ជាលើកដំបូងសម្រាប់ Gaia ក្នុងការរកឃើញភពថ្មី១ជាប្រភេទ «ភពកូនកាត់»

263

(បរទេស)៖ អ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុមបានរកឃើញ ភពយក្សថ្មីមួយនៅប្រព័ន្ធផ្កាយដទៃ (exoplanet) តាមរយៈការថតរូបភាពភពនោះ ដោយផ្ទាល់ជាលើកដំបូងតែម្តង ហើយសមិទ្ធផលនេះត្រូវអរគុណដល់ ឧបករណ៍អង្កេតទីអវកាស Gaia របស់អឺរ៉ុប ខណៈភពថ្មីមួយនេះត្រូវបានគេសង្ស័យថា មានប្រតិកម្មនៃធាតុផ្សំនុយក្លេអ៊ែរ (Nuclear Fusion) នៅក្នុងស្នូលរបស់វាថែមទៀត។

ក្រុមអ្នកវិទ្យាសាស្ត្រដែលដឹកនាំដោយសាស្ត្រាចារ្យ Sasha Hinkley នៃសាកលវិទ្យាល័យ Exeter ចក្រភពអង់គ្លេសបានលើកឡើងថា ភពថ្មីដែលត្រូវបានរកឃើញដោយផ្ទាល់ពីសំណាក់ Gaia ជាលើកដំបូងនោះ គោចរនៅក្នុងរយៈចម្ងាយ ៤៨៣លានគីឡូម៉ែត្រពីផ្កាយមេរបស់វាឈ្មោះ HD 206893 ដែលមានចម្ងាយ ១៣០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) និងផ្កាយមានធំជាងព្រះអាទិត្យយើង ៣០%

ជាលើកដំបូងសម្រាប់ Gaia ក្នុងការរកឃើញភពថ្មី១ជាប្រភេទ «ភពកូនកាត់»
រូបតំណាងនៃភព HD 206893 c (រូបភាពពី ESA)

សម្រាប់ HD 206893 គឺត្រូវបានក្រុមតារាវិទូស្គាល់ច្បាស់កន្លងមក ដោយសារតែវត្តមានបន្ទះឌីសធូលី (debris disk) នៅជុំវិញវា ហើយក៏ជាចំណុចសំខាន់ដែលក្រុមអ្នកវិទ្យាសាស្ត្ របានព្យាយាមក្នុងការអង្កេតរកមើលភពគោចរ នៅជុំវិញផ្កាយមួយដួងនេះផងដែរ។ ដោយមានជំនួយពីឧបករណ៍ Gaia តាមរយៈសមត្ថភាពក្នុងការស្វែងរកទីតាំងផ្កាយនោះ ហើយសម្ងំរកមើលបាតុភូតរំញ័រ (wobble) នៃពន្លឺផ្កាយ (ស្រដៀងនឹងវិធីសាស្ត្រអង្កេត Transit របស់ Kepler និង TESS) ភពថ្មីមួយជុំវិញផ្កាយ HD 2068893 ត្រូវបានបញ្ជាក់វត្តមាន។

ក្រោយទទួលបានទិន្នន័យពី Gaia ខាងលើនេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្រ បានងាកមកប្រើប្រាស់ឧបករណ៍ GRAVITY ក្នុងតេឡេស្កូបយក្ស VLT នៅប្រទេសឈីលី (Chile) ដើម្បីអង្កេត និងផ្តិតយកទិន្នន័យសំខាន់ៗ នៃភពខាងលើនេះដោយផ្ទាល់តែម្តង ដោយវាត្រូវបានដាក់ឈ្មោះឲ្យថា HD 2068893 c, ជាភពទី របស់ផ្កាយ HD 2068893 នោះ។

ឧបករណ៍អវកាស Gaia របស់ ESA (រូបភាពពី ESA)

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការអង្កេតដោយផ្ទាល់ពីឧបករណ៍តេឡេស្កូប VLT បានអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រវិភាគរកឃើញធាតុផ្សំក្នុងបរិយាកាសរបស់ភព HD 2068893 c ព្រមទាំងបានសង្ស័យថា ភពឧស្ម័នយក្សមួយនេះមានធាតុផ្សំនុយក្លេអ៊ែរ (Nuclear Fusion) កំពុងបញ្ចេញប្រតិកម្មនៅក្នុងស្នូលរបស់វាថែមទៀត។ ភពថ្មីនេះមានម៉ាសធំជាងភពព្រហស្បតិ៍ (Jupiter) យើង ១៣ដងឯណោះ ហើយក្នុងទម្រង់បែបនេះ វាហាក់កំពុងស្ថិតនៅចន្លោះរវាងភពឧស្ម័នយក្ស (Gas Giant) និង ផ្កាយតឿពណ៌ត្នោត (brown dwarf) ឬយើងអាចហៅថា «ភពកូនកាត់»

បណ្តាញតេឡេស្កូប VLT នៅឈីលី (រូបភាពពីបរទេស)

គួរបញ្ជាក់ថា លទ្ធផលខាងលើនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការសិក្សាអំពីភាគខុសគ្នារវាងភព Gas Giant និងពពួក Brown Dwarf ដែលត្រូវបានចាត់ទុកជា «ភពកាត់ផ្កាយ» ឬជា «ផ្កាយបរាជ័យ» នោះ។ បន្ថែមពីនេះ វាក៏ជាលើកដំបូងរបស់ Gaia ផងដែរ ក្នុងការចង្អុលទៅរកប្រព័ន្ធផ្កាយមួយត្រង់ៗ ហើយរកឃើញវត្តមានភពបែបនេះ ហើយក៏ជាប្រយោជន៍ថ្មីដែលឧបករណ៍អវកាសរបស់ ESA មួយនេះអាចធ្វើបានផងដែរ។ តេឡេស្កូបអវកាស James Webb និងឧបករណ៍តាមដាននៅលើដី នឹងបន្តការសិក្សាបន្ថែមទៀតអំពីភព HD 2068893 c

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ArXiv (ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២២)

480×240 Banner