UN ព្រមានពីបាតុភូតធម្មជាតិដ៏អាក្រក់ «El Niño» នឹងកើតឡើងនៅក្នុងឆ្នាំ ២០២៣-២០២៤! (មានវីដេអូ)
(យូអិន)៖ អង្គការសហប្រជាជាតិ (UN) នៅដើមខែឧសភា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីព្រមានធ្ងន់ៗមួយ អំពីបាតុភូតអាកាសធាតុដ៏អាក្រក់គឺ អ៊ែលនីណូ (El Niño) ដែលអាចនឹងវិវត្តឡើងនាប៉ុន្មានខែទៀត ហើយក៏នឹងជំរុញឲ្យសីតុណ្ហភាពសកលលោក កាន់តែក្តៅខ្លាំង ឬអាចឈានទៅបង្កើតកំណត់ត្រាថ្មី នៃអាកាសធាតុក្តៅបំផុតបានផងដែរ។
អង្គការឧតុនិយមពិភពលោក (WMO ឬ World Meteorological Organization) ដែលចំណុះឲ្យ UN បានឲ្យដឹងថា ពួកគេបានប៉ាន់ប្រមាណឃើញមានឱកាសរហូតដល់ទៅ ៦០% ដែលបាតុភូតរលកកម្តៅដ៏អាក្រក់ ឬយើងតែងស្គាល់ថា អ៊ែលនីណូ (El Niño) នឹងកើតឡើងនៅចុងខែកក្កដា ឆ្នាំ២០២៣ និង ៨០% សម្រាប់ឱកាសដែលវានឹងកកើត នៅដំណាច់ខែកញ្ញា ឆ្នាំដដែល ហើយនៅឆ្នាំ ២០២៤ ផលអាក្រក់នឹងបង្ហាញចេញយ៉ាងច្បាស់ ប្រសិនបើវាកើតមានឡើងនៅឆ្នាំ២០២៣ នេះមែន។
ជុំវិញស្ថានការណ៍ដ៏គួរឲ្យព្រួយបារម្ភបំផុតនេះ លោក វីលហ្វ្រែន មួហ្វួម៉ា អូគីយ៉ា (Wilfran Moufouma Okia) ប្រធានផ្នែកសេវាកម្មព្យាករណ៍អាកាសធាតុប្រចាំតំបន់របស់ WMO បានប្រាប់អ្នកសារព័ត៌មាននៅឯទីស្នាក់ការរបស់ខ្លួនប្រចាំទីក្រុងហ្សឺណែវថា «វានឹងក្លាយជាការផ្លាស់ប្តូរធាតុអាកាស (Weather) និងលំនាំអាកាសធាតុ (Climate) នៅទូទាំងពិភពលោក»។
បាតុភូត El Niño បានកើតមានឡើងចុងក្រោយបំផុតកាលពីឆ្នាំ ២០១៨ និង ២០១៩ ដែលជាពេលមនុស្សលោក បានទទួលរងនូវការកើនឡើងកម្តៅទូទាំងសកល ហើយតំបន់ខ្លះនៃពិភពលោកបាទទួលរងបញ្ហាធ្ងន់ធ្ងរដូចជា គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់យ៉ាងគំហុក ដែលបង្កទៅជាគ្រោះទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីផងដែរ។
ទោះជាបែបនេះក្តី ចាប់តាំងពីឆ្នាំ ២០២០ មក ពិភពលោកបានទទួលរងនូវផលប៉ះពាល់ពីបាតុភូត ឡា នីណា (La Niña) អស់រយៈពេលដ៏យូរ (បាតុភូតផ្ទុយពី El Niño) ហើយភាពត្រជាក់ជាក់ខ្លាំងបំផុតនោះ ក៏ទើបតែបានបញ្ចប់នៅដើមឆ្នាំ ២០២៣ នេះប៉ុណ្ណោះ។
អង្គការសហប្រជាជាតិបានថ្លែងថា រយៈពេល ៨ឆ្នាំចុងក្រោយនេះ មនុស្សលោកបានទទួលរងអាកាសធាតុ «ក្តៅបំផុត» ដែលមិនធ្លាប់មាននៅក្នុងកំណត់ត្រា បើទោះបីជាឥទ្ធិពលដ៏ត្រជាក់របស់បាតុភូត La Niña បានកើតមានឡើងស្ទើរតែជិតពាក់កណ្តាល នៃអំលុងពេល ៨ឆ្នាំនោះក៏ដោយ។ តែយ៉ាងណា បើគ្មានបាតុភូត La Niña ក្នុងអំលុងពេលនោះទេ យើងប្រាកដជាជួបប្រទះអាកាសធាតុ កាន់តែក្តៅជាងរាល់ថ្ងៃនេះទៅទៀត។
- កម្តៅទូទាំងសកលលោកទំនងជានឹងកើនឡើងទៀត
លោក ផេតថឺរី តាអាឡាស (Petteri Taalas) មន្ត្រីជាន់ខ្ពស់នៃអង្គការឧតុនិយមសកល (WMO) បានថ្លែងថា «បាតុភូត La Niña បានដើរតួជាហ្វ្រាំងបណ្តោះអាសន្ន ដើម្បីទប់ការកើនឡើងកម្តៅពិភពលោក (មិនឲ្យអាក្រក់ខ្លាំងពេក)»។ ឥឡូវនេះ មន្ត្រីរូបនេះបានព្រមានថា «ពិភពលោកគួរតែត្រៀមខ្លួន សម្រាប់ការវិវត្តឡើងនៃបាតុភូត El Niño»។
លោក Petteri បាននិយាយទៀតថា ការរំពឹងទុកអំពីលំនាំអាកាសធាតុបែបនេះ អាចឲ្យនាំយើងព្យាករបានថា «វាទំនងជានឹងនាំទៅរកការកើនឡើងថ្មីមួយ នៃកម្តៅទូទាំងពិភពលោក ហើយក៏អាចជាការបង្កើនឱកាស ឈានទៅរកការបំបែកកំណត់ត្រាសីតុណ្ហភាព (ក្តៅបំផុត) មិនធ្លាប់មានផងដែរ»។
សម្រាប់នៅក្នុងដំណាក់កាលនេះ គេពុំឃើញមានសញ្ញានៃភាពកញ្ជ្រោល ឬថេរវេលាជាក់លាក់ដែលអាចកំណត់ថា យើងកំពុងឈានទៅរកបាតុភូត El Niño នៅឡើយទេ។ សម្រាប់បាតុភូត El Niño ចុងក្រោយ កាលពីឆ្នាំ ២០១៨ និង ២០១៩ នោះ គឺត្រូវបានចាត់ទុកថា ស្ថិតក្នុងកម្រិតខ្សោយជាងរាល់ដងទៅហើយ ប៉ុន្តែបាតុភូតបែបនេះ កាលពីចន្លោះឆ្នាំ ២០១៤ និង ២០១៦ ត្រូវបានគេចាត់ទុកថា មានសភាពធ្ងន់ធ្ងរបំផុត។
បើតាម WMO បានរំលឹក កាលពីអំលុងឆ្នាំ ២០១៦ នោះគឺជា «ឆ្នាំដ៏ក្តៅបំផុតក្នុងកំណត់ត្រា ដោយសារតែព្រឹត្តិការណ៍ដ៏អាក្រក់ ២ បានកើតមានឡើង នោះគឺបាតុភូត El Niño ដ៏មានឥទ្ធិពល និងការកើនឡើងកម្តៅដោយសារឧស្ម័នផ្ទះកញ្ចក់ បញ្ចេញពីសកម្មភាពមនុស្សលោក»។ WMO បានសង្កត់ធ្ងន់ទៀតថា «គិតចាប់តាំងពីឥទ្ធិពល El Niño ចាប់ផ្តើមគ្របសង្កត់លើការប្រែប្រួលជាធម្មតា នៃសីតុណ្ហភាពសកលនៅក្នុងឆ្នាំណាមួយនោះ យើងនឹងមើលឃើញផលប៉ះពាល់ខ្លាំងនៅឆ្នាំបន្ទាប់»។ ប្រការនេះមានន័យថា បើបាតុភូត El Niño លេចចេញនៅឆ្នាំ២០២៣ នោះផលប៉ះពាល់នឹងមានខ្លាំងនៅឆ្នាំ២០២៤ ឬឆ្នាំបន្ទាប់ទៀត។
មន្ត្រី WMO បានថ្លែងថា «យើងកំពុងរំពឹងថា នៅក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ នឹងមានការកើនឡើងយ៉ាងខ្លាំងនៃសីតុណ្ហភាពសកល…»។
- ធាតុអាកាសនឹងកាន់តែប្រែប្រួលមិនទៀងទាត់
លោក Taalas បានគូសបញ្ជាក់ថា លទ្ធភាពនៃការមកដល់របស់បាតុភូត El Niño ក៏អាចមានឥទ្ធិពលវិជ្ជមានមួយចំនួនដែរ ក្នុងនោះមានដូចជា «ការសម្រាលគ្រោះរាំងស្ងួតនៅតំបន់ភាគខាងកើតអាហ្វ្រិក (សូម៉ាលី, អេរីទ្រា, អេត្យូពី និងស៊ូដង់ទាំង២) (Horn of Africa) និងផលប៉ះពាល់ពីមុន (លើតំបន់ផ្សេងទៀត) ដែលបង្កឡើងដោយបាតុភូតចុះត្រជាក់ខ្លាំង (La Niña) នោះ»។
ទោះជាយ៉ាងណា ហានិភ័យខ្ពស់ចំពោះអាកាសធាតុ នៅតែស្ថិតនៅក្នុងកម្រិតខ្ពស់ ហើយ WMO បានជំរុញឲ្យមានប្រព័ន្ធព្រមានទុកជាមុន សម្រាប់បញ្ហាដែលនឹងកើតឡើង។ WMO បានគូសបញ្ជាក់ថា គ្មានព្រឹត្តិការណ៍ El Niño ពីរដែលអាចដូចគ្នានោះទេ ហើយឥទ្ធិពលរបស់វា គឺអាស្រ័យទៅលើថេរវេលាដែលវាអូសបន្លាយ។ បើតាមគំរូអាកាសធាតុកន្លងមក បាតុភូត El Niño អាចកើតឡើងជាមធ្យមរៀងរាល់ ២-៧ឆ្នាំម្តង ហើយជាធម្មតាមានរយៈពេលពី ៩-១២ខែ។
ជាទូទៅ បាតុភូតទាំងអស់នេះត្រូវបានផ្សារភ្ជាប់ទៅនឹង ការឡើងកម្តៅនៃសីតុណ្ហភាពផ្ទៃមហាសមុទ្រនៅតំបន់ត្រូពិចភាគកណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ការកើនឡើងកម្រិតទឹកភ្លៀង ជាធម្មតាត្រូវបានគេឃើញនៅក្នុងផ្នែកមួយចំនួន នៃភាគខាងត្បូងតំបន់អាមេរិកខាងត្បូង, ភាគខាងត្បូងសហរដ្ឋអាមេរិក ភាគខាងកើតនៃទ្វីបអាហ្រ្វិក និងតំបន់អាស៊ីកណ្តាល ខណៈដែលគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចកើតមានឡើងលើប្រទេសអូស្ត្រាលី ឥណ្ឌូណេស៊ី និងផ្នែកខ្លះនៃតំបន់អាស៊ីខាងត្បូង។
គួរបញ្ជាក់តាម WMO ជាចុងក្រោយថា នាអំឡុងរដូវក្តៅនៅតំបន់អឌ្ឍគោលខាងជើងផែនដី ការកើនឡើងកម្តៅលើផ្ទៃទឹកបង្កឡើងដោយ El Niño ក៏អាចជំរុញឲ្យកើតមានខ្យល់ព្យុះហឺរីខិនកំណាច នៅតំបន់ភាគកណ្តាល និងភាគខាងកើត នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលប្រការនេះនឹងរារាំងការបង្កើតព្យុះកំណាច នៅក្នុងតំបន់អាងទឹកនៃមហាសមុទ្រអាត្លង់ទិក (Atlantic Basin) វិញ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Science Alert/United Nations (ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣)