Breaking៖ តេឡេស្កូបអវកាស James Webb ថតរូបភាពផ្កាយ១ដែលជិតផ្ទុះ (Supernova)

1,284

(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានបញ្ចេញរូបភាពមួយសន្លឹកថ្មី ដែលបង្ហាញអំពីបាតុភូតតារានៅទីអវកាស ហើយយើងមិនអាចប្រកែកបានឡើយថា រូបមួយសន្លឹកនេះគួរឲ្យគយគន់ និងប្លែកអារម្មណ៍បន្ថែមពីលើរូបភាពមុនៗ។ ប៉ុន្តែចំណុចសំខាន់បំផុត ដែលមានប្រយោជន៍ដល់ការសិក្សា គឺមិនមែនស្ថិតនៅត្រង់ ភាពស្អាតប្លែកភ្នែករបស់រូបភាពថ្មីនេះឡើយ។

ទិដ្ឋភាពផ្កាយ WR 124 ថតដោយឧបករណ៍ MIRI របស់ James Webb (រូបភាពពី NASA ESA CSA)

វាគឺជាតារាមួយដួងដែលមានឈ្មោះសម្គាល់ថា Wolf-Rayet 124 (ឬអាចហៅថា WR 124) មានចម្ងាយ ១៥,០០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដោយស្ថិតនៅក្នុងតារានិករ Sagittarius។ យើងនឹងមិនអាចមើលឃើញទិដ្ឋភាពបែបនេះ ដោយតេឡេស្កូបធម្មតាៗនោះឡើយ ប៉ុន្តែ James Webb ដែលមានឧបករណ៍ចាប់យកពន្លឺក្រហមអាំងហ្វ្រាកម្រិតជិត និងមធ្យមនោះ អាចប្រមូលផ្តុំទិន្នន័យសំខាន់ៗ ហើយចម្រាញ់ចេញជារូបភាព ដែលភ្នែកមនុស្សលោកមិនអាចមើលឃើញនេះ។

(រូបភាពពីបរទេស)

ទិដ្ឋភាពដ៏ភ្លឺចែងចាំង (ចំកណ្តាលរូបភាព) នៃផ្កាយ WR 124 និងតំបន់ពពកធូលី-ឧស្ម័នពណ៌ផ្កាឈូកព័ទ្ធដែលជុំវិញផ្កាយនោះ ត្រូវបានក្រុមតារាវិទូប្រៀបប្រដូចទៅនឹង ការរីកស្គុសស្គាយនៃផ្កា Cherry តែធាតុពិតជាក់ស្តែង វាកើតចេញពីការកញ្ជ្រោលឥតឈប់ឈររបស់ផ្កាយយក្សមួយ ដែលជិតឈានទៅរកការផ្ទុះ ឬ ស៊ូពើណូវ៉ា (Supernova) នោះ។ WR 124 មានម៉ាសធ្ងន់ជាងព្រះអាទិត្យយើង ៣០ដង ហើយ James Webb បានធ្វើការអង្កេតវាជាលើកដំបូងតាំងតែពីអំលុងខែមិថុនា ឆ្នាំ២០២២ មកម្ល៉េះ។

Breaking៖ តេឡេស្កូបអវកាស James Webb ថតរូបភាពផ្កាយ១ដែលជិតផ្ទុះ (Supernova)
ទិដ្ឋភាពផ្កាយ WR 124 ថតដោយឧបករណ៍ NIRI របស់ James Webb (រូបភាពពី NASA ESA CSA)

គួរបញ្ជាក់ថា តេឡេស្កូបអវកាស James Webb បានប្រើប្រាស់ឧបករណ៍អង្កេត ពន្លឺក្រហមអាំងហ្វ្រា (Infared Light) កម្រិតមធ្យម (MIRI) និងកម្រិតជិត (NIRI) ដើម្បីបង្កើតចេញជារូបភាព ផ្កាយ WR 124 នេះឡើង។ សម្រាប់តំបន់ដែលមានពណ៌ផ្កាយឈូកព័ទ្ធជុំវិញផ្កាយនោះ គឺជាបណ្តុំនៃពពកធូលី និងឧស្ម័នដែលកំពុងកក ក្រោយពីត្រូវបានផ្កាយ WR 124 នោះ ជះចេញជារឿយៗ ដោយសារតែភាពកញ្ជ្រោលឈានទៅរកការផ្ទុះនៅថ្ងៃមុខ ហើយគ្រាន់តែវត្ថុធាតុដែលវាជះចេញកន្លងមកនេះ គឺមានទំហំស្មើនឹងព្រះអាទិត្យយើងចំនួន ១០ ទៅហើយ។ សម្រាប់ការព្យាករណ៍ពេលវេលាដែល WR 124 អាចកើតមាន Supernova នោះ គឺមិនទាន់មានការបញ្ជាក់ឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣)

480×240 Banner