(១៤ មករា ២០០៥)៖ គ្រឿងយន្ត Huygens របស់ ESA ចុះចតលើផ្ទៃព្រះចន្ទយក្ស Titan នៃភពសៅរ៍ (មានរូបភាព)
(បរទេស)៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៥ គ្រឿងយន្ត ហ៊ុយជែនស៍ (Huygens) របស់អង្គការ ESA ដែលបានតោងជាប់យានអវកាស Cassini របស់អង្គការ NASA នោះ បានចុះទៅដល់ផ្ទៃព្រះចន្ទយក្ស ទីតាន (Titan) របស់ភពសៅរ៍ (Saturn) ក្រោយពីការធ្វើដំណើរជិត ៧ឆ្នាំចាកចេញពីភពផែនដីជាមួយគ្នា នៅក្នុងល្បឿន ៣០.៧គីឡូម៉ែត្រ/វិនាទី (ពេលល្បឿនឈានដល់ចំណុចកំពូល)។

គ្រឿងយន្ត Huygens របស់ ESA បានទម្លាក់ខ្លួនតាមរយៈឆ័ត្រយោង ដោយពុះជ្រែកពពកដ៏ក្រាស់ឃ្មឹករបស់ Titan ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ជាទីឋានតែមួយគត់ក្រៅពីភពផែនដី នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ ដែលមានបរិយាកាសយ៉ាងក្រាស់ស្រោបជុំវិញ (ក្រាស់ជាងបរិយាកាសផែនដី ៥០%) និងមានវត្តមានអង្គធាតុរាវនៅលើផ្ទៃរបស់វាថែមទៀត។ មើលតែទិដ្ឋភាពនេះ យើងអាចគិតថាដូចផែនដី ប៉ុន្តែអង្គធាតុរាវទាំងនោះ គឺជាមេតានរាវ (liquid methane) ខណៈបរិយាកាសព្រះចន្ទ Titan គឺស្រោបដោយឧស្ម័ននីដ្រូសែន ឬអាសូត (nitrogen) ៩៥% និងឧស្ម័នមេតាន ៥% ព្រោះតែវាជាព្រះចន្ទទឹកកកដែលមានសីតុណ្ហអាចចុះរហូតដល់ – ១៧៩.៦ អង្សាសេឯណោះ។

គួរបញ្ជាក់ថា គ្រឿងយន្ត Huygens បានចុះទៅផ្ទៃព្រះចន្ទ Titan ដោយប្រើប្រាស់រយៈពេល ២ម៉ោង និង ៣០នាទី ទៅលើតំបន់មួយមានឈ្មោះថា SCET។ Huygens បានជាប់ឈ្មោះជា «គ្រឿងយន្តអវកាសដំបូង» ដែលបានចុះចតនៅលើផ្ទៃព្រះចន្ទមួយ ស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យក្រៅ (Outer Solar System)។ វាបានប្រមូលទិន្នន័យជាច្រើន ដ៏គួរឲ្យទុកចិត្តដូចបានរៀបរាប់ខាងលើនេះ និងបានផ្តិតរូបភាពពិសេសៗមួយចំនួន ព្រោះទាំងបានរកឃើញបឹង និងសមុទ្រនៃសារធាតុមេតានរាវ និងអេតានរាវ ដែលបានកកើតវត្តមាននៅទីនោះ ដោយសារភ្លៀងនៃពពកអ៊ីដ្រូកាបូន (hydrocarbon clouds) ពីលើផ្ទៃមេឃរបស់ Titan៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣)