ផែនដីប្រហែលជាអាចជៀសផុតពី «អាចម៍ផ្កាយមរណៈ» នៅអំលុង ១,០០០ឆ្នាំទៅមុខ (លទ្ធផលសិក្សាថ្មី)

480

(បរទេស)៖ លទ្ធភាពនៃការវាយប្រហារដោយអាចម៍ផ្កាយធំៗ មកលើភពផែនដីយើងនេះ នៅតែជាប្រធានបទក្តៅគគុកបំផុត សម្រាប់ក្រុមតារាវិទូអន្តរជាតិ ព្រោះយើងពិតជាភ័យខ្លាច លំនៅឋានដែលមានតែមួយនេះ ត្រូវរងគ្រោះដោយសារតែវត្ថុមកពីទីអវកាស ដែលយើងមិនទាន់មានសមត្ថភាព នៅក្នុងការទប់ទល់បាននៅឡើយ។

ហេតុដូច្នេះទើបការសិក្សាស្វែងយល់ និងគូសវាសផែនទីអំពីឥរិយាបថនៃអាចម៍ផ្កាយ (Asteroid), ផ្កាយដុះកន្ទុយ (Comet) និងដុំអវកាស (Meteor) ត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុត នាអំលុងមួយទសវត្សរ៍ចុងក្រោយនេះ ហើយការធ្វើតេស្តនៃបេសកកម្មសាកល្បងបុក និងបង្វែទិសដៅអាចម៍ផ្កាយ (DART) ទើបតែត្រូវបានសម្រេចធ្វើឡើងកាលពីឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។

ផែនដីប្រហែលជាអាចជៀសផុតពី «អាចម៍ផ្កាយមរណៈ» នៅអំលុង ១,០០០ឆ្នាំទៅមុខ (លទ្ធផលសិក្សាថ្មី)
បេសកកម្មកម្ទេចអាចម៍ផ្កាយនៅថ្ងៃអនាគត (រូបភាពពី NASA)

យោងតាមលទ្ធផលសិក្សាថ្មី ដែលចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះបានបង្ហាញថា អាចម៍ផ្កាយខ្នាតធំនានា ដែលតែងតែគោចរមកកៀកភពផែនដីនោះ នឹងមិនអាចបុកភពរបស់យើងនោះឡើយ ក្នុងអំលុងពេលយ៉ាងហោចណាស់ ១,០០០ឆ្នាំទៅមុខ

ទទួលបានលទ្ធផលសិក្សាថ្មីខាងលើនេះ លោកអ្នកមួយចំនួនទំនងជាធូរទ្រូងបន្តិច ប៉ុន្តែរឿងរ៉ាវនៅមិនទាន់ចប់នោះទេ។ ក្រុមតារាវិទូបានអះអាងបែបនេះទៀតថា លទ្ធផលសិក្សានេះ គឺក្តោបទៅលើជំពូកអាចម៍ផ្កាយ ដែលមានមុខកាត់ចាប់ពី ១គីឡូម៉ែត្រឡើងទៅប៉ុណ្ណោះ ដូច្នេះវាមានន័យថា ពពួកអាចម៍ផ្កាយតូចៗជាងនេះ ដែលស្ថិតនៅកៀកៗផែនដី (near-Earth objects ឬ NEOs) នៅតែអាចបង្កគ្រោះភ័យបានដដែល។

ការសិក្សាខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុមការងារនៅឯមជ្ឈមណ្ឌល Minor Planet Center (MPC) នៅឯមន្ទីរអង្កេតតារា Smithsonian (SAO) ឧបត្ថម្ភដោយអង្គការ NASA នៃសហរដ្ឋអាមេរិក។ ពួកគេបានធ្វើការអង្កេតទៅលើ ពពួកអាចម៍ផ្កាយកៀកផែនដី (NEOs) ដែលមានមុខកាត់ចាប់ពី ១គីឡូម៉ែត្រឡើងទៅ និងព្យាយាមរៀបចំលំដាប់ថ្នាក់របស់ពួកវា ទៅតាមភាគរយនៃឱកាសពីតិចទៅច្រើន ដែលពួកវាអាចបុកភពផែនដីនេះនៅអំឡុងពេល ១,០០០ឆ្នាំខាងមុខ ហើយថេរវេលានេះ គឺលើសការសិក្សាពីមុនរហូតដល់ទៅ ១០ដងឯណោះ។

មន្ទីរអង្កេតតារាសាស្ត្រ SAO (រូបភាពពី NASA)

អង្គការ NASA បានបង្ហាញចេញនូវលទ្ធសិក្សាថ្មីនេះ ក្រោយពីក្រុមតារាវិទូបានអង្កេតលើ ពពួក NEOs ដែលមានអង្កត់ផ្ចិតយ៉ាងហោចណាស់ ១គីឡូម៉ែត្រឡើងទៅ និងធ្វើគោចរក្នុងរង្វង់ ៥០លានគីឡូម៉ែត្រពីភពផែនដីបានប្រមាណ ៩៥%។ អ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងរួចទៅហើយក្នុងលទ្ធផលសិក្សា កាលពីប៉ុន្មានឆ្នាំមុន នោះគឺភពផែនដីយើងនេះ នឹងមានសុវត្ថិភាពពីអាចម៍ផ្កាយធំៗ ក្នុងអំលុងពេល ១០០ឆ្នាំទៅមុខ។ ដោយឡែកសម្រាប់លទ្ធផលសិក្សាថ្មីក្នុងឆ្នាំ ២០២៣ នេះវិញ គឺទោះបីជាអំលុង ១,០០០ឆ្នាំទៅមុខទៀត ក៏យើងនៅតែមានសុវត្ថិភាព

NEOs ដែលត្រូវបានរកឃើញគិតត្រឹមឆ្នាំ ២០២១ (រូបភាពពី NASA)
  • តើអាចម៍ផ្កាយមានមុខកាត់ត្រឹម «១គីឡូម៉ែត្រ» មានឥទ្ធិពលដល់កម្រិតណា?

យោងតាមស្ថាប័ន The Global Challenges Foundation របស់ស៊ុយអែត ដែលមានតួនាទីសិក្សា និងក្រើនរំលឹកអំពីលទ្ធភាព នៃការជួបគ្រោះមហន្តរាយរបស់សកលលោក បានបង្ហាញលទ្ធផលពិសោធន៍របស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះថា អាចម៍ផ្កាយមានមុខកាត់ត្រឹមតែ «១គីឡូម៉ែត្រ» មានអានុភាពបិទបញ្ចប់វត្តមានមនុស្សលោក នៅលើភពផែនដីនេះបាន ឬក៏អាចធ្វើឲ្យជីវៈចំរុះទាំងអស់លើភពបៃតងមួយនេះ រលំរលាយទៅព្រមៗគ្នាតែម្តង។

តាមក្រុមអ្នកវិទ្យាសាស្ត្រថា នៅក្នុងអាចម៍ផ្កាយមុខកាត់ ១គីឡូម៉ែត្រជាទូទៅ អាចផ្ទុកថាមពលខ្ទង់ ១០០,០០០ មេហ្គាតោន (megaton) ឬស្មើនឹងកម្លាំងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមរិកបានទម្លាប់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុននោះ រហូតដល់ទៅ ៦.៦លានដង (គ្រាប់បែកបរមាណូ១គ្រាប់ ដែលអាមេរិកទម្លាក់លើ Hiroshima ស្មើនឹងម្សៅជាតិផ្ទុះ TNT ១៥,០០០តោន)។

អង្គការ NASA ក៏បានរំលឹកផងដែរថា អាចម៍ផ្កាយមុខកាត់យ៉ាងហោចណាស់ ១គីឡូម៉ែត្រឡើងទៅ ត្រូវបានគេជឿជាក់ថា តែងវាយប្រហារភពផែនដី នៅក្នុងអំលុងពេល ៧០០,០០០ឆ្នាំម្តង ខណៈការវាយប្រហារដោយអាចម៍ផ្កាយ មានមុខកាត់ខ្ទង់ ៥គីឡូម៉ែត្រ ត្រូវបានគេរកឃើញថា បានកើតមានឡើងកាលពី ៣០លានឆ្នាំមុន

រូបតំណាងអាចម៍ផ្កាយ និងព្រះអាទិត្យ (រូបភាពពី NASA)
  • មនុស្សមួយចំនួនទំនងជានៅមានភាពងឿងឆ្ងល់ថា៖ អាចម៍ផ្កាយមានអង្កត់ផ្ចិតត្រឹម ១គីឡូម៉ែត្រសោះ តើអាចធ្លាក់ និងបង្កមហន្តរាយលើភពផែនដី ដែលមានអង្កត់ផ្ចិតរហូតដល់ទៅ ១២,៧៤២គីឡូម៉ែត្រនោះដោយរបៀបណា?

ចំពោះចំណុចនេះ ក៏ធ្លាប់មានការពន្យល់ដោយប្រយោលជាច្រើនរួចមកហើយដែរ។ យោងតាមការសិក្សា អាចម៍ផ្កាយមានមុខកាត់ត្រឹមតែ ១គីឡូម៉ែត្រ អាចធ្វើឲ្យផែនដីចុះត្រជាក់ខ្លាំង ព្រោះតែកម្ទេចធូលី និងឧស្ម័ន ដែលកើតចេញពីធ្លាក់បុកផ្ទៃផែនដីនោះ នឹងអណ្តែតទៅគ្របដណ្តប់ពាសពេញបរិយាកាស ផ្នែកខាងលើនេះរបស់ផែនដី ដែលនឹងបិទបាំងពន្លឺព្រះអាទិត្យមិនឲ្យចាំងមកលើផ្ទៃដី។ បើទោះបីជាជីវិតដែលសេសសល់ ក្រោយការបុកទង្គិចនោះក្តី ក៏មហន្តរាយនៃគ្រោះអត់ឃ្លាន បង្កឡើងដោយការងាប់ដំណាំ និងសត្វពាហន នឹងធ្វើឲ្យជីវិតមនុស្សលើផែនដីត្រូវរលំរលាយបន្តិចម្តងៗ៕

ប្រសិនបើអាចម៍ផ្កាយបុកផែនដី (រូបភាពពី BBC)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣)

480×240 Banner