ទើបរកឃើញ «ភពតឿ» ថ្មីមួយទៀត! ២៥,០០០ឆ្នាំ ទើបគោចរបាន១ជុំព្រះអាទិត្យ (មានវីដេអូ)

238

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិទើបតែបានប្រកាសចេញជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អំពីការរកឃើញភពមិនពេញលក្ខណៈ (dwarf planet) ឬដែលយើងនិយមហៅថា «ភពតឿ» ចំនួន១ថ្មីទៀតនៅតំបន់ចុងប្រព័ន្ធព្រះអាទិត្យយើង ហើយប្រការនេះបានធ្វើឲ្យចំនួនសមាជិកគ្រួសារភពតឿ កាន់តែកើនឡើង។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងជាបឋមដោយមជ្ឈមណ្ឌល Minor Planet នៃសហភាពតារាសាស្ត្រអន្តរជាតិ (IAU)

(ចុចទស្សនាវីដេអូក្នុងយូធូប Cambo Space Edu)

ភពតឿថ្មីខាងលើនេះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា 2017 OF201 ដែលមានរាងមូលគួរសម ហើយវាមានគន្លងគោចរជុំវិញព្រះអាទិត្យ ដោយស្ថិតនៅហួសគន្លងគោររបស់ភពណិបទូន (Neptune) ដែលជាភពចុងគេ (ភពទី៨) នោះទៅទៀត។ បើតាមក្រុមតារាវិទូ ភពតឿនេះមានគន្លងគោចររាងពងក្រពើបែបអូប្លង់ (oblong orbit) នៅក្នុងកម្រិតខ្លាំង ដោយប្រការនេះមានន័យថា ពេលមកកៀកព្រះអាទិត្យ គឺវាមកកៀកខ្លាំង តែបើទៅឆ្ងាយវិញគឺឆ្ងាយខ្លាំងដែរ។

គន្លងគោចរនៃ 2017 OF201 (Credit: Institute for Advanced Study)

ភព 2017 OF201 មានអង្កត់ផ្ចិតខ្ទង់ ៧០០km ដែលទំហំនេះគឺធំជាងភពតឿ Vesta ដែលស្ថិតនៅគន្លងគោចរចន្លោះភពព្រហស្បតិ៍ (Jupiter) និងភពអង្គារ (Mars) នោះទៅទៀត ខណៈ Vesta មានអង្កត់ផ្ចិតត្រឹមតែ ៥៣០km ប៉ុណ្ណោះ។ ការរកឃើញ 2017 OF201 ត្រូវបានធ្វើឡើងដោយប្រើប្រាស់តេឡេស្កូប Blanco នៅឈីលី (Chile) និងតេឡេស្កូប CanadaFrance-Hawaii នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក ដោយក្រុមតារាវិទូបានធ្វើការផ្តិតរូបភាពចំនួន ១៩ដំណាក់កាល នៅអំលុងពេលសរុប ៧ឆ្នាំ (គិតចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧)។

វត្តមានរបស់ 2017 OF201 ថតបានដោយតេឡេស្កូបពីលើផែនដី (Credit: Cheng et al.)

សម្រាប់ការគោចរបែប oblong orbit របស់ភពតឿ 2017 OF201 នោះវិញ គឺពេលវាមកកៀកព្រះអាទិត្យបំផុតមានគម្លាត ៤៥ AU ឬស្មើនឹងចម្ងាយរវាងផែនដី និងព្រះអាទិត្យ ១៥០លានkm គុណនឹង ៤៥ដង ខណៈពេលទៅឆ្ងាយបំផុតគឺ ១,៦០០ AU ឯណោះ។ ភពតឿនេះគោចរជុំវិញព្រះអាទិត្យ១ជុំ ប្រើពេលរហូតដល់ ២៥,០០០ឆ្នាំនៃភពផែនដី ខណៈភពភ្លូថូ ឬភ្លុយតុង (Pluto) ដែលមានចម្ងាយជាមធ្យម 39 AU ពីព្រះអាទិត្យនោះ ប្រើប្រាស់ពេលខ្ទង់ ២៤៨ឆ្នាំនៃផែនដី ដើម្បីគោចរជុំវិញព្រះអាទិត្យបាន១ជុំ។

គួរបញ្ជាក់ថា បើទោះបីជា 2017 OF201 មានឈ្មោះជា Dwarf Planet នឹងគេដែរមែន តែវានឹងមិនត្រូវចាត់បញ្ចូលក្នុងក្រុមភព Dwarf Planets ផ្លូវការនោះទេ។ មូលហេតុ គឺដោយសារតែវាមានអង្កត់ផ្ចិតខ្លីជាង ១,០០០km។ សម្រាប់ភពតឿផ្លូវការគិតត្រឹមឆ្នាំ២០២៥នេះ មានចំនួនតែ ប៉ុណ្ណោះគឺ ភ្លុយតុង (Pluto), អ៊ឺរីស (Eris), ម៉េកម៉េក (Makemake), ហូមៀ (Haumea) និងស៊ែរីស (Ceres)

ទើបរកឃើញ «ភពតឿ» ថ្មីមួយទៀត! ២៥,០០០ឆ្នាំ ទើបគោចរបាន១ជុំព្រះអាទិត្យ (មានវីដេអូ)
រូបតំណាងភពតឿ១នៅចុងប្រព័ន្ធព្រះអាទិត្យ (រូបភាពពីបរទេស)

យ៉ាងណាក៏ដោយ វត្តមានរបស់ 2017 OF201 គឺជាការប្រឆាំងចំពោះទ្រឹស្តីអំពីវត្តមានភពទី៩ (Planet 9) ព្រោះបើយោងលើការសិក្សាអំពីចលនា នៃវត្ថុអវកាសចុងប្រព័ន្ធព្រះអាទិត្យមួយចំនួន ដែលគេសង្ស័យថា កើតឡើងដោយសារវត្តមានដ៏សម្ងាត់នៃភពទីនោះ ភពតឿ 2017 OF201 មិនសមមានវត្តមាននៅក្នុងគន្លងគោចរបច្ចុប្បន្ននេះឡើយ ឬយើងអាចនិយាយបែបនេះវិញថា បើមាន Planet 9 មែន 2017 OF201 ប្រាកដជាត្រូវបានធាក់ចេញពីគន្លងនេះបាត់ទៅហើយ។ តែយ៉ាងណា ការសិក្សាបន្ថែមនៅតែត្រូវបន្តទៅមុខទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science (ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥)

480×240 Banner