UN ព្រមាន៖ បរិយាកាសផែនដីកំពុងធ្លាក់ចូល «កម្រិតគ្រោះថ្នាក់បំផុត»
(បរទេស)៖ ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបន្ត ដែលធ្វើឲ្យចរន្តផ្គត់ផ្គង់ប្រេង និងឧស្ម័នជាសកល ស្ថិតក្នុងភាពចលាចលនោះ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ (ពេលវេលានៅបុរីញូយ៉ក ទីផ្នាក់ការកណ្តាលរបស់ UN) ស្ថាប័នកំពូលរបស់អន្តរជាតិមួយនេះ បានចេញសេចក្តីព្រមានធ្ងន់ៗមិនធ្លាប់មាន ចំពោះបញ្ហាប្រែប្រែបរិយាកាសសកល ដែលទើបឈានជើងចូលកម្រិតគ្រោះថ្នាក់បំផុតថ្មីមួយ។
- បរិយាកាសផែនដីបាត់បង់តុល្យភាពហើយ
អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ចេញរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួន គិតត្រឹមឆ្នាំ២០២៥កន្លងទៅ ដោយក្នុងនោះបានបង្ហាញថា នៅរយៈពេល ១១ឆ្នាំចុងក្រោយនេះ ភពផែនដីបានជួបប្រទះសីតុណ្ហភាព «ក្តៅបំផុត» មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ អាកាសធាតុក្តៅនេះត្រូវបានបង្កឡើងដោយ សកម្មភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សលោកតែម្តង ដែលបាននិងកំពុងបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ (Greenhouse Gas)។
ឧស្ម័នផ្ទះកញ្ចក់នេះបាននិងកំពុងជម្រុញឲ្យបរិយាកាស និងមហាសមុទ្រផែនដី កើនឡើងកម្តៅឥតឈប់ឈរ ព្រមទាំងបង្កឲ្យទឹកកកប៉ូលរលាយ ឈានដល់កម្រិតលឿនជាងការរំពឹងទុកទៅទៀត។ បន្ថែមពីនេះ ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក៏ត្រូវបានចាត់ទុកជាឆ្នាំក្តៅបំផុតថ្មី នៅក្នុងកំណត់ត្រាសម្រាប់ ៣ឆ្នាំជាប់ៗគ្នាផងដែរ ជាមួយនឹងកម្រិតសីតុណ្ហភាព ១.៤៣អង្សាសេ លើសកាលពីមុន សម័យឧស្សាហកម្មរីកលូតលាស់ (pre‑industrial)។
អគ្គលេខាធិការ UN លោក António Guterres បានហៅលទ្ធផលខាងលើនេះថាជា «ការប្រកាសអាសន្នថ្នាក់សកល»។ លោកបានសង្កត់ធ្ងន់បែបនេះថា «បរិយាកាសជាសកលពេលនេះ ស្ថិតនៅក្នុងហានិភ័យហើយ។ ភពផែនដីរបស់យើង កំពុងត្រូវបានរុញច្រានទៅរកទីបំផុតគ្រប់ច្រក…។ គ្រប់សូចនាចរអាកាសធាតុ សុទ្ធតែកំពុងលោតសញ្ញាក្រហមព្រមៗគ្នា… (បរិយាកាសផែនដីបាត់បង់តុល្យភាព ជាងពេលណាៗទាំងអស់)។ ផែនដីកើនឡើងកម្តៅខ្លាំង ១១ឆ្នាំជាប់ៗហើយ! នេះមិនមែនជារឿងចៃដន្យទៀតទេ។ វាជាការជម្រុញឲ្យយើងចាត់វិធានការ»។
- បរិយាកាស និងមហាសមុទ្រកើនឡើងកម្តៅ
ជុំវិញការព្រមានធ្ងន់ៗមិនធ្លាប់មានពី UN នេះ អ្នកជំនាញថ្នាក់អន្តរជាតិនានាដូចជា បណ្ឌិត Lauren Vargo មកពីសាកលវិទ្យាល័យ Wellington ប្រទេស New Zealand បានពន្យល់ថា «ឧស្ម័នផ្ទះកញ្ចក់ដែលប្រមូលផ្តុំកាន់ច្រើនក្នុងបរិយាកាសផែនដី គឺជាកត្តាដែលជម្រុញកម្តៅកើតឡើង (ព្រោះតែវាស្រូបទុកកម្តៅពីព្រះអាទិត្យ ឲ្យនៅក្នុងបរិយាកាសនោះ)។ កម្តៅទាំងនោះប្រមាណជាង ៩០% ត្រូវបានមហាសមុទ្រនានា ស្រូបយក ហេតុដូច្នេះហើយទើបបង្កឲ្យទឹកសមុទ្រកើនកម្តៅ និងបង្កឲ្យទឹកកកប៉ូលទាំង២ រលាយនៅក្នុងកម្រិតកាន់តែលឿន តែកកើតឡើងវិញតាមរដូវក្នុងចំនួនកាន់តែតិចតួច… ពេលនេះកម្រិតកើនឡើងនៃនីវ៉ូសមុទ្រ កំពុងឈានជិតដល់ ៥មីល្លីម៉ែត្រក្នុងមួយឆ្នាំហើយ…»។
អ្វីដែលយើងភ័យព្រួយខ្លាំងបំផុតនោះ គឺគ្រោះធម្មជាតិកាន់តែសាហាវនឹងកើនឡើង ក្នុងនោះមានដូចជា ទឹកជំនន់ រលកកម្តៅ និងភ្លើងឆេះព្រៃជាដើម។ គ្រោះធម្មជាតិទាំងអស់នេះ នឹងបំផ្លាញប្រព័ន្ធអេកូឡូស៊ី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់មនុស្ស។
- ផលវិបាកជះដល់រាប់រយ ទៅរាប់ពាន់ឆ្នាំខាងមុខ
យោងតាមក្រុមអ្នកជំនាញ WMO បានព្រមានថា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងទ្រង់ទ្រាយធំទាំងនេះ បានកើតឡើងក្នុងរយៈពេលពីរទៅបីទសវត្សរ៍មែន ប៉ុន្តែវានឹងមានផលវិបាកដ៏គ្រោះថ្នាក់សម្រាប់រយៈពេលរាប់រយឆ្នាំ និងអាចរាប់ពាន់ឆ្នាំខាងមុខ ចំពោះមនុស្សជាតិលើផែនដី។
ប្រការនេះគឺងាយយល់ប៉ុណ្ណោះ ព្រោះឧស្ម័នកាបូនឌីអុកស៊ីត (CO2) អាចរក្សាវត្តមានក្នុងបរិយាកាសផែនដីបានរាប់សតវត្សរ៍ ហើយមហាសមុទ្រនានាត្រូវការពេល ដល់ទៅរាប់ពាន់ឆ្នាំដើម្បីស្រូបយកកម្តៅនោះ ដែលទាំងអស់នេះបង្កើតទៅជាផលប៉ះពាល់យូរអង្វែង ចំពោះទាំងបរិយាកាស និងមហាសមុទ្រ។
- ឱកាស Super El Niño កកើតក្នុងឆ្នាំ២០២៦?
មើលទៅឆ្នាំ២០២៦នេះ មិនត្រឹមតែគេមិនរួចពីការបង្កើតកំណត់ត្រាអាកាសធាតុក្តៅបំផុតថ្មីនោះទេ តែក៏នឹងអាចជួបប្រទះបាតុភូតធម្មជាតិ ដែលអាក្រក់ជាងឆ្នាំមុនៗទៅទៀត…។ អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុមួយរូបឈ្មោះ Daniel Swain បានសរសេរការព្យាករណ៍មួយ នៅក្នុងគណនី X របស់លោកថា «គ្រប់សញ្ញាទាំងអស់កំពុងរុញយើងទៅរក បាតុភូតរលកកម្តៅ El Niño ដែលអាចពីក្នុងកម្រិតខ្លាំងទៅខ្លាំងបំផុត…»។
អ្នកវិទ្យាសាស្ត្ររូបភាពហ៊ានធ្វើការសន្និដ្ឋានទៀតថា ២២% ជាឱកាសដែលអាចកើតមាន មហារលកម្តៅ អែល នីញ៉ូ (Super El Niño) នៅក្នុងខែសីហា ឆ្នាំ២០២៦ និង ៨០% ចំពោះឱកាសដែល El Niño ស្ថិតនៅក្នុងកម្រិតខ្លាំងមួយ។ ការសន្និដ្ឋាននេះត្រូវបានធ្វើឡើង ក្រោយពីលោក Daniel Swain បានសិក្សាលើទិន្នន័យប្រមូលបានមកពី ក្រុមតាមដានអាកាសធាតុអឺរ៉ុប (European Center for Medium-Range Weather Forecasts)។

យ៉ាងណាក៏ដោយ យើងកុំទាន់អាលធ្វើការសន្មត ឬភ័យព្រួយចំពោះរឿង Super El Niño នោះអី ព្រោះនៅសល់ពេលច្រើនខែទៀតដែរ ដែលក្រុមអ្នកវិទ្យាសាស្ត្រអាចតាមដាន បម្រែបម្រួលនៃសីតុណ្ហភាពមហាសមុទ្រ និងចរន្តខ្យល់ក្តៅលើផែនដីយើង។ អ្វីដែលសំខាន់ពេលនេះ គឺការជម្រុញឲ្យអន្តរជាតិ ងាកមកគិតគូរឡើងវិញពីការរួបរួមគ្នា ដើម្បីជួសជុលបរិយាកាសផែនដី កុំឲ្យអ្វីៗកាន់តែហួសពេលខ្លាំងជាងនេះ…៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ United Nations / Independent (ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦)
