកកន្លែងដើមវិញ»។

សម្រាប់សេចក្តីប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងដោយ មជ្ឈមណ្ឌល Minor Planet Center នៃសហភាពតារាសាស្ត្រអន្តរជាតិ (IAU) ដែលទទួលបន្ទុកក្នុងកិច្ចការនេះ ខណៈកន្លងមកស្ថាប័ននេះបានបញ្ចប់ការសង្កេតដោយតេឡេស្កូប ប្រមាណជាជាង ១០០លើករួចទៅហើយចំពោះ A11pl3Z បន្ទាប់ពីការរកឃើញវាជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ យោងតាមការគណនាជាបឋម វាអាចមានមុខកាត់ចន្លោះពី ១០km ទៅ ២០km ឬអាចធំជាងនេះទៀត ហើយវានឹងមកកៀកព្រះអាទិត្យបំផុត ដែលងាយឲ្យយើងសង្កេតដោយតេឡេស្កូប នៅអំលុងចុងខែតុលា ឆ្នាំ២០២៥ (ក្នុងគម្លាតពីព្រះអាទិត្យ ៣០០លានkm) ខណៈការសង្កេតឃើញវាគឺអាចបន្តរហូតដល់ឆ្នាំ២០២៦ ឯណោះ។

គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះវត្ថុអវកាសមកពីក្រៅប្រព័ន្ធព្រះអាទិត្យចំនួនតែពីរប៉ុណ្ណោះ ដែលមនុស្សលោកបានសង្កេតឃើញ នៅអំលុងសម័យកាលបច្ចេកវិទ្យារីកចំរើននេះ ក្នុងនោះទី១គឺ អូម័រម័រ (Oumuamua) មានរាងទ្រវែង និងប្រវែងខ្ទង់ ៤០០ម៉ែត្រ ដែលត្រូវបានប្រទះឃើញកាលពីឆ្នាំ២០១៧ និងទី២គឺ Borisov ដែលមានមុខកាត់ជិត ១km និងត្រូវបានរកឃើញកាលពីឆ្នាំ២០១៩៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ ESA/AFP/PHYS.ORG (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥)
