ទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ ២០២៣ របស់អង្គការ​ AHF ទទួលបានការចូលរួមជាយ៉ាងច្រើនពីយុវជន

153

(ព្រះសីហនុ)៖ ទិវាស្រោមអនាម័យអន្តរជាតិ២០២៣​ ក្រោមប្រធានបទ «សុវត្ថិភាព​ គឺស៊ិចស៊ី» នៅទីលានសម្តេចតេជោ​ ខេត្តព្រះសីហនុ របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលកំពុងតែផ្តល់ការថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍ នាថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ បានទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើន ពីសំណាក់យុវជន និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។ 

ពិធីនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោតិ  អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការ AHF, លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជា អង្គការ AHF រួមទាំងមានសមាជិកសាជិកា មកពីតំណាង រដ្ធាភិបាល អង្គការនានា សហគមន៍ និងយុវជនជាច្រេីននាក់។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងថា ការស្វែងរកការគាំទ្រសម្រាប់ស្រោមអនាម័យគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយសារតែរៀងរាល់ថ្ងៃមានការឆ្លងជំងឺកាមរោគច្រើនជាង ១លានករណីនៅទូទាំងសកលលោក ហើយគោលដៅក្នុងការបង្ការការឆ្លងមេរោគអេដស៍នៅឆ្នាំ២០២១ របស់ពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្តែ AHF នៅតែខិតខំបង្វែរស្ថានការដ៏លំបាកនេះ ដើម្បីធានាថាមនុស្សទូទាំងពិភពលោកអាចទទួលបានស្រោមអនាម័យ គ្រប់ទីកន្លែងដែលពួកគេរស់នៅ ព្រោះស្រោមអនាម័យនៅតែជាមធ្យោបាយ ដែលប្រសើរបំផុតក្នុងការការពារមេរោគអេដស៍ ជំងឺកាមរោគ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានអះអាងដែរថា ការប្រើប្រាស់ស្រោមអនាម័យមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសាកល ដោយបានកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មីចំនួនប្រមាណ ១១៧លានចាប់តាំងពីឆ្នាំ ១៩៩០មក ដែលជិតពាក់កណ្តាលគឺនៅជាយតំបន់អាហ្វ្រិក-សាហារ៉ា និងជាងមួយភាគបីទៀតនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ទោះជាយ៉ាងណាក៏ដោយ មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក នៅតែមិនអាចទទួលបានស្រោមអនាម័យដើម្បីប្រើប្រាស់ ដោយសារហេតុផលជាច្រើននៅតាមតំបន់ផ្សេងៗក្នុងពិភពលោក។

អង្គការ AHF បានរៀបចំកម្មវិធី ទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៣ ដើម្បីរំលឹកខួបកម្មវិធី «សុវត្ថិភាព គឺ សិចស៊ី» នៅទូទាំង៤៥ក្រុមការងារ នៅតាមបណ្តាប្រទេសផ្សេងៗ ដើម្បីបង្ហាញពីសារៈសំខាន់នៃស្រោមអនាម័យ និងជួយមនុស្សឱ្យចេះគ្រប់គ្រងសុខភាពរបស់ពួកគេ តាមរយៈការទទួលបានការអប់រំអំពីការរួមភេទដោយសុវត្ថិភាព ជាមួយការផ្តល់ស្រោមអនាម័យដែលមាន តម្លៃសមរម្យ ឬ ឥតគិតថ្លៃ ។

សូមបញ្ជាក់ថា មូលនិធិថែទាំសុខភាអ្នកជំងឺដស៍ ដែលជាអង្គការដ៏ធំបំផុតក្នងពិភពលោកបច្ចុប្បន្នផ្តល់សេវាថែទាំសុខភាព និង/ឬសេវាដល់មនុស្សជាង ១៦លាននាក់ក្នុង ៤៥ប្រទេសជុំវិញពិភពលោកនៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការAHF សូមចូលទៅកាន់គេហទំព័រ៖ www.aidshealth.org ឬ ស្វែងរកតាម www.facebook.com/aidshealth ឬ តាមរយៈ Twitter: @aidshealthcare and Instagram: @aidshealthcare៕

480×240 Banner