ព្យុះភ្លៀងនៃការផ្លាស់ប្តូរជិតបោកបក់អង្គការ NASA ខណៈរដ្ឋបាល ត្រាំ ចង់កាត់ជំនួយជាច្រើន និងបិទគម្រោងធំៗចោល… (មានវីដេអូ)
(បរទេស)៖ ពពកខ្មៅងងឹត និងព្យុះកំណាចកាន់តែរំកិលជិតមកដល់ទីស្នាក់ការអង្គការ NASA នៃសហរដ្ឋអាមេរិកហើយ នៅចំពោះមុខសេចក្តីព្រាងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងធ្វើបេសកកម្ម Artemis របស់ទីភ្នាក់ងារអវកាសធំជាងគេលើលោកមួយនេះ ជួបប្រទះការកែប្រែយ៉ាងកម្រោល ជាពិសេសទៅលើគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រអវកាស និងភពផែនដី, ស្ថានីយស្រាវជ្រាវជុំវិញព្រះចន្ទ និងអ្វីដែលធ្ងន់ធ្ងន់ផងដែរនោះ គឺការនាំយកសំណាក (sample) ពីភពអង្គារមកផែនដីវិញ។
ក្រុមអ្នកតាមដានបានហៅសេចក្តីព្រាងនោះថា «គម្រោងថវិកាដ៏ស្តួចស្តើង» សម្រាប់ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំ និងបញ្ចេញដោយសេតវិមានលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ (ពេលវេលានៅសហរដ្ឋអាមេរិក ហើយវាត្រូវបានគេជឿជាក់ថា នឹងបង្កឲ្យមានការផ្លាស់ប្តូរជាមូលដ្ឋានចំពោះគម្រោង Artemis ដែលជាគម្រោងបង្កើតមូលដ្ឋានស្នាក់នៅ និងស្រាវជ្រាវរបស់មនុស្សប្រកបដោយនិរន្តរភាព ទាំងនៅលើផ្ទៃព្រះចន្ទផង និងក្នុងគន្លងគោចរជុំវិញព្រះចន្ទផង ចាប់ពីចុងទសវត្សរ៍ ២០២០ តទៅនោះ។
នៅក្នុងសេចក្តីព្រាងថវិការបស់ ត្រាំ ដែលត្រៀមផ្ញើទៅកាន់អង្គសភាអាមេរិកដើម្បីជជែកដេញដោល និងអនុម័តនៅពេលខាងមុខនេះ នឹងធ្វើការកាត់បន្ថយជំនួយមកកាន់ «កម្មវិធីនៃប្រព័ន្ធស្រាវជ្រាវដោយមនុស្ស» តែឯងប៉ុណ្ណោះអស់ «៨៧៩លានដុល្លារ» ព្រមទាំងបញ្ឈប់គម្រោងអភិវឌ្ឍរ៉ុក្កែតសម្រាប់ទ្រទ្រង់ ប្រព័ន្ធចុះចតលើព្រះចន្ទ (Space Launch System ឬ SLS) និងយានអវកាសដឹកមនុស្សឈ្មោះ អូរ៉ាយអិន (Orion capsule) ដែលជាឆ្អឹងខ្នងរបស់ Artemis នោះ។ បន្ថែមពីនេះទៀត វាក៏នឹងលុបចោលនូវគម្រោងតម្លើងស្ថានីយ Lunar Gateway (ជាស្ថានីយអវកាសខ្នាតតូចគោចរក្នុងគន្លងជុំវិញព្រះចន្ទ ដើម្បីគាំទ្រដល់បេសកកម្មលើផ្ទៃព្រះចន្ទ) នោះផងដែរ។
នៅក្នុងសេចក្តីព្រាងថវិការបស់សេតវិមាននោះ ក៏បានបញ្ជាក់ផងដែរពីការផ្លាស់ប្តូរគម្រោងអភិវឌ្ឍ SLS និងការហោះហើររបស់យាន Orion ទៅកាន់ព្រះចន្ទ ដោយជំនួសមកវិញនូវប្រព័ន្ធដឹកជញ្ជូនថ្មី ដែលមានប្រសិទ្ធភាពនៃការចំណាយប្រសើរជាងមុន ហើយពួកគេអះអាងថា នឹងធ្វើឲ្យបេសកកម្មទៅកាន់ឋានព្រះចន្ទរបស់អាមេរិក កាន់តែប្រកបដោយមហិច្ឆតាខ្ពស់ជាងមុន។
បើតាមការសន្និដ្ឋាន ប្រព័ន្ធថ្មីសម្រាប់ជំនួសប្រព័ន្ធដឹកជញ្ជូន SLS និងការហោះហើរបស់យាន Orion នោះនឹងត្រូវប្រគល់ឲ្យក្រុមហ៊ុនឯកជន១ក្នុងចំណោម២នេះគឺ SpaceX ឬមួយក៏ Blue Origin។ ក្រុមហ៊ុនទាំងពីរនេះក៏កំពុងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនខ្នាតធំ ដែលអាចដឹកមនុស្ស និងទំនិញបានច្រើន ហើយធ្វើដំណើរបានកាន់តែឆ្ងាយផងដែរ ក្នុងនោះសម្រាប់ SpaceX មានប្រព័ន្ធដឹកជញ្ជូនឈ្មោះ Starship និង Blue Origin មានប្រព័ន្ធដឹកជញ្ជូនឈ្មោះ New Glenn។
គួររម្លឹកថា ប្រព័ន្ធដឹកជញ្ជូននៅទីអវកាស Space Launch System ឬ SLS របស់ NASA ដែលមានតួនាទីដឹកនាំយាន Orion (ផលិតដោយក្រុមហ៊ុន Lockheed Martin របស់អាមេរិកសហការជាមួយ Airbus របស់បារាំង និងអឺរ៉ុប) ទើបតែបានហោះហើរសាកល្បងចំនួន ១ដងប៉ុណ្ណោះ នោះគឺកាលពីចុងឆ្នាំ២០២២ ដែលជាបេសកកម្ម Artemis 1 ក្នុងការបញ្ជូនយាន Orion ទទេទៅគោចរជុំវិញព្រះចន្ទ និងត្រលប់មកផែនដីវិញដោយចំណាយពេលអស់ ២៥ថ្ងៃ។
យោងតាមផែនការចុងក្រោយរបស់ NASA ប្រព័ន្ធ SLS និងយាន Orion មានបេសកកម្មចំនួន ២លើកទៀតដែលត្រូវបំពេញ នោះគឺការបញ្ជូនអវកាសយានិកទៅគោចរជុំវិញព្រះចន្ទនៅឆ្នាំ២០២៦ (ដោយមិនចុះចតទេ) នៅក្នុងបេសកកម្ម Artemis 2 និងមួយទៀតនឹងដឹកនាំអវកាសយានិក ទៅចុះចតនៅប៉ូលខាងត្បូងព្រះចន្ទនៅឆ្នាំ២០២៧ នៅក្នុងបេសកកម្ម Artemis 3។
តែយ៉ាងណា ផែនការរបស់សេតវិមាន ត្រាំ កំពុងលុបចោលគម្រោងទាំង២ខាងលើនេះហើយ ស្របពេលដែលគម្រោងសាងសង់ Lunar Gatway វិញគឺអាចនឹងត្រូវលុបចោលទាំងស្រុងផងដែរ ខណៈកាលពីខែមេសា ឆ្នាំ២០២៥ បន្ទប់យានអវកាសដំបូងឈ្មោះ HALO សម្រាប់បង្កើតស្ថានីយអវកាសនេះ ត្រូវបានបញ្ជូនពីប្រទេសអ៊ីតាលី មកដល់សហរដ្ឋអាមេរិករួចទៅហើយ។
គួរបញ្ជាក់ថា គម្រោងថវិកាដ៏ស្តួចស្តើងសម្រាប់ NASA នៅឆ្នាំ២០២៦ នោះគឺនឹងផ្តល់ភាពតានតឹងកាន់តែខ្លាំង ដល់គម្រោងជាច្រើនដែលមានក្នុងបញ្ជី។ បើធៀបនឹងថវិកាសម្រាប់ឆ្នាំ២០២៥នេះដែលមានសរុប ២៤.៨ពាន់លានដុល្លារនោះ ថវិកាសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះមានត្រឹមតែ ១៨.៨ពាន់លានដុល្លារប៉ុណ្ណោះ។ ប្រការនេះមានន័យថា ថវិកាប្រចាំឆ្នាំត្រូវបានកាត់បន្ថយប្រមាណជិត ២៥% ឬស្មើនឹង ៦ពាន់លានដុល្លារតិចជាងឆ្នាំ២០២៥ ហើយប្រសិនបើសភាអនុម័តតាមការស្នើនេះមែន នោះវានឹងក្លាយជាការកាត់បន្ថយជំនួយក្នុង១ឆ្នាំ ដ៏ច្រើនបំផុតមិនធ្លាប់មានសម្រាប់ប្រវត្តិសាស្ត្រសម្រាប់ NASA។

នៅក្នុងសេចក្តីព្រាងនោះទៀតសោត ក៏នឹងកាត់បន្ថយជំនួយដល់ «ផ្នែកស្រាវជ្រាវនៅទីអវកាស» ប្រមាណ ២.៣ពាន់លានដុល្លារ និង «ផ្នែកស្រាវជ្រាវលើភពផែនដី» ប្រមាណ ១.២លាន់ដុល្លារផងដែរ។ សម្រាប់អ្វីមួយដែលធំធេងផងដែរនោះ គឺគម្រោងនាំយកសំណាក (sample) ដែលច្រកទុកដោយយាន Perseverance ពីភពអង្គារមកផែនដីនោះ នឹងត្រូវលុបចោលតែម្តង។ តែយ៉ាងណា ការធ្វើរបស់រដ្ឋបាលលោក ត្រាំ ដែលត្រូវបានបញ្ជាក់នៅក្នុងសេចក្តីព្រាងថវិកាឆ្នាំ២០២៦ សម្រាប់ NASA នោះ គឺត្រូវបានសេតវិនាអះអាងថា ស្របតាមគោលដៅជំរុញឲ្យសហរដ្ឋអាមេរិក ធ្វើដំណើរទៅជាន់ឋានព្រះចន្ទឡើងវិញ ឲ្យបានមុនប្រទេសចិន និងនាំមនុស្សទៅជាន់ដីភពអង្គារឲ្យបានកាន់តែឆាប់៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥)
