ក្រុមនិស្សិតលើកឡើងពីវិធានការ កាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង

157

(បាត់ដំបង)៖ ក្រុមនិស្សិតជាច្រើនរូប បានលើកឡើងថា ការដាក់កំហិតក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាវិធានការមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនាពេលបច្ចុប្បន្ន។

ការលើកឡើងនេះស្របពេលដែលក្រុមនិស្សិតសង្កេតឃើញការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងព្រោងព្រាតនាពេលបច្ចុប្បន្ននេះ ដែលការផ្សាយពាណិជ្ជកម្មនេះ បានទាក់ទាញយុវជនដែលជាធនធានទំពាំងស្នងឬស្សីឱ្យចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើន។

ក្រុមនិស្សិតបានបញ្ជាក់នៅក្នុងវគ្គសិក្ខាសាលានៅវិទ្យាស្ថានគរុកោសល្យបាត់ដំបងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ទៀតថា សព្វថ្ងៃឧស្សាហកម្មគឿងស្រវឹងកំពុងផ្សាយពាណិជ្ជកម្មគ្រប់រូបភាពដូចជា ក្នុងហ្វេសបុក Tik Tok ផ្ទាំងបដា ប៉ាណូ អេក្រង់ LED ការឧបត្ថម្ភកម្មវិធីកីឡា កម្មវិធីប្រគុំតន្រ្តី លេងល្បែងកម្សាន្ត ការជួលតារាល្បីៗឱ្យផ្សព្វផ្សាយ ដែលនាំឱ្យមានការធ្វើត្រាប់តាម IDOLរបស់ពួកគេ។ ទីតាំងនិងព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មទាំងអស់នេះ សុទ្ធសឹងតែកុមារ យុវជនធ្វើដំណើរឆ្លងកាត់ ឬចូលរួមញឹកញាប់ជាងគេ ដូច្នេះចង់មិនចង់ ពួកគេនឹងទទួលឥទ្ធិពលអាក្រក់ពីការផ្សាយគ្រឿងស្រវឹងទាំងនោះ។

ក្រុមនិស្សិតលើកឡើងពីវិធានការ កាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង

សូមជម្រាបដែរថា អង្គការសុខភាពពិភពលោក ធ្លាប់បានបញ្ជាក់ថា វិធានការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនឹងជួយបង្ការយុវជនកុំឱ្យស្គាល់ម៉ាកគ្រឿងស្រវឹងនៅវ័យក្មេងពេក (ព្រោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មានឥទ្ធិពលលើការសម្រេចចិត្តរបស់យុវជន ក្នុងការចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងបង្កើនការប្រើប្រាស់គ្រឿងស្រវឹងឱ្យកាន់តែច្រើន), កាត់បន្ថយរូបភាពផ្សាយគ្រឿងស្រវឹងដែលទាក់ទាញនិងជំរុញចិត្តអ្នកញៀនគ្រឿងស្រវឹងស្រាបឱ្យប្រើប្រាស់។

អង្គការសុខភាពពិភពលោក បញ្ជាក់ទៀតថា វិធានការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងជួយទប់ស្កាត់ឥទ្ធិពលការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលើបទដ្ឋានសង្គម ដែលបង្កើតឱ្យមានវប្បធម៌ទទួលទានគ្រឿងស្រវឹងជារឿងធម្មតា ហើយផ្តល់គ្រោះថ្នាក់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសង្គម ។ លើសពីនេះការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿង ជាពិសេសទៅលើក្រុមមនុស្សវ័យក្មេង យុវជន និងកុមារ គឺជាការពិចារណាដ៏សំខាន់ក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។

គួរបញ្ជាក់ផងដែរថា គ្រឿងស្រវឹង ជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ។ ការប្រើប្រាស់គ្រឿងស្រវឹង បង្កអោយមានជំងឺជាង២០០មុខ ជាកត្តាចម្បងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ជាកត្តាហានិភ័យជំរុញអោយមានអំពើហិង្សាគ្រប់ប្រភេទ ព្រមទាំងភាពក្រីក្រ។ ដោយឡែកនៅកម្ពុជា ថ្មីៗនេះក៏មានគ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេកមួយបង្កដោយអ្នកបើកបររថយន្ត បុកប្ដីប្រពន្ធ និងទារកតូចនៅលើស្ពានជ្រោយចង្វាររងរបួសធ្ងន់ធ្ងរ ដែលធ្វើឱ្យមហាជនខឹងសម្បាចំពោះជនបង្ក។ រឿងដ៏គួរឱ្យខ្លោចចិត្តនេះ សុទ្ធសឹងតែផ្ដើមចេញពីគ្រឿងស្រវឹងទាំងអស់។

ដោយមើលឃើញផលអាក្រក់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្រុមនិស្សិតទាំងនោះក៏សំណូមពរឱ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធធ្វើការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឱ្យបានឆាប់បំផុត។ បណ្តាប្រទេសជិតខាងកម្ពុជា ដូចជា៖ ប្រទេសថៃ វៀតណាម និងឡាវ សុទ្ធតែបានដាក់ចេញច្បាប់ត្រួតពិនិត្យគ្រឿងស្រវឹង ក្នុងគោលបំណងកាត់បន្ថយហានីភ័យដែលបង្កដោយគ្រឿងស្រវឹង។ រីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ត្រូវបានប្រទេសទាំងនេះ កំហិតយ៉ាងតឹងរឹងក្នុងគោលបំណងបង្ការកុមារនិងយុវជន ពីការពង្វក់អោយសេពគ្រឿងស្រវឹង ក្នុងវ័យកាន់តែក្មេង និងកាន់តែច្រើន៕

480×240 Banner