Breaking៖ James Webb រកឃើញភពដំបូង! វាមានទំហំ ៩៩% នៃផែនដី (មានវីដេអូ)
(បរទេស)៖ ត្រឹមដើមឆ្នាំ ២០២៣ នេះប៉ុណ្ណោះ ការស្រាវជ្រាវផ្នែកអវកាស និងវិទ្យាសាស្ត្រហាក់ដូចជាមមាញឹកជាងការស្មាន ដោយពេលនេះអង្គការ NASA ESA និង CSA បានប្រកាសរកឃើញភពថ្មីមួយទៀតហើយ ដែលជាភពស្ថិតនៅចម្ងាយ ៤១ឆ្នាំពន្លឺពីផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ខណៈប្រវែងអង្កត់ផ្ចិតរបស់វាវិញនោះ គឺស្មើនឹង ៩៩% តែម្តងនៃអង្កត់ផ្ចិតផែនដី (ផែនដីមានអង្កត់ផ្ចិត ១២,៧៤២គីឡូម៉ែត្រ)។

ភពថ្មីខាងលើនេះ ពីដំបូងឡើយត្រូវបានតេឡេស្កូបអវកាស TESS ដាក់ចូលទៅក្នុងបញ្ចីបេក្ខភាពនៃការតាមដាន ហើយនៅទីបំផុតវាបានក្លាយជាលើកទី ១ សម្រាប់តេឡេស្កូបអវកាស James Webb ទៅវិញ ដែលបានសម្ងំអង្កេតរហូតដឹងថា ភព exoplanet ស្ថិតនៅចម្ងាយ ៤១ឆ្នាំពន្លឺនោះ ពិតជាមានវត្តមានមែន។ ភពនោះត្រូវបានដាក់ឈ្មោះឲ្យថា LHS 475 b ហើយវាប្រភេទភពថ្ម (rocky planet) ដូចនឹងភពផែនដីយើងដែរ។

សម្រាប់ធាតុផ្សំនៅក្នុងបរិយាកាសរបស់ LHS 475 b មានអ្វីខ្លះនោះ គឺតម្រូវឲ្យតេឡេស្កូបអវកាស James Webb បន្តការសិក្សាបន្ថែមទៀត ខណៈការបញ្ជាក់វត្តមានរបស់ភពនេះ ត្រូវបានធ្វើឡើងដោយងាយៗតាមរយៈ ឧបករណ៍តាមដានពន្លឺក្រហមអាំងហ្វ្រាជិត NIRSpec (Near-Infrared Spectrograph)។ James Webb គ្រាន់តែអង្កេតដំណើរគោចរឆ្លងកាត់ផ្កាយរបស់ភព LHS 475 b ចំនួន ២ លើកប៉ុណ្ណោះក៏អាចបញ្ជាក់វត្តមានវាបាន ហើយក៏មិនប្រើពេលយូរដែរព្រោះភព rocky មួយនេះគោចរជុំវិញផ្កាយមេវាមួយជុំ (ស្មើនឹង ១ឆ្នាំរបស់វា) ដោយប្រើប្រាស់ពេលតែ ២ថ្ងៃប៉ុណ្ណោះនៃពេលវេលាលើភពផែនដី។

ទោះជាយ៉ាងណា ភព LHS 475 b គោចរជុំវិញផ្កាយ LHS 475 ក្នុងគម្លាតយ៉ាងកៀក ហើយបើទោះបីជាផ្កាយនេះជាប្រភេទផ្កាយក្រហមទំហំតូច (Red Dwarf) ដែលមិនសូវក្តៅដូចព្រះអាទិត្យយើងក្តី ក៏វានៅតែអាចធ្វើឲ្យផ្ទៃរបស់ភព LHS 475 b នោះ មានកម្តៅក្តៅជាងលើផែនដីរាប់រយអង្សាសេណាឯណោះ។ រាប់រយអង្សាសេ? គ្រាន់តែឃើញចំនួននេះ លោកអ្នកអាចប៉ាន់ស្មានបានថា ភព rocky មួយនេះ មិនស្វាគមន៍ជីវិតឡើយ ហើយក៏មិនស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) នោះដែរ។ តែយ៉ាងណា ការអង្កេតបន្តនៅថ្ងៃមុខរបស់ James Webb នឹងអាចប្រាប់យើងពីធាតុគីមីផ្សំសំខាន់ៗ នៅក្នុងបរិយាកាស rocky planet មួយនេះបាន។

សម្រាប់រយៈចម្ងាយ ៤១ឆ្នាំពន្លឺ គឺមិនអាចចាត់ទុកថាឆ្ងាយនោះឡើយ បើគិតក្នុងន័យតារាសាស្ត្រនោះ ហើយលោកអ្នកអាចរកឃើញប្រព័ន្ធផ្កាយ LHS 475 នៅក្នុងតារានិករ អក់តានស៍ (Octans) លើផ្ទៃមេឃផែនដី។ សេចក្តីប្រកាសអំពីការរកឃើញនេះត្រូវបានធ្វើឡើងនៅក្នុងសន្និបាត នៃសង្គមអ្នកតារាសាស្ត្រអាមេរិក (American Astronomical Society ឬ AAS) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ (ពេលវេលានៅសហរដ្ឋអាមេរិក)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣)