រលកកម្តៅដ៏អាក្រក់កំពុងវាយលុកតំបន់អាស៊ី! តើរលកកម្តៅ (Heat Wave) ជាអ្វី? (យល់ដឹង)
(បរទេស)៖ នៅកំលុងខែមេសា ឆ្នាំ២០២៣ បញ្ហារលកកម្តៅបាននិងកំពុងធ្វើឲ្យតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ធ្លាក់ចូលក្នុងសុបិនដ៏អាក្រក់ នោះគឺការវាយប្រហារដោយរលកកម្តៅ (Heat Wave) ហើយប្រជាជននៅតាមបណ្តាប្រទេសដូចជា ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស មីយ៉ាន់ម៉ា ថៃ និងកម្ពុជាយើងជាដើម កំពុងរំពឹងទៅលើទឹកភ្លៀងដែលអាចជួយធ្វើឲ្យសីតុណ្ហភាពថយចុះបានខ្លះ។
សម្រាប់ប្រទេសបង់ក្លាដែស កំពុងមើលឃើញនូវសីតុណ្ហភាពកើនឡើងខ្ពស់់បំផុត នៅក្នុងខែមេសានេះ ដែលមិនធ្លាប់មានក្នុងរយៈពេល ៦០ឆ្នាំ ខណៈនៅប្រទេសឥណ្ឌាវិញ មនុស្ស ១៣នាក់ហើយបានស្លាប់ដោយសារតែរលកកម្តៅ និងនៅប្រទេសថៃ មនុស្ស ២នាក់ក៏ត្រូវបានគេរាយការណ៍ បាត់បង់ជីវិតដោយសារបញ្ហានេះដូចគ្នា។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រថ្លែងថា ការឡើងកម្តៅផែនដីកំពុងធ្វើឱ្យ ស្ថានភាពអាកាសធាតុវិវដ្ដកាន់តែអាក្រក់ទៅៗ ដោយរបាយការណ៍ថ្មីៗពីក្រុមការងារអន្តររដ្ឋាភិបាល នៃអង្គការសហប្រជាជាតិ (UN) ស្តីពីការប្រែប្រួលអាកាសធាតុបានព្រមានថា «រាល់ការកើនឡើងកម្រិតសីតុណ្ហភាព នៅក្នុងអំលុងពេលនៃវិបត្តិការកើនឡើងកំដៅសកល (Global Warming) នោះ បញ្ហាផ្សេងៗ និងគ្រោះមហន្តរាយជាច្រើនទៀត ក៏នឹងកើនឡើងស្របគ្នាផងដែរ»។
ក្រុមអ្នកជំនាញនានាបានព្រមានថា ការវាយប្រហារដោយរលកកម្តៅ (Heat Wave) នៅឥណ្ឌា ចិន ថៃ និងបណ្តាប្រទេសផ្សេងៗទៀតនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នឹងបង្កឲ្យប្រជាជនប្រទេសទាំងនេះ ជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយប្រជាជនក្រីក្រនឹងងាយរងគ្រោះជាងគេបំផុត។
- តើរលកកម្តៅ (Heat Wave) ជាអ្វី?
រលកកម្តៅគឺជាខណៈពេលនៃអាកាសធាតុក្តៅខុសធម្មតា ដែលជាទូទៅអូសបន្លាយលើសពី ២ថ្ងៃ។ រលកកម្តៅអាចកើនឡើងទាំងនៅពេលស្ងួតខ្លាំង ឬមានសំណើមខ្លាំង។ Heat Wave អាចមានឥទ្ធិពលគ្របដណ្តប់លើផ្ទៃដីធំធេងណាមួយ ដែលធ្វើឲ្យមនុស្សម្នារស់នៅទីនោះ ប្រឈមនឹងកំសួលកម្តៅដ៏គ្រោះថ្នាក់។
- តើរលកកម្តៅអាចសម្លាប់មនុស្សដោយរបៀបណា?
សម្រាប់អ្នកដែលមានជំងឺស្ត្រូកនោះ ក្រោយទទួលរងរលកកម្តៅពួកគេអាចបែកញើសខ្លាំង ឬមិនបែកញើសសោះក៏មាន។ ពួកគេអាចវង្វេងវង្វាន់ ឬសន្លប់បាត់ស្មារតី ហើយពួកគេក៏អាចប្រកាច់ផងដែរ។ ប្រសិនបើគ្មានអ្នកចូលមកសង្គ្រោះទាន់ពេលទេ ជនរងគ្រោះនឹងឈានដល់ដាច់សរសៃឈាមខួរក្បាល។ វាក៏អាចបង្កឲ្យបេះដូងលោតញាប់ខ្លាំងក្នុងកម្រិតគ្រោះថ្នាក់ ហើយអ្នកជំងឺនឹងសន្លប់បាត់ស្មារតី និងអាចឈានទៅរកសេចក្តីស្លាប់បាន។
- តើយើងអាចការពារខ្លួនពីរលកកម្តៅដោយវិធីណា?
វិធីការពារខ្លួនពីរលកកម្តៅ គឺមិនសូវខុសពីការថែទាំខ្លួន នៅក្នុងរដូវក្តៅនោះឡើយ តែយើងត្រូវបង្កើនកិច្ចការពារច្រើនជាងមុន។ ការងូតទឹកត្រជាក់ និងផឹកទឹកត្រជាក់ជាប្រចាំ គឺជារឿងចាំបាច់ ហើយនៅពេលអ្នកមានអារម្មណ៍ ខ្វះអុកស៊ីហ្សែន (ថប់ៗដង្ហើម) អ្នកគួររកកន្លែងដែលមានម៉ាស៊ីនត្រជាក់ ឬជម្រកដែលត្រជាក់មានសំណើម ដើម្បីបន្ធូរអារម្មណ៍សិន ព្រោះវាពិតជាចាំបាច់ខ្លាំងណាស់ ក្នុងការពារខ្លួនពីសីតុណ្ហភាពដ៏ក្តៅនៅខាងក្រៅ។
- តើពិភពលោកអាចដោះស្រាយបញ្ហារលកកម្តៅដែរឬទេ?
តាមការពិតការដោះស្រាយបញ្ហារលកកម្តៅ គឺផ្សាភ្ជាប់ទៅស្រុងទៅនឹងវិធីក្នុងការដោះស្រាយការកើនឡើងកម្តៅសកល (Global Warming) នោះឯង។ អាជ្ញាធរនៃប្រទេសនានាអាចចាប់ផ្តើមពីវីធីមួយចំនួនដូចជា៖
– ការដាំដើមឈើឲ្យច្រើននៅក្នុងទីក្រុង ឬទីប្រជុំជនដែលសំបូរដោយផ្លូវថ្នល់ និងអគារ។
– ការបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកតាមបែបប្រពៃណី ដើម្បីផ្តល់សំណើមដល់ភូមិឋានដែលយើងរស់នៅ។
– បង្កើតប្រព័ន្ធជូនដំណឹងដល់ប្រជាជន ឲ្យបានដឹងពីការវាយប្រហារដោយរលកកម្តៅ និងវិធីសាស្ត្រក្នុងការពារខ្លួនឲ្យត្រឹមត្រូវ។
– ការសាងសង់អគារ ឬសំណង់នានាប្រកបដោយបច្ចេកទេស ដើម្បីឲ្យមានចរន្តខ្យល់ចេញចូលត្រឹមត្រូវ ដែលអាចកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់។
– បង្កើតតំបន់ត្រជាក់ជាសាធារណៈឲ្យបានគ្រប់គ្រាន់ដូចជាសាលធំ, ផ្លូវសំបូរដើមឈើត្រជាក់ ឬផ្លូវក្រោមដីជាដើម ដើម្បីឲ្យមនុស្សអាចចូលជ្រកកោណដោយសេរី ដើម្បីបន្ធូរបន្ថយភាពក្តៅ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CNA/CNN (ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣)